ក្រុមជំនួយមនុស្សដែលមិនព្រមសេពគប់អ្នកណាសោះប្រើប្រាស់ “បន្ទប់និម្មិត” ដើម្បីជជែកជាមួយ Hikikomori
Hikkikomori សំដៅលើអ្នកដែលលាក់ខ្លួនក្នុងបន្ទប់មិនទាក់ទងនឹងមនុស្សនៅជុំវិញ។ ស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗនៅពេលដែលអាណាព្យាបាលចាស់ ប៉ុន្តែកូនរបស់ពួកគេនៅតែមិនព្រមចេញទៅក្រៅ។
ក្រុមមួយនៅ Osaka មានឈ្មោះថា JACFA ប្ដេជ្ញាចិត្តជួយមនុស្សទាំងនេះចូលរួមសង្គមឡើងវិញ ភារកិច្ចរបស់ពួកគេមិនងាយស្រួលនោះទេ។ អង្គការបានអោយដឹងថា ៨០% អ្នកដែលទាក់ទងជាមួយពួកគេជាឪពុកម្តាយរបស់ Hikkikomori មិនមែនបុគ្គលទាំងនោះឡើយ។ ការណាត់ជួបក៏ពិបាកណាស់ដែរ ហើយភាគច្រើនបញ្ចប់ដោយ Hikkikomori បិទទ្វារនៅចំពោះមុខពួកគេ។
ដើម្បីដោះស្រាយបញ្ហានេះ JACFA បានសាកល្បងវិធីចូលទៅជិតពួកគេផ្សេងទៀត ដោយបង្កើត “បន្ទប់ជំនួយនិម្មិត” ដែលជាមជ្ឈមណ្ឌលជំនួយនៅលើវេទិកា Metaverse ។
ថ្វីត្បិតតែគំនិតនេះថ្មីស្រឡាង ហើយមើលទៅល្អ ប៉ុន្តែក្រុមមិនប្រាកដថាបុគ្គលទាំងនោះនឹងឆ្លើយតបឡើយ។ ទោះជាយ៉ាងណា Hikkikomori មិនត្រឹមតែចូលរួមប៉ុណ្ណោះទេ JACFA ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេព្រមប្រើប្រាស់បន្ទប់និម្មិតនេះ។
ក្នុងអំឡុងពេលដំណើរការសាកល្បងកាលថ្ងៃទី ១៣ ខែកក្កដា “កិច្ចប្រជុំផ្លាស់ប្តូរ” មួយត្រូវបានធ្វើឡើងដោយមានអ្នកចូលរួម ២០ នាក់រួមទាំងបុគ្គលិកអង្គការ និង Hikkikomori ។ ក្នុងបរិយាកាសនិម្មិត អ្នកដែលមិនសេពគប់អ្នកណាសោះបើកចំហចិត្តចំពោះបុគ្គលិក។ ពួកគេណែនាំខ្លួនដោយឈ្មោះហៅក្រៅ និងចូលរួមសកម្មភាពរួមគ្នាដូចជាឆ្លើយសំណួរជាដើម។ បុគ្គលចូលរួមបាននិយាយថា ពួកគេមានអារម្មណ៍ល្អពេលប្រាស្រ័យទាក់ទងដោយ avatar អាចនិយាយច្រើនជាងមុន និងមិនមានអារម្មណ៍មិនស្រួលដូចពេលជួបមុខផ្ទាល់នោះទេ។
ជាការពិតណាស់ ត្រូវចំណាយពេលយូររហូតទាល់តែអ្នកទាំងនេះចូលរួមក្នុងសង្គមឡើងវិញ។ ទោះជាយ៉ាងណា ច្បាស់ណាស់បន្ទប់និម្មិតបានផ្តល់ឱកាសឱ្យពួកគេទំនាក់ទំនងជាមួយមនុស្សពិត។ ដោយពង្រីកទំនាក់ទំនង ក្រុមជំនួយនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីនាំ Hikkikomori ចេញពីបន្ទប់របស់ពួកគេ។
ទន្ទឹមនឹងនេះ ការអប់រំ និងបណ្តុះបណ្តាលក៏អាចធ្វើឡើងនៅលើវេទិកា Metaverse ដែលជួយអោយ JACFA សម្រេចបាននូវគោលដៅចុងក្រោយជួយ Hikkikomori ស្វែងរកការងារ ផ្គង់ផ្គង់ជីវភាពផ្ទាល់ខ្លួន។
ដោយផ្អែកលើលទ្ធផលព្រឹត្តិការណ៍សាកល្បង ក្រុមសង្ឃឹមថាកម្មវិធីពេញលេញនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
Sacchan