ប្រកាសអាសន្នកម្រិតខ្ពស់បំផុតបន្ទាប់ពីបន្ទុះភ្នំភ្លើង Sakurajima ផ្ទុះ
បើតាមប្រភពព័ត៌មានពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានអោយដឹងភ្នំភ្លើង Sakurajima ខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន ចាប់ផ្តើមផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ទី ២៤ ខែកក្កដា វេលាម៉ោង ៨ យប់ (ម៉ោងក្នុងតំបន់) បណ្តាលអោយផេះ និងថ្មភ្នំភ្លើងខ្ទាតចេញ ដែលជម្រុញអោយអាជ្ញាធរក្នុងតំបន់ចេញបញ្ជាជម្លៀសដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន។ បច្ចុប្បន្នក្រុមមន្ត្រីនៅតែតាមដានភ្នំភ្លើងដែលសកម្មបំផុតក្នុងប្រទេសជប៉ុន។
ទីភ្នាក់ងារឧតុនិយមជប៉ុនមិនបានព្យាករណ៍ថា ភ្នំភ្លើង Sakurajima នឹងបង្កឱ្យមានការផ្ទុះមួយទៀតនោះទេ។ ទោះជាយ៉ាងណា ទីភ្នាក់ងារបានដំឡើងកម្រិតប្រកាសអាសន្នដល់កម្រិត ៥ ដែលជាកម្រិតខ្ពស់បំផុត។ នេះជាលើកទីមួយហើយដែលកម្រិតប្រកាសអាសន្នកម្រិត ៥ ត្រូវបានដាក់ចេញចំពោះភ្នំភ្លើង Sakurajima បន្ទាប់ពីប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៧ ។
ករណីបន្ទុះខាងលើបានបណ្តាលឱ្យដុំថ្មភ្នំភ្លើងធំៗធ្លាក់ចុះចម្ងាយ ២,៥ គីឡូម៉ែត្រ។ មិនមានរបាយការណ៍ស្តីពីការខូចខាត ឬមនុស្សរងរបួសឡើយ។ ទោះបីជាយ៉ាងនេះក្តី អាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជនរាប់សិបនាក់នៅទីក្រុងពីរជិតនោះ។
លោក Nakatsuji Tsuyoshi មន្ត្រីទីភ្នាក់ងារខាងលើបាននិយាយថា “សកម្មភាពភ្នំភ្លើង Sakurajima កាន់តែខ្លាំងឡើងៗ។ ប្រជាជនក្នុងតំបន់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យថ្មភ្នំភ្លើងធំៗធ្លាក់នៅក្បែរនោះ” ។
ប្រភព៖ NHK