ជប៉ុនមិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែក្រុមហ៊ុន Nintendo ទទួលស្គាល់
ជាក់ស្តែង ក្រុមហ៊ុន Nintendo ជប៉ុនអនុញ្ញាតឱ្យគូស្នេហ៍ស្រលាញ់ភេទដូចគ្នាក្នុងក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍មួយចំនួនដូចជាអាពាហ៍ពិពាហ៍ភេទផ្ទុយគ្នា។
ថ្មីៗនេះក្រុមហ៊ុន Nintendo បានធ្វើបច្ចុប្បន្នភាពចំពោះគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន។ ទោះបីនេះមិនមែនជារឿងថ្មីសម្រាប់អ្នកគាំទ្រក៏ដោយ ប៉ុន្តែការធ្វើបច្ចុប្បន្នភាពលើកនេះមានចំណុចលេចធ្លោមួយ។
ក្នុងផ្នែក “ប្រព័ន្ធភាពជាដៃគូ” ក្រុមហ៊ុន Nintendo បានប្រកាសចាប់ពីខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុនមានគោលការណ៍សម្រាប់ “គូស្នេហ៍ស្រលាញ់ភេទដូចគ្នា” ក្នុងក្រុមហ៊ុនទទួលបាន “អត្ថប្រយោជន៍ដូចជាអាពាហ៍ពិពាហ៍ភេទផ្ទុយគ្នា” ។
ថ្វីត្បិតតែមានការខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងអំឡុងប៉ុន្មានឆ្នាំថ្មីៗនេះចំពោះបញ្ហាអាពាហ៍ពិពាហ៍ភេទដូចគ្នា ទើបតែប៉ុន្មានសប្តាហ៍មុន តុលាការជប៉ុនប្រកាសបន្តការហាមឃាត់ចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយលើកហេតុផលថាការហាមឃាត់នេះមិនស្របតាមរដ្ឋធម្មនុញ្ញ។ ក្នុងករណីបណ្តឹងនៅ Osaka សេចក្តីសម្រេចត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនា ដោយបញ្ជាក់ថា “ក្នុងរដ្ឋធម្មនុញ្ញ និយមន័យអាពាហ៍ពិពាហ៍មិនបើកចំហរចំពោះបុគ្គលស្រលាញ់ភេទដូចគ្នាទេ” ។
ទោះជាយ៉ាងណា ប្រព័ន្ធនៃក្រុមហ៊ុន Nintendo កំពុងទទួលស្គាល់ផ្ទុយមកវិញ។
នៅក្រុមហ៊ុន Nintendo យើងចង់បង្កើតបរិយាកាសការងារដែលគាំទ្រ និងផ្តល់សិទ្ធិដល់បុគ្គលិកម្នាក់ៗ។
យើងបានណែនាំប្រព័ន្ធភាពជាដៃគូកាលពីខែមីនាឆ្នាំ ២០២១ ដូចជាគំនិតផ្តួចផ្តើមផ្អែកលើទស្សនវិជ្ជានេះ។ បច្ចុប្បន្នទោះអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនត្រូវបានទទួលស្គាល់តាមច្បាប់របស់ជប៉ុន ប្រព័ន្ធនេះធានាថាបុគ្គលិកដែលមានដៃគូស្រលាញ់ភេទដូចគ្នាក្នុងស្រុកមានសិទ្ធិដូចបុគ្គលិកស្រឡាញ់ភេទផ្ទុយគ្នាដែលបានរៀបការ។
ក្នុងក្រមសីលធម៌សម្រាប់បុគ្គលិកក្រុមហ៊ុន Nintendo មានបទប្បញ្ញតិ្ត “យើងមិនរើសអើងដោយផ្អែកលើពូជសាសន៍ ជាតិសាសន៍ សញ្ជាតិ មនោគមវិជ្ជា សាសនា ជំនឿ ប្រភពដើម ឋានៈសង្គម វណ្ណៈ មុខរបរ ភេទ អាយុ ពិការភាព ទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រ” សរុបទៅពួកគេហាមឃាត់រាល់ការរើសអើង។
ក្រៅពីណែនាំប្រព័ន្ធភាពជាដៃគូ ក្រុមហ៊ុន Nintendo ក៏បានកែប្រែបទប្បញ្ញត្តិចំពោះទង្វើបៀតបៀន ដើម្បីហាមឃាត់ការបញ្ចេញមតិរើសអើងដោយផ្អែកលើទំនោរផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រ ក៏ដូចជាការបង្ហាញពីទំនោរផ្លូវភេទឯកជនរបស់នរណាម្នាក់ផ្ទុយនឹងឆន្ទៈរបស់ពួកគេ។
ជាមួយនឹងការណែនាំប្រព័ន្ធភាពជាដៃគូនៅប្រទេសជប៉ុន ក្រុមហ៊ុន Nintendo បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនចំពោះបញ្ហាចម្រុះផ្នែកយេនឌ័រ ជាមួយនឹងសារមកពីប្រធានដូចជាមធ្យោបាយលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យនៃភាពចម្រុះ។ ក្នុងសារនេះ លោកប្រធានបានជំរុញឱ្យបុគ្គលិកទាំងអស់ប្រកាន់យកនូវការយល់ដឹងថ្មី ទាំងពាក្យសម្តី និងសកម្មភាពគ្មានបំណងបង្កគ្រោះថ្នាក់ ហើយអាចបណ្តាលឱ្យមានការឈឺចាប់ផ្លូវចិត្ត ស្នើអោយមានការយោគយល់ និងគាំទ្រដើម្បីបង្កើតបរិយាកាសដែលមនុស្សគ្រប់គ្នាធ្វើការប្រកបដោយផាសុកភាព។
“តាមរយៈការកែលម្អប្រព័ន្ធក្រុមហ៊ុន និងការបណ្តុះបណ្តាល យើងនឹងបន្តការងាររបស់ខ្លួនដើម្បីបង្កើតបរិយាកាសមួយដែលបុគ្គលិកម្នាក់ៗអាចបញ្ចេញទេពកោសល្យរបស់ខ្លួន” ។
ជប៉ុនជាសមាជិកតែមួយគត់នៃ G7 មិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។ ប្រទេសនេះ “ក៏តម្រូវឱ្យអ្នកកែភេទត្រូវទទួលការវះកាត់ក្រៀវ ប្រសិនបើពួកគេចង់អោយច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រ” ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Nintendo បញ្ជាក់ថាខ្លួន “មិនរើសអើងដោយផ្អែកលើអត្តសញ្ញាណយេនឌ័រ” ឡើយ។
Sacchan