ចម្លើយសារភាពប៉ុនប៉ងធ្វើឃាតលោក Abe របស់ Yamagami
សក្ខីកម្មបង្ហាញថាបុគ្គលនេះតាមដានលោក Abe ជាយូរមកហើយមុននឹងសម្រេចចិត្តធ្វើកម្មភាព។
ជនសង្ស័យដែលបានបាញ់លោក Abe បោះចោលកាំភ្លើង
កាលពីថ្ងៃទី ១០ ខែកក្កដាតាមប្រភពព័ត៌មានពីប៉ូលិសបានអោយដឹង Yamagami ដែលជាជនសង្ស័យធ្វើឃាតលោក Abe បានសារភាពថា គាត់ធ្លាប់ទៅកន្លែងជាច្រើនដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនធ្វើសុន្ទរកថាដើម្បីរកឱកាសវាយប្រហារ ក្នុងចំណោមនោះមានទីក្រុង Okayama ។
កាលពីថ្ងៃទី ៧ ខែកក្កដា លោក Abe ថ្លែងសុន្ទរកថានៅទីក្រុង Okayama ដើម្បីយុទ្ធនាការគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យសេរីក្នុងការបោះឆ្នោតព្រឹទ្ធសភា។
ជនសង្ស័យសារភាព “ខ្ញុំគិតចង់ធ្វើឃាតលោក Abe នៅ Okayama ប៉ុន្តែខ្ញុំជួបការពិបាកព្រោះសន្តិសុខនៅទីនោះរឹតបន្តឹង” ។
Yamagami និយាយថា បន្ទាប់ពីមិនបានសម្រេចនៅ Okayama ជននេះរកឃើញព័ត៌មានលើគេហទំព័រដែលបានអោយដឹងថា លោក Abe នឹងទៅដល់ Nara នៅថ្ងៃទី ៨ ខែកក្កដា។
ជនសង្ស័យបានសារភាពថាខ្លួនបានទៅដល់កន្លែងកើតហេតុយ៉ាងហោចណាស់មួយម៉ោងមុនពេលលោក Abe ចាប់ផ្តើមសុន្ទរកថា។ ដំបូង Yamagami មានបំណងប្រើគ្រឿងផ្ទុះជំនួសឱ្យកាំភ្លើងដើម្បីធ្វើឃាតលោក Abe ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុជននេះប្តូរចិត្ត។
Yamagami ក៏បានសារភាពថាខ្លួនមិនត្រឹមតែផលិតកាំភ្លើងមួយដើមប៉ុណ្ណោះទេ ប៉ុន្តែមានកាំភ្លើងជាច្រើនផ្សេងទៀត។ ក្រៅពីប្រភេទកាំភ្លើងប្រើក្នុងពេលធ្វើឃាត ជននេះក៏បានធ្វើកាំភ្លើង ៦ ដើមទៀតដែរ។
“កាំភ្លើងនីមួយៗមាន ៦ គ្រាប់ផ្ទុកម្សៅកាំភ្លើង វាអាចបាញ់ ៦ គ្រាប់ក្នុងពេលតែមួយ” NHK ដកស្រង់សក្ខីកម្មរបស់ជនសង្ស័យ។
ប៉ូលិសរឹបអូសបានវត្ថុតាងជាច្រើននៅផ្ទះជនសង្ស័យ
ភាគីប៉ូលិសបានអោយដឹង ជនសង្ស័យបានបង្កើតកាំភ្លើងជាច្រើនដើម ហើយជ្រើសយកកាំភ្លើងដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ បាញ់ចំគោលដៅ។ នៅកន្លែងកើតហេតុ ប៉ូលិសបានរកឃើញរន្ធតូចមួយនៅលើបន្ទះក្តាររថយន្តយុទ្ធនាការបោះឆ្នោត។ រថយន្តនេះចតនៅឆ្ងាយពីលោក Abe ប្រហែល ២០ ម៉ែត្រ។
នៅផ្ទះជនសង្ស័យ សមត្ថកិច្ចបានរកឃើញបន្ទះឈើមួយចំនួនមានរន្ធជាច្រើន។ Yamagami បានសារភាពថា ជននេះប្រើវាដើម្បីសាកល្បងកាំភ្លើង។
អ្នកជិតខាង Yamagami បាននិយាយថា ពួកគេធ្លាប់ឮសម្លេងចម្លែកចេញពីផ្ទះរបស់ជនសង្ស័យ។
បុរសវ័យ ៥០ ឆ្នាំដែលជាអ្នកជិតខាងរបស់ Yamagami និយាយប្រាប់ NHK ថា “ជាយូរមកហើយ ខ្ញុំបានឮសំឡេងឧបករណ៍កាត់ដែកពីខាងក្នុងផ្ទះរបស់ Yamagami ខ្ញុំឆ្ងល់ថាគាត់កំពុងធ្វើអ្វី។ ឥឡូវនេះទើបខ្ញុំដឹងថា Yamagami កំពុងធ្វើកាំភ្លើង” ។
ប្រភព NHK