ក្មេងអាយុ ៥ ឆ្នាំម្នាក់ប្រទះឃើញសត្វកណ្តូបពណ៌ផ្កាឈូកដោយសារទម្លាប់សង្កេតមើលស្មៅ

ប្អូន Kazutomo (អាយុ ៥ ឆ្នាំ) មកពី Okinawa បានប្រទះឃើញសត្វកណ្តូបពណ៌ផ្កាឈូកដ៏កម្រមួយក្បាលនៅចំណត​រថយន្ត​កន្លែងប្អូនរស់នៅកាលពីថ្ងៃទី ១១ ។ តាមផ្លូវត្រឡប់មកពីសាលារៀន ប្អូនប្រទះឃើញកណ្តូបចម្លែកនេះ ភ្លាមៗនោះក៏ទម្លាក់កាបូបចុះរត់ទៅចាប់វា។ ក្រោយមកប្អូនប្រគល់សត្វកណ្តូបទៅអោយមិត្តមត្តេយ្យ​ម្នាក់ដែលចូល​ចិត្ត​សត្វ​ល្អិត។

សត្វកណ្តូបមានប្រវែងប្រហែលពី ៥ ទៅ ៦ សង់ទីម៉ែត្រ ក្រៅពីពណ៌ចម្លែក រូបរាងវាគ្មានអ្វីខុសពីធម្មតាឡើយ។ ប្អូន Kazutomo បាននិយាយថាវាបាត់ជើងខាងឆ្វេងពេលប្អូនប្រទះឃើញ។

Toshio Shimizu សាស្ត្រាចារ្យរងមហាវិទ្យាល័យកសិកម្មខេត្ត Chiba បាននិយាយថា “នោះជាកូនកណ្តូបតូច” ។

ជាទូទៅសត្វកណ្តូបមានពណ៌បៃតង តែពេលខ្លះក៏មានពណ៌កម្រ ដែលជាមូលហេតុ​មានសត្វកណ្តូបពណ៌ផ្កាឈូក។ ដោយសារមានពណ៌ទាក់ទាញ​ខុស​គេ​ក្នុង​ធម្មជាតិ សត្វបែបនេះតែងតែត្រូវសត្រូវសុីសាច់។ ហេតុដូច្នេះហើយ ទោះ​បីជា​សត្វកណ្តូបត្រូវគេប្រទះឃើញនៅមានជីវិត ប្រហែលជាជើងរបស់វាត្រូវសត្វល្អិតផ្សេងសុី។ សាស្ត្រាចារ្យ Shimizu ជាអ្នករកឃើញសត្វល្អិតច្រើនប្រភេទរហូតមកទល់ពេលនេះ ប៉ុន្តែមិនធ្លាប់ឃើញកណ្តូបពណ៌ផ្កាឈូកទេ។ ដូច្នេះសាស្ត្រា​ចារ្យ Shimizu ចាត់ទុកថានេះជាបទពិសោធន៍គួរអោយចាប់អារម្មណ៍។

“នោះជាសំណាង”

ប្អូន Kazutomo មានទម្លាប់ពិសេសមួយ បន្ទាប់ពីចេញពីសាលា ប្អូនឡើងឡានរបស់ម្តាយដើម្បីត្រឡប់ទៅផ្ទះ។ នៅ​ពេល​ទៅ​ដល់​ចំណតឡាន​គ្រួសារ ប្អូនតែងតែរកមើលសត្វល្អិតក្នុងគុមស្មៅ។ រាល់ពេលរកឃើញអ្វីដែលពិសេស ប្អូនតែងដាក់​ចូល​ទ្រុង​ដែលមានស្រាប់ក្នុងឡានយក​ទៅ​ផ្ទះ។

រឿងនេះក៏កើតឡើងពីទម្លាប់ប្រចាំថ្ងៃដែរ។ ធម្មតាប្អូនមិនត្រឹម​តែចាប់កណ្តូបប៉ុណ្ណោះទេ ថែមទាំងចាប់កណ្តូបសេះ រៃ ដង្កូវដែលកំពុងលូតលាស់ផងដែរ។ ប្អូនយកដង្កូវទៅវិញដើម្បីសង្កេតមើលវាប្រែទៅជាមេអំបៅ។ ឪពុករបស់ប្អូន​បាន​និយាយ​ថា ប្អូនចូលចិត្តអង្អែលសត្វដែលខ្លួនចាប់បាន ដោយសរសើរថា “គួរ​ឱ្យ​ស្រលាញ់” ហើយថែមទាំងលេងជា​មួយ​ពួក​វា​ទៀត​ផង។

មិនថាចំណូលចិត្ត និងទម្លាប់ចម្លែកយ៉ាងណាក៏នឹងនាំយើងទៅរកអ្វីម្យ៉ាងដែលគួរឱ្យចាប់អារម្មណ៍។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: