ពិធីកាន់ទុក្ខជាតិសម្រាប់លោក Shinzo Abe គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា “អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ត្រូវបានសហគមន៍អន្តរជាតិ រួមទាំងថ្នាក់ដឹកនាំបរទេសកោតសរសើរយ៉ាងខ្លាំង។ សារចូលរួមចែករំលែកទុក្ខមរណភាពរបស់លោកផ្ញើមកពីក្នុងប្រទេស និងក្រៅប្រទេស។ ដោយសារមូលហេតុនេះយើងនឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រី Abe នាដូវស្លឹកឈើជ្រុះ” ។
រដ្ឋាភិបាលជប៉ុនកំពុងបញ្ចប់ការរៀបចំដើម្បីប្រារព្ធពិធីកាន់ទុក្ខជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៧ ខែកញ្ញា នៅ Nippon Budokan ទីក្រុងតូក្យូ។
រូបភាព Reuters
លោក Abe ត្រូវបាញ់សម្លាប់នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃទី ៨ ខែកក្កដា ខណៈពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការសម្រាប់បេក្ខជនក្នុងការបោះឆ្នោតព្រឹទ្ធសភា។
លោកនាយករដ្ឋមន្ត្រី Kishida Fumio បានប្រកាសថា រដ្ឋាភិបាលនឹងប្រារព្ធពិធីកាន់ទុក្ខជាតិសម្រាប់លោក Abe នៅរដូវស្លឹកឈើជ្រុះ។
លោក Kishida បានលើកឡើងពីសមិទ្ធផលរបស់លោក Abe ចំពោះនយោបាយក្នុងស្រុក និងការទូត ដែលជាមូលហេតុប្រារព្ធពិធីបុណ្យសពដែលរដ្ឋនឹងចំណាយ។
ព័ត៌មានលម្អិតចំពោះពិធីបុណ្យនឹងសម្រេចដោយផ្អែកលើបំណងរបស់គ្រួសារលោក Abe និងកាលវិភាគការទូត។
រដ្ឋាភិបាលនឹងពិគ្រោះជាមួយគណបក្សកាន់អំណាច បន្ទាប់មកនឹងស្នើទៅគណៈរដ្ឋមន្ត្រីអនុម័តលើការរៀបចំពិធីកាន់ទុក្ខជាតិ។
លោក Abe នឹងក្លាយជាអតីតនាយករដ្ឋមន្ត្រីជប៉ុនទីពីរដែលត្រូវបានប្រារព្ធពិធីកាន់ទុក្ខជាតិចាប់តាំងពីសង្គ្រាមលោកលើកទី ២។ មុននោះគឺអតីតនាយករដ្ឋមន្ត្រី Yoshida Shigeru ដែលបានទទួលមរណភាពក្នុងឆ្នាំ ១៩៦៧ ។
សមាជិកសភាបក្សប្រឆាំងមួយចំនួនបានជំទាស់ប្រារព្ធពិធីកាន់ទុក្ខជាតិសម្រាប់លោក Abe ហើយសម្តែងការព្រួយបារម្ភចំពោះរឿងនេះ។
រដ្ឋាភិបាលនឹងពន្យល់បន្ថែមដល់ប្រជាជនពីមូលហេតុរដ្ឋាភិបាលយល់ថាគួរប្រារព្ធពិធីកាន់ទុក្ខជាតិសម្រាប់លោក Abe ។
ប្រភព៖ NHK