ជប៉ុនរកឃើញករណីកើតជំងឺអុតស្វាដំបូងនៅទីក្រុងតូក្យូ

ជប៉ុនរកឃើញករណីកើតជំងឺអុតស្វាដំបូងនៅទីក្រុងតូក្យូ។

ក្រសួងសុខាភិបាលបានអោយដឹងបុរសម្នាក់អាយុជាង ៣០ ឆ្នាំនៅ Tokyo លទ្ធផលធ្វើតេស្តវិជ្ជមានកាលពីថ្ងៃច័ន្ទ បុរស​ម្នាក់​នេះទើបតែទៅបរទេស។

ក្រុមមន្ត្រីបាននិយាយថា គាត់ទៅមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ បន្ទាប់ពីឡើងកន្ទួល ក្តៅខ្លួនខ្លាំង ឈឺក្បាល និងអស់កម្លាំង។ គាត់​បាន​បង្ហាញ​រោគ​សញ្ញា​ទាំង​នេះ​តាំង​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា។

ក្រុមមន្ត្រីក៏បានអោយដឹងបុរសរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ Tokyo ក្រោមស្ថានភាពនឹងន។

ក្រសួង​មិន​បាន​បង្ហាញ​ពី​សញ្ជាតិ​របស់​អ្នក​ជំងឺ​នោះ​ទេ។

​បើ​តាមក្រុមមន្ត្រី បុរសម្នាក់នេះទៅ​អឺរ៉ុប​កាល​ពី​ចុង​ខែ​មិថុនា ហើយត្រឡប់ទៅប្រទេសជប៉ុនវិញនៅពាក់កណ្តាល​ខែ​កក្កដា។ សារ​ព័ត៌មាន​បានអោយដឹងថា គាត់បានប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​មេរោគអំឡុងពេលនៅអឺរ៉ុប។

ក្រសួងសុខាភិបាលកំពុងព្យាយាមកំណត់ប្រភពឆ្លង ហើយរកមើលថាមាននរណាប៉ះពាល់នឹងអ្នកជំងឺ​ឬ​អត់។

អភិបាលក្រុងតូក្យូអ្នកស្រី Koike Yuriko បាន​បញ្ជាក់​ពីករណី​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ។

អ្នកស្រី Koike បាននិយាយថា ភ្នាក់ងារសុខាភិបាលនៅទីក្រុងតូក្យូកំពុងសហការដើម្បីរាយការណ៍ករណីឆ្លងភ្លាមៗ​។ អ្នកស្រីនិយាយថា មិនចាំបាច់ព្រួយបារម្ភចំពោះមេរោគ​នេះពេកទេ ហើយជម្រុញឱ្យអ្នករាល់គ្នាលាងដៃ និងពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត ប្រសិនបើសង្ស័យថាឆ្លងជំងឺ។

ប្រភព៖ NHK

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: