ប៉ូលិស Yamaguchi បង្កើនការយាមល្បាតស្វែងរកស្វាដែលធ្វើអោយអ្នកស្រុក ១៤ នាក់រងរបួស
ប៉ូលិសនៅទីក្រុងភាគខាងលិចប្រទេសជប៉ុនកំពុងតាមដានសត្វស្វាមួយក្បាល ដែលបានធ្វើអោយអ្នកស្រុកចំនួន ១៤ នាក់រងរបួសក្នុងរយៈពេល ១០ ថ្ងៃ។
ករណីដំបូងសត្វស្វាបានវាយប្រហារទារកបណ្តាលអោយរបួសស្រាល។ ម្តាយរបស់ក្មេងរៀបរាបថា “ខ្ញុំកំពុងបូមធូលីស្រាប់តែឮសម្លេងកូនយំ ខ្ញុំត្រឡប់ទៅមើលឃើញស្វាកំពុងចាប់ជើងកូន ហើយព្យាយាមទាញកូនរបស់ខ្ញុំចេញ” ។
សត្វស្វាក៏ត្រូវគេរាយការណ៍ថាចូលបន្ទប់សាលាមត្តេយ្យមួយ ក្រញៅម្រាមជើងខាងឆ្វេងរបស់ក្មេងស្រីម្នាក់កាលពីថ្ងៃទី ១៤ ខែកក្កដា។ នៅថ្ងៃទី ១៥ សរុបមាន ៤ ករណីសត្វស្វាវាយប្រហារធ្វើឱ្យមនុស្សរងរបួស។ ក្នុងនោះស្រ្តីអាយុប្រហែល ៣០ ឆ្នាំម្នាក់កំពុងហាលខោអាវនៅយ៉ជាន់ទី ២ ផ្ទះរបស់នាងត្រូវស្វាខាំខ្នង ដៃខាងស្តាំ និងភ្លៅខាងស្តាំ។
ស្វានេះក៏បានបើកទ្វារផ្ទះល្វែងមួយក្នុងសង្កាត់ Ogorishinmachi វេលាម៉ោងប្រហែល ៦ៈ៥០ នាទីព្រឹកថ្ងៃទី ១៧ ខែកក្កដា។ វាក្រញៅជើងកុមារីអាយុ ៤ ឆ្នាំម្នាក់ក្នុងបន្ទប់បណ្តាលឱ្យប្អូនរបួសស្រាល។ ស្វានេះក៏បានវាយប្រហារមនុស្ស ៥ នាក់ផ្សេងទៀតដែលនៅក្បែរនោះ ខាំរាងកាយរបស់ពួកគេដូចជាក និងពោះ។
នេះបើតាមព័ត៌មានពីប៉ុស្តិ៍ប៉ូលិស Yamaguchi Minami មនុស្សជាបន្តបន្ទាប់ត្រូវស្វាក្រញៅ ឬខាំក្នុងតំបន់ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៧ ខែកក្កដា ចំនួនជនរងគ្រោះ ១៤ នាក់។ ប៉ូលិសកំពុងផ្តោតលើការដើរល្បាតនៅកន្លែងដែលមនុស្សប្រទះឃើញសត្វស្វា។
Sacchan