លោក Shirota Minoru អ្នកផ្តួចផ្តើមគំនិតផលិត Yakult ដែលជាភេសជ្ជៈដ៏ល្បីរបស់ជប៉ុន
ថ្ងៃនេះយើងនឹងស្វែងយល់រឿងមួយដែលជាការបំផុសគំនិតសម្រាប់លោក Shirota Minora ផ្តើមផលិតភេសជ្ជៈល្បីរបស់ជប៉ុនគឺ Yakult ។
នៅពេលដើរចូលហាងលក់ទំនិញជប៉ុន អ្នកប្រាកដជាមើលឃើញដប Yakult តូចតម្រៀបជាជួរ។ នេះជាភេសជ្ជៈផ្ទុក probiotic ល្អចំពោះសុខភាព ល្បីឈ្មោះ និងត្រូវបានពិភពលោកស្គាល់។ ប៉ុន្តែនៅពីក្រោយភាពជោគជ័យរបស់ Yakult ជារឿងដ៏សោកសៅនៃការផ្តួចផ្តើមផលិតរបស់លោក Shirota Minoru ។
ដើមឡើយលោក Shirota Minora ជាយុវជនម្នាក់ដែលធំឡើងក្នុងគ្រួសារអ្នកមាន ប៉ុន្តែបែរជាអាណិតអាសូរយ៉ាងខ្លាំងចំពោះភាពក្រីក្រ។ លោកកើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៨៩៩ នៅ Iida, Nagano ដែលជាកូនប្រុសទីបីក្នុងគ្រួសារមានបងប្អូន ៧ នាក់ ឪពុករបស់គាត់ជាអ្នកជំនួញក្នុងស្រុក។ ទោះបីជាគ្រួសារ Shirota ត្រូវចាត់ទុកថាមាន ប៉ុន្តែគ្រួសារដែលនៅជុំវិញពួកគេក្រីក្រយ៉ាងខ្លាំង។
នៅពេលនោះប្រទេសជប៉ុនទាំងមូលមិនអាចប្រមូលផល សុខភាពប្រជាជនធ្លាក់ចុះ។ ជំងឺឆ្លងដូចជាជំងឺរាគរូស គ្រាន់ក្តៅរាតត្បាត។ ខណៈពេលនោះលោក Shirota មើលឃើញមិត្តភក្តិជិតខាងជាច្រើនឈឺធ្ងន់ ខ្លះទៀតបាត់បង់ជីវិត។ ម្យ៉ាងវិញទៀត លោក Shirota យល់អំពីភាពឈឺចាប់នៃជំងឺ និងភាពក្រីក្រ។ លោកប្តេជ្ញាថានឹងក្លាយជាវេជ្ជបណ្ឌិត ដើម្បីសង្គ្រោះអ្នកដែលមានស្ថានភាពដូចមិត្តភ័ក្តិរបស់គាត់។
ចាប់តាំងពីពេលនោះមក លោក Shirota ផ្តោតលើការស្រាវជ្រាវថ្នាំបង្ការ។ នៅឆ្នាំ ១៩១៨ គាត់បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Tohoku ។ ក្នុងឆ្នាំ ១៩២១ កាលអាយុ ២២ ឆ្នាំ លោកចូលរៀនមហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យរាជវង្ស Kyoto (សព្វថ្ងៃនេះជាសាកលវិទ្យាល័យ Kyoto) ចាប់ផ្តើមស្រាវជ្រាវមីក្រូជីវវិទ្យានៅទីនេះ។
លោក Shirota ផ្តោតលើការស្រាវជ្រាវមីក្រូជីវសាស្រ្តក្រពះពោះវៀន។ ប្រភពបំផុសគំនិតរបស់គាត់មកពីស្នាដៃរបស់ជីវវិទូ Elie Metchnikov ។ ម្នាក់ក្នុងចំណោមជនជាតិ Bulgaria តែងតែផឹកទឹកដោះគោដែលមានជាតិ fermented ជួយអោយអាយុវែង។
របកគំហើញធំបំផុតរបស់លោក Shirota ប៉ុន្មានឆ្នាំស្រាវជ្រាវដំបូងគាត់រកឃើញអត្ថប្រយោជន៍របស់បាក់តេរី axit lactic ក្នុងពោះវៀន និងសមត្ថភាពការពារបាក់តេរីដែលបង្កគ្រោះថ្នាក់។ លោកយល់ថាគួរតែបង្កើនប្រភេទបាក់តេរីនេះដូចជាអាហារបំប៉នដើម្បីកែលម្អសុខភាពពោះវៀន។
ជាទូទៅភាគច្រើនបាក់តេរី bifidobacteria ត្រូវបំផ្លាញមុនពេលទៅដល់ពោះវៀន។ ប៉ុន្តែក្នុងឆ្នាំ ១៩៣០ លោក Shirota ទទួលបានជោគជ័យក្នុងការញែកប្រភេទបាក់តេរីមានប្រយោជន៍ពិសេសរបស់ lactobacillus casei ដែលអាចរស់បានក្នុងទឹកក្រពះ។ ប្រភេទនេះគេហៅថា Lactobacillus casei Shirota ឬ “ប្រភេទ Shirota” (シロタ株) នាំមកនូវអត្ថប្រយោជន៍មួយចំនួន ដូចជាជួយរំលាយអាហារកាន់តែល្អ បាក់តេរីដែលបង្កគ្រោះថ្នាក់តិចជាងមុន និងពោះវៀនមានសុខភាពល្អ។ ក្នុងពេលជាមួយគ្នានោះ លោក Shirota ទទួលបានសញ្ញាប័ត្រផ្នែកវេជ្ជសាស្ត្រ ហើយបានក្លាយជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យរាជវង្ស Kyoto ។
ដើមកំណើតរបស់ Yakult
លោក Shirota ជឿជាក់យ៉ាងមុតមាំថាគន្លឹះនៃសុខភាពគឺ “មិនមែនដើម្បីព្យាបាលជម្ងឺនោះទេ ប៉ុន្តែការពារកុំអោយកើតជំងឺ”។ ហេតុដូច្នេះ គាត់ចង់ផលិតអាហារបំប៉នដែលអាចផ្គត់ផ្គង់ប្រភេទ Shirota ទៅមនុស្សបានច្រើនតាមដែលអាចធ្វើទៅបានក្រោមទម្រង់ប្រើប្រាស់បាន។ លោក Shirota ជឿជាក់ថា មនុស្សគ្រប់រូបត្រូវការសុខភាព មិនថាឋានៈរបស់ពួកគេមាន ឬក្រយ៉ាងណាឡើយ។
តាំងពីពេលនោះលោក Shirota បន្តស្រាវជ្រាវ ហើយនៅទីបំផុតផលិត Yakult ជាភេសជ្ជៈដែលមានជាតិ fermented ផ្ទុកប្រភេទ Shirota រាប់ពាន់លាន។
វេជ្ជបណ្ឌិត Shirota ចាប់ផ្តើមទីផ្សារ Yakult ក្នុងឆ្នាំ ១៩៣៥ ដោយចែកដបនីមួយៗដល់អ្នកជំងឺក្នុងតំបន់របស់ខ្លួន។ មិនយូរប៉ុន្មានផលិតផលពេញនិយម ហើយតម្រូវការកើនឡើងយ៉ាងខ្លាំង។ ដូច្នេះលោក Shirota ជួលក្រុមអ្នកលក់នៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ភេសជ្ជៈ និងព័ត៌មានភេសជ្ជៈដល់អតិថិជនសក្តានុពល។ អាជីវកម្មរីកចម្រើនតាមបែបចលនាមូលដ្ឋាន លក់ក្នុងតម្លៃ ៥ យ៉េន ឬដូចដែលលោក Shirota បាននិយាយថា “ស្មើតម្លៃកាតប៉ុស្តាល់ ឬបារីមួយដើម” ។
នៅទីបំផុត សកម្មភាពអាជីវកម្មពង្រីកមិនត្រឹមតែទូទាំងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេសទៀតផង មានជាង ៥០០ សាខានៅទូទាំងពិភពលោក។ លោក Shirota បានបង្កើតទីស្នាក់ការកណ្តាល Yakult ក្នុងឆ្នាំ ១៩៥៥ នៅទីក្រុងតូក្យូ ហើយក្នុងពេលជាមួយគ្នានេះកាន់តំណែងជាប្រធាន និងនាយកវិទ្យាស្ថានស្រាវជ្រាវ។
នារី Yakult
ក្នុងអំឡុងពេលសង្រ្គាម លោក Shirota បានបង្កើតវិធីសាស្រ្តផ្សេងដើម្បីផ្សព្វផ្សាយ Yakult នៅទូទាំងប្រទេសជប៉ុន។ ដើម្បីបន្តដំណើរការអាជីវកម្ម គាត់ត្រូវធានាថាផលិតផលដល់ដៃអ្នករាល់គ្នា ទាន់ពេលវេលា និងមិនថាលក្ខខណ្ឌអាកាសធាតុយ៉ាងណា។ សំណើនេះតម្រូវឱ្យបុគ្គលិករបស់គាត់ត្រូវមានភាពអត់ធ្មត់ ម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួន។ តើនរណាអាចឆ្លើយតបតម្រូវការនេះបានល្អជាងស្ត្រីមេផ្ទះ?
នេះជាវីដេអូបង្ហាញពីនារី Yakult សម័យទំនើប។
តែងតែតាមទាន់សម័យកាល
Yakult ជាផលិតផលដែលតែងតែតាមទាន់សម័យ តែងតែដាក់ចេញទម្រង់ថ្មីដើម្បីបំពេញតម្រូវការទីផ្សារ និងសុខភាព។ ផលិតផលថ្មីបំផុតគឺ Yakult ១០០០ ចេញលក់កាលពីខែមេសាឆ្នាំមុន ដែលមានផ្ទុក ១០០ ពាន់លាន Shirota ។ សូម្បីតែ Yakult ក៏ឆ្លងកាត់ការផ្លាស់ប្តូរជាបន្តបន្ទាប់។
ដើមឡើយ Yakult ត្រូវបានផលិតក្នុងដបកែវ។ យ៉ាងណាមិញ ដោយសារតម្លៃផលិតកើនឡើង ព្រមទាំងគិតពីទម្ងន់ផលិតផលដែលនារី Yakult ត្រូវកាន់ លោក Shirota ប្តូរទៅប្រើដបជ័រតូច ស្រាល និងថោកជាងមុន។ ការរចនាសព្វថ្ងៃជាគំនិតថ្មីដែលផ្តើមចេញនៅពេលនោះ ដបតូចល្មមនឹងបាតដៃ ងាយស្រួលសម្រាប់កុមារតូចៗ និងមនុស្សចាស់ដែលកាន់មិនបាន។ សម្ភារៈ polystyrene មានអនាម័យ និងសុវត្ថិភាពខ្ពស់ គម្របបន្ទះអាលុយមីញ៉ូមអនុញ្ញាតឱ្យខ្យល់ចូល ដូច្នេះដំណើរការ fermentation មិនត្រូវរំខាន។ ទំហំតូចត្រឹម ៦៥ មីលីលីត្រក៏ជាបរិមាណសុវត្តិភាពផងដែរ។
លទ្ធិ Shirota និងវប្បធម៌អាជីវកម្មរបស់ Yakult
វេជ្ជបណ្ឌិត Minoru Shirota បានស្នើគំនិតសំខាន់ៗជាច្រើនផ្នែកថ្នាំបង្ការអំឡុងពេលស្រាវជ្រាវរបស់ខ្លួន។ គំនិតទាំងនេះបង្កើតជា Yakult ដែលគេហៅរួមថា “លទ្ធិ Shirota” ជាមួយនឹងគោលគំនិតសំខាន់ៗចំនួនបី៖
- ថ្នាំគួរតែប្រើជាមធ្យោបាយការពារជំងឺជាជាងព្យាបាលជំងឺ
- ពោះវៀនមានសុខភាពល្អជួយឱ្យអ្នកមានអាយុវែង
- មនុស្សគ្រប់រូបអាចមានសុខភាពល្អ មិនថាអ្នកមាន ឬក្រ
លទ្ធិ Shirota ក៏បង្កើតជាវប្បធម៌អាជីវកម្មរបស់សាជីវកម្មផងដែរ។ Matsumoto Masatoshi ប្រធានផ្នែកធនធានមនុស្សរបស់ Yakult បាននិយាយថា “ខ្ញុំជឿថា ដោយសារបុគ្គលិកទាំងអស់នៅទីនេះយល់ច្បាស់អំពីលទ្ធិ Shirota យើងអាចបង្កើតវប្បធម៌អាជីវកម្ម ជាកន្លែងដែលមនុស្សគ្រប់គ្នាអាចធ្វើការដោយសន្តិភាព” ។
រឿងរបស់លោក Shirota Minoru
លោក Minoru Shirota ទទួលមរណភាពនៅឆ្នាំ ១៩៨២ ជន្មាយុ ៨២ បន្ទាប់ពីបានសម្រេចគោលដៅ និងការតាំងចិត្តជាច្រើនទសវត្សរ៍របស់ខ្លួន។ Yakult មានវត្តមានជាង ៣០ ប្រទេស ថែមទាំងមានសារមន្ទីររំលឹកដល់លោក Shirota ក្នុងវិទ្យាស្ថានស្រាវជ្រាវកណ្តាលរបស់ Yakult នៅទីក្រុង Kunitachi, Tokyo ។ សាជីវកម្ម Yakult និងវិទ្យាស្ថានស្រាវជ្រាវនេះកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាថ្មី សម្លឹងមើលទៅអនាគត ប៉ុន្តែនៅតែធ្វើតាមលទ្ធិ Shirota ជាគោលការណ៍ណែនាំរហូតទៅ។
Sacchan