ជប៉ុន​កាត់ទោស​ដាក់​ពន្ធនាគារ​ចំពោះទង្វើគំរាម​កំហែង​​តាម​បណ្តាញ​អុីនធឺណេត

យោងទៅតាមបទប្បញ្ញត្តិ​ថ្មី​ដែលត្រូវបានកែសម្រួលកាលពីថ្ងៃទី ៧ ខែកក្កដានៅជប៉ុន បុគ្គលដែលត្រូវផ្តន្ទាទោស​ពី​បទ​គំរាម​កំហែង​តាម​បណ្តាញ​សង្គមអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។

សមាជិកសភា Tokyo បានសម្រេចចិត្តអនុម័តវិសោធនកម្មច្បាប់ខាងលើ បន្ទាប់​ពី​តារា​ទូរទស្សន៍​មួយ​រូបនៅប្រទេស​នេះ​បាន​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​រងសម្ពាធវាយប្រហារពាក្យសម្តីលើអុីនធឺណេត។

កញ្ញា Hana Kimura (អាយុ ២២ ឆ្នាំ) ជាអ្នកចំបាប់ស្រីអាជីពម្នាក់ ធ្លាប់ចូលរួមកម្មវិធីទូរទស្សន៍ដែលផលិតដោយ Netflix មានឈ្មោះថា “Terrace House” មុនពេលធ្វើអត្តឃាតក្នុងឆ្នាំ ២០២០។

[Yahoo!Japan ផ្គត់ផ្គង់បច្ចេកវិទ្យា AI រកឃើញខ្លឹមសារគំរាមកំហែងតាមបណ្តាញសង្គម]

វិសោធនកម្មច្បាប់នេះត្រូវបានអនុម័តមួយផ្នែកផ្អែកលើយុទ្ធនាការផ្សព្វផ្សាយដោយម្តាយរបស់ Kimura ដែលច្បាប់ថ្មីកំណត់ការផាកពិន័យរហូតដល់ ៣០០.០០០ យ៉េន (ស្មើនឹង ២.២០០ ដុល្លារ) ឬជាប់ពន្ធនាគារមួយឆ្នាំសម្រាប់អ្នកដែល​បាន​គំរាម​កំហែង​តាមប្រព័ន្ធអុីនធឺណេត។ ការផាកពិន័យនេះត្រូវគេចាត់ទុកថាតឹងរ៉ឹងជាងការពិន័យពីមុន ដោយ​កំណត់​ការផាកពិន័យចំនួន ១០.០០០ យ៉េន ឬឃុំខ្លួនរយៈពេល ៣០ ថ្ងៃ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Yoshihisa Furukawa បាននិយាយថាការដំឡើងកម្រិតផាកពិន័យចំពោះបុគ្គលគំរាមកំហែង​តាម​អុីនធឺណេត ជា​វិធាន​ការ​មួយ​ដើម្បីបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃទង្វើនេះ ទន្ទឹម​នឹងនេះ​អះអាង​ថា​ជាបទល្មើស។

ថ្វីត្បិតតែការគំរាមកំហែងតាមអុីនធឺណេតជាបញ្ហាសង្គមដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅជប៉ុនមុនករណីស្លាប់របស់ Kimura ។ យ៉ាង​ណា ការ​ធ្វើអត្តឃាតរបស់កីឡាការិនីចំបាប់រូបនេះបានធ្វើអោយប្រជាជនក្នុងស្រុក និង​អន្តរ​ជាតិ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដោយដាក់សម្ពាធលើសមាជិកសភា និងបង្ខំពួកគេឱ្យធ្វើសកម្មភាព។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: