ស្វែងយល់អំពីប្រវត្តិនៃការរំលូតកូននៅក្នុងប្រទេសជប៉ុន ស្ថានភាពប្រទេសនេះនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត
ថ្ងៃនេះចូរក្រឡេកមកមើលថាតើជនជាតិជប៉ុនយល់យ៉ាងណាចំពោះការរំលូតកូន? ដោយសារតម្រូវការហិរញ្ញវត្ថុ និងការយល់ដឹងទាក់ទងនឹងសិទ្ធិស្ត្រី។
ប្រហែលនេះមិនមែនជាប្រធានបទសាកសមសម្រាប់ពិភាក្សាក្នុងសង្គមទេ ប៉ុន្តែការរំលូតកូននៅប្រទេសជប៉ុនមានជាយូរមកហើយ។ នៅសម័យដើម មូលហេតុរំលូតកូនមកពីភាពអត់ឃ្លាន ភាពក្រីក្រ និងបញ្ហាសុខភាព។ ក្នុងសម័យអេដូ បញ្ហាមានផ្ទៃពោះជាបន្ទុកសម្រាប់ស្ត្រីដែលធ្វើការរកសុីផ្លូវភេទ។ ដូច្នេះមិនមែនជារឿងចម្លែកទេដែលស្រ្តីចាត់ទុកការមានផ្ទៃពោះរំខាន ហើយការរំលូតកូនពិតជាចាំបាច់។
ទោះជាយ៉ាងណា នៅសម័យនោះមិនមានវិធីពន្យារកំណើត ក៏ដូចជាការរំលូតកូនត្រឹមត្រូវនោះទេ។ ក្រៅពីនេះ ដោយសារភាពក្រីក្រ និងកង្វះលទ្ធភាពទទួលយកវិធានការសុវត្ថិភាពតែងតែធ្វើឱ្យស្ត្រីចង់រំលូតកូនធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ វិធានការរួមមានផឹកថ្នាំពុលពីរុក្ខជាតិមានសារធាតុពុល ដែលសុទ្ធតែខ្វះមូលដ្ឋានវិទ្យាសាស្ត្រ ប្រភេទជាច្រើនមានផលប៉ះពាល់។ វិធីសាស្រ្តផ្សេងទៀតរួមមានចាក់ម្ជុលវិទ្យាសាស្ត្រ ត្រាំទឹកត្រជាក់ ដាក់វត្ថុមុតស្រួចក្នុងទ្វារមាសដើម្បីធ្វើអោយបែកថង់ទឹកភ្លោះ។ល។ វិធីដែលគួរអោយខ្លាចជាងនេះគឺជួល “kosashibaba” (បកប្រែតាមន័យចំជាអ្នកចាក់ទារក) ។
សម្លាប់ក្មេងអាយុក្រោម ១ ឆ្នាំជាជម្រើសដែលអាចទទួលយកបានជំនួសការរំលូតកូននៅជប៉ុននាសម័យមុន។
តើនឹងមានអ្វីកើតឡើងចំពោះការប៉ុនប៉ងរំលូតកូនមិនបានសម្រេច ឬស្ត្រីសម្រេចចិត្តបង្កើតកូន? កាលសម័យមុន គេចាត់ទុករឿងសម្លាប់ក្មេងអាយុក្រោម ១ ឆ្នាំ ឬទុកចោលកុមារមានសុវត្ថិភាពជាង ហើយអាចជំនួសការរំលូតកូនបាន។ វិធីសាស្រ្តនេះគេហៅថា 間引き (mabiki: កាត់ចោលខ្លះ អាចយល់ថាបង្កើតកូនតែចិញ្ចឹមមិនបាន សម្លាប់ចោលខ្លះ)។ នៅប្រទេសជប៉ុន Mabiki មានប្រវត្តិជាង ១០០០ ឆ្នាំ ដែលបានក្លាយជាវិធានការពេញនិយមក្នុងសម័យអេដូ ដូចជាវិធីគ្រប់គ្រងចំនួនប្រជាជន។
ការរំលូតកូនក្នុងវប្បធម៌រឿងព្រេង និងសាសនាជប៉ុន
សព្វថ្ងៃនេះ ទង្វើបែបនេះមិនអាចទទួលយកបានទេ។ ទោះជាយ៉ាងណា នៅសម័យនោះ Mabiki មិនមែនមានន័យថាសម្លាប់មនុស្សឡើយ។ ជំនឿខាងព្រលឹងវិញ្ញាណពីបុរាណយល់ថា ជីវិតកុមារជាកម្មសិទ្ធិរបស់អាណាចក្រវិញ្ញាណរហូតដល់អាយុ ៧ ឆ្នាំ។ ដូច្នេះការរំលូតកូន ឬចង់មានន័យថា “បញ្ជូនទារកទៅអោយទេវតា” វិញ។ ក្រោយមកដោយមានការបញ្ចូលពុទ្ធសាសនា និងគំនិតវដ្តសង្សារ អ្នករាល់គ្នាមានជំនឿថាដើម្បីប្រយោជន៍របស់កុមារ ដោយសារពួកគេយល់ថាគ្រាន់តែ “បញ្ចប់បណ្តោះអាសន្ន” ជីវិតរបស់កុមាររហូតដល់កើតមកក្នុងគ្រួសារដែលទទួលយកទារក។
Kojiki ជារឿងព្រេងនិយាយអំពីការបង្កើតដែលមានអាយុកាលចំណាស់ជាងគេនៅជប៉ុន មានកត់ត្រានិយមន័យការរំលូតកូន ក៏ដូចជាការលើកឡើងពីវិសមភាពសិទ្ធិបន្តពូជរបស់ស្ត្រី។ បើតាមរឿងព្រេង ទេវតាបង្កើតទាំងពីរ Izanagi និង Izanami ព្យាយាមរៀបការ កំហុសមួយមកពី Izanami (ពោលនាងជាអ្នកផ្តួចផ្តើមគំនិតទោះខ្លួនជាស្រ្តី) បណ្តាលឱ្យនាងមានផ្ទៃពោះកូនពិការ Hiruko ។ Hiruko មិនមានឆ្អឹង ចំណែកក្នុងរឿងមួយចំនួនគ្មានដៃជើង។ គេចាត់ទុករឿងនេះជាប្រផ្នូលអាក្រក់ ដូច្នេះដាក់ Hiruko ក្នុងកន្ត្រកហើយអណ្តែតលើទន្លេ។
ទោះបីជា Hiruko រសាត់ទៅដល់តំបន់មួយឆ្ងាយ ហើយនៅរស់រានមានជីវិត (ក្រោយមកមនុស្សជាច្រើនជឿថា Hiruko ក្លាយជាទេវតាសំណាងរបស់ជប៉ុន Ebisu) រឿងនេះបង្ហាញពីការមាក់ងាយអវិជ្ជមានចំពោះជនពិការ។ នៅពេលនោះ គេចាត់ទុកពិការភាពជាប្រផ្នូលអាក្រក់។ មនុស្សមួយចំនួនថែមទាំងជឿថា ក្នុងផ្ទះមានកូនពិការនឹងនាំមកនូវសំណាងអាក្រក់ដល់គ្រួសារ និងទុរ្ភិក្សដល់សហគមន៍។ ក្នុងន័យនេះ ការបោះបង់ចោល “កុមារមិនធម្មតា” ម្នាក់ត្រូវគេចាត់ទុកជាទង្វើមានប្រយោជន៍សម្រាប់សហគមន៍។
ការរំលូតកូន ព្រះពុទ្ធសាសនា និងពិធីបរិសុទ្ធ
សព្វថ្ងៃនេះ ភាគច្រើនទស្សនៈប្រឆាំងនឹងការរំលូតកូននៅបណ្តាប្រទេសលោកខាងលិចកើតចេញពីជំនឿសាសនាដែលមានប្រភពពីសាសនាកាតូលិកអឺរ៉ុប និងគ្រិស្តសាសនា។ ទោះជាយ៉ាងណា ជប៉ុនមិនដែលគោរពតាមស្តង់ដារលោកខាងលិចទេ សូម្បីតែសាសនាដើមរបស់ខ្លួន Shinto ក៏ដោយ។ មនុស្សគ្រប់គ្នាមិនចាត់ទុកការរំលូនជារឿងអាក្រក់ទេ រហូតដល់ព្រះពុទ្ធសាសនាចូលប្រទេស។ យ៉ាងណា ការរំលូតកូនមិនត្រូវចាត់ទុកជាអំពើបាបនោះទេ ប៉ុន្តែគ្រាន់តែជាភាពស្មោកគ្រោកប៉ុណ្ណោះ ហើយពិធីបរិសុទ្ធត្រូវបានបង្កើតឡើងដើម្បីសម្អាតភាពស្មោកគ្រោក។
ព្រះសង្ឃមួយអង្គបានចែករំលែកទស្សនៈរបស់ខ្លួនចំពោះការរំលូតកូន “ពិតណាស់ យើងមិនអាចដកយកជីវិតរបស់នរណាម្នាក់ទេ។ ច្បាប់ព្រះពុទ្ធសាសនាមិនអនុញ្ញាតឱ្យយើងធ្វើដូច្នេះឡើយ។ ម្យ៉ាងវិញទៀត ស្រ្តីម្នាក់មិនចាំបាច់សម្រាលកូនទេ ប្រសិនបើនាងមិនចង់។ ក្មេងម្នាក់មិនចាំបាច់កើតក្នុងគ្រួសារដែលមិនចង់បានវានោះទេ យើងត្រូវតែមានចិត្តមេត្តា” ។
ការរំលូតកូនជាអំពើបាប
ច្បាប់ការពារការរំលូតកូនដំបូងមានវត្តមានក្នុងសម័យអេដូ ក្នុងសម័យនេះ ថ្វីត្បិតតែប្រទេសជប៉ុនហាក់ដូចជាមានភាពរីកចម្រើន ប៉ុន្តែចំនួនប្រជាជនធ្លាក់ក្នុងស្ថានភាពជាប់គាំងយ៉ាងច្បាស់។ Shogun Tokugawa Iemitsu គិតថានេះជាមូលហេតុបណ្តាលអោយមានសកម្មភាពរំលូតកូន សម្លាប់មនុស្ស បោះបង់ចោលកុមារ ហើយចាត់ទុកករណីទាំង ៣ ខាងលើចេញពីច្បាប់នៅទូទាំងអេដូ។ ឪពុកម្តាយដែលបោះបង់ចោលកូនត្រូវនិរទេស ឬដាក់គុក។ អ្នកដែលមានទោសសម្លាប់មនុស្សអាចត្រូវគេប្រហារជីវិត។
ជាមួយនឹងការចាប់ផ្តើមនៃសម័យកាល Meiji ក្នុងឆ្នាំ ១៨៦៨ រដ្ឋាភិបាលជប៉ុនថ្មីផ្តល់អាទិភាពដល់កំណើនប្រជាជនដូចជាកត្តាចាំបាច់សម្រាប់ទំនើបកម្ម និងឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស។ ស្ត្រីត្រូវគេរំពឹងថានឹងសម្រាលកូនច្រើនដើម្បីផ្គត់ផ្គង់កម្លាំងពលកម្ម និងទាហាន។
រដ្ឋាភិបាលបានប្រកាសច្បាប់ថ្មីត្រួតពិនិត្យទៅលើឆ្មប ពួកគេត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំ ឧបករណ៍សម្ភព តាមដានស្ត្រីមានផ្ទៃពោះ ត្រូវជូនដំណឹងដល់អាជ្ញាធរចំពោះករណីទារកស្លាប់ក្នុងផ្ទៃ និងការរំលូតកូន។ នៅឆ្នាំ ១៨៨០ ពួកគេបានអនុម័តការហាមឃាត់ទូទាំងប្រទេសជាលើកដំបូងលើការរំលូតកូនតាមក្រមព្រហ្មទណ្ឌថ្មី ដោយសម្គាល់ថាការរំលូតកូនជាបទឧក្រិដ្ឋ។
ច្បាប់នេះបានក្លាយជាក្រមព្រហ្មទណ្ឌនៅឆ្នាំ ១៩០៧ ជាមូលដ្ឋានសម្រាប់ច្បាប់រំលូតកូនដែលមានសព្វថ្ងៃនេះ ក្នុងនោះចែងស្រ្តីដែលរំលូតកូនតាមចិត្ត មិនថាមកពីមូលហេតុអ្វី សុទ្ធតែត្រូវប្រឈមនឹងការជាប់ពន្ធនាគារមួយឆ្នាំ។
សិទ្ធិរំលូតកូន និងចលនាស្ត្រីនិយមនៅប្រទេសជប៉ុន
ទោះបីជារដ្ឋាភិបាលចាត់វិធានការយ៉ាងណា ប្រជាជននៅតែប្រឈមមុខនឹងបញ្ហាផ្នែកសេដ្ឋកិច្ច។ ច្បាប់ និងបញ្ជាថ្មីមិនអាចបញ្ឈប់ស្ត្រីដែលអស់សង្ឃឹមនឹងជីវិតចង់បោះបង់ចោលកូនរបស់ខ្លួនឡើយ។ កន្លែងរំលូតកូនលួចលាក់ និងអ្នកបោកប្រាស់ដែលសន្យាថារំលូតកូនដោយសុវត្ថិភាពមានគ្រប់ទីកន្លែង។ ចំណុចនេះជម្រុញអោយមានពន្យារកំណើត និងសិទ្ធិបន្តពូជ ដើម្បីជួយស្ត្រីដែលមានទុក្ខលំបាកជៀសវាងវិធីសាស្រ្តគ្រោះថ្នាក់។
នៅប្រទេសជប៉ុនបានចាប់ផ្តើមចលនាស្ត្រីនិយមដំបូង។ សកម្មជនមជ្ឈមណ្ឌលដូចជា Yamamoto Senji, Majima Yutaka, Ishimoto Shizue និង Abe Isoo ធ្វើសកម្មភាព និងការបង្រៀនលើកកម្ពស់ការពន្យារកំណើតនៅតំបន់ទីប្រជុំជនដូចជា Tokyo, Kyoto និង Osaka ។ Margaret Sanger ដែលជាអ្នកដឹកនាំចលនាពន្យារកំណើតនៅសហរដ្ឋអាមេរិក ក្រោយមកក៏បានចូលរួមជួយបង្កើតគ្លីនិកពន្យារកំណើតដំបូងនៅជប៉ុន។ រូបតំណាងស្ត្រីនិយមផ្សេងទៀតរួមមាន Ichikawa Fusae និង Hiratsuka Raicho តស៊ូទាមទាររំលូតកូនព្រោះសិទ្ធិរបស់ស្រ្តីតាមរយៈសម្ព័ន្ធកំណែទម្រង់ច្បាប់រំលូតកូននៅឆ្នាំ ១៩៣២ ។
ការទាមទារសិទ្ធិរំលូតកូននៅប្រទេសជប៉ុន
ថ្វីត្បិតតែដំបូងចលនានេះទទួលបានជោគជ័យ រដ្ឋាភិបាលបានចាប់ផ្តើមគាបសង្កត់ចលនាទាំងនេះក្នុងអំឡុងសង្រ្គាមចិន-ជប៉ុនក្នុងឆ្នាំ ១៩៣៧ ។ នៅឆ្នាំ ១៩៤១ រដ្ឋាភិបាលជប៉ុនប្រកាសពីគោលដៅបង្កើតអតិរេកចំនួនប្រជាជន និងបញ្ជូនជនបរទេសទៅកាន់ទឹកដីដែលដណ្តើមបាន។ គណៈរដ្ឋមន្ត្រីបានកំណត់ “ការណែនាំអំពីគោលនយោបាយប្រជាជន” ហាមឃាត់ការរំលូតកូន ហើយដាក់ចេញនូវគោលនយោបាយជាតិជាមធ្យមមួយគ្រួសារគួរមានកូន ៥ នាក់។ ប៉ុន្តែក្រោយសង្គ្រាម និងការបាត់បង់ទឹកដីភាគច្រើន ជប៉ុនជាប់គាំងនឹងស្ថានភាពមនុស្សលើសចំណុះ និងមិនមានធនធានគ្រប់គ្រាន់សម្រាប់ជួយ។
ស្ថានភាពកង្វះខាតស្បៀងអាហារ និងផ្ទះសម្បែងធ្ងន់ធ្ងរបន្ទាប់ពីសង្រ្គាមបណ្តាលឱ្យមានការរំលូតកូន សម្លាប់មនុស្ស និងបោះបង់ចោលកុមារកើនឡើង។ រហូតដល់ឆ្នាំ ១៩៤៧ ជារឿយៗមានព័ត៌មានសុំកូនចិញ្ចឹមក្នុងកាសែតប្រចាំថ្ងៃ។ ចំណុចនេះបង្កអោយមានបញ្ហាជាមួយមន្ទីរពេទ្យសម្ភព Kotobuki ជាកន្លែងទទួលយកកុមារដែលត្រូវបោះចង់ចោល ប៉ុន្តែបានរកឃើញថាពួកគេមិនអាចមើលថែទាំគ្រប់គ្រាន់ ទើបបណ្តាលឱ្យកុមារស្លាប់ ១៦០ នាក់ ខណៈដែលមន្ទីរពេទ្យបន្តប្រមូលថ្លៃចិញ្ចឹមកូនពីឪពុកម្តាយ ។
រដ្ឋាភិបាលបង្ខំចិត្តទទួលស្គាល់ភាពចាំបាច់នៃវិធីសាស្រ្តពន្យារកំណើត ហើយត្រូវផ្លាស់ប្តូរគោលនយោបាយចំនួនប្រជាជន។ ចំណុចនេះធ្វើអោយចលនាស្ត្រីនិយមនៅជប៉ុនងើបឡើងវិញ។ ទោះជាយ៉ាងណា ទាំងនោះមិនអាចធានាភាពងាយស្រួលសម្រាប់សកម្មជនដើម្បីសិទ្ធិរំលូតកូននោះទេ។
ចលនាពន្យារកំណើតនៅប្រទេសជប៉ុនងើបឡើងវិញ
នៅឆ្នាំ ១៩៤៧ សកម្មជនស្ត្រីនិយម និងពន្យារកំណើត Kato Shizue បានស្នើសេចក្តីព្រាងច្បាប់ស្តីពីច្បាប់គ្រប់គ្រងកំណើតថ្មី បន្ទាប់ពីទទួលបានកៅអីក្នុងសភា។ ទោះជាយ៉ាងណា សំណើរបស់នាងត្រូវបានច្រានចោល ផ្ទុយទៅវិញ រដ្ឋាភិបាលដាក់ចេញច្បាប់ថ្មីផ្តោតលើការរំលូតកូន។ ច្បាប់ការពារស្តីពីការលើកតម្កើងមនុស្សជាតិ (優生保護法; Yūsei Hogo Hō) ចូលជាធរមានក្នុងឆ្នាំ ១៩៤៨ ។ ច្បាប់នេះអនុញ្ញាតឱ្យរំលូតកូនដោយមូលហេតុសេដ្ឋកិច្ច ក្នុងពេលជាមួយគ្នានេះរឹតត្បិតទទួលការពន្យារកំណើត និងធ្វើអោយលែងមានកូនសម្រាប់ជនពិការ។
ជាក់ស្តែង នេះគ្រាន់តែជាការកែប្រែច្បាប់ស្តីពីការលើកតម្កើងមនុស្សជាតិឆ្នាំ ១៩៤០ ។ ជាជាងផ្តល់អាទិភាពដល់សិទ្ធិស្ត្រី វាផ្តោតលើការគ្រប់គ្រងចំនួនប្រជាជនតាមរយៈវិធានការការពារអ្វីដែលពួកគេចាត់ទុកថាជាកំណើត “មិនគ្រោងទុក” ។
រហូតដល់ឆ្នាំ ១៩៤៩ ចំនួនប្រជាជនជាង ៨០ លាននាក់ និងការលំបាកផ្នែកសេដ្ឋកិច្ចនៅតែបន្តក្លាយជាវិបត្តិជាតិ។ នៅឆ្នាំនោះសភាបានត្រឡប់ច្បាប់ការពារស្តីពីការលើកតម្កើងមនុស្សជាតិ។ ជាលើកដំបូង ក្រសួងសុខាភិបាល និងសុខុមាលភាពទទួលស្គាល់ការគ្រប់គ្រងកំណើតតាមរយៈការពន្យារកំណើតជាជាងរំលូតកូន ហើយក៏បានអនុម័តការប្រើប្រាស់ថ្នាំសម្លាប់មេជីវិតឈ្មោល និងស្រោមអនាម័យ។ ទោះជាយ៉ាងណា ថ្នាំពន្យារកំណើតនៅតែខុសច្បាប់ ហើយបន្តរហូតដល់ឆ្នាំ ១៩៩៩ ។
ជាលទ្ធផល ស្ត្រីជាច្រើននៅតែមានផ្ទៃពោះ ហើយអត្រារំលូតកូនបន្តកើនឡើង។ ផែនការគ្រួសារចាប់ផ្តើមមានអាទិភាព។ នៅឆ្នាំ ១៩៥១ គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តគាំទ្រការពន្យារកំណើតដោយទស្សនៈថា ការពន្យារកំណើតជាមធ្យោបាយតែមួយគត់ដើម្បីធានា “គ្រួសារមានការអប់រំល្អ សុខភាពល្អ សុភមង្គល” ។ នៅឆ្នាំ ១៩៥២ ពួកគេបានកែប្រែច្បាប់ការពារស្តីពីការលើកតម្កើងមនុស្សជាតិម្តងទៀត អនុញ្ញាតឱ្យរំលូតកូនដោយមានការយល់ព្រមពីវេជ្ជបណ្ឌិត។
កង្វះកម្លាំងពលកម្ម ស្ថានភាពទារកក្នុងទូដាក់អីវ៉ាន់ និងការរំលូតកូនកើតឡើងវិញ
នៅឆ្នាំ ១៩៦៧ នៅពេលដែលជប៉ុនប្រឈមនឹងកង្វះកម្លាំងពលកម្ម នាយករដ្ឋមន្ត្រី Saito Eisaku ទម្លាក់កំហុសលើការរំលូតកូន។ រឿងនេះធ្វើអោយក្រសួងសុខាភិបាល និងសុខុមាលភាពចារណាអនុវត្តច្បាប់ការពារស្តីពីការលើកតម្កើងមនុស្សជាតិកាន់តែតឹងរ៉ឹង។ ចលនាធ្វើកំណែទម្រង់ច្បាប់ការពារស្តីពីការលើកតម្កើងមនុស្សជាតិលេចឡើងម្តងទៀតក្នុងឆ្នាំ ១៩៧២ អមដោយចលនាសិទ្ធិស្ត្រី និងគាំទ្រការរំលូតកូន។
នៅពេលដែលសង្រ្គាមរំលូតកូនបន្តអូសបន្លាយ បាតុភូតថ្មីមួយកើតឡើងនៅឆ្នាំ ១៩៧០ ទារកទើបនឹងកើតត្រូវដាក់ក្នុងទូអីវ៉ាន់។ ស្ត្រីបោះបង់ចោលទារកក្នុងទូសោរដោយប្រើកាក់ ដែលជាការរកឃើញថ្មីកំឡុងពេលទំនើបកម្មរបស់ជប៉ុននៅឆ្នាំ ១៩៦០-១៩៧០ ។
ច្បាប់សុខភាពមាតា
ទន្ទឹមនឹងនេះការរំលូតកូនត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ ចលនាស្ត្រីនិយមនៅបរទេសបណ្តាលអោយសង្គមគាំទ្រការរំលូតកូននៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។ សន្និសីទប្រជាជនពិភពលោក និងសន្និសីទអាហារពិភពលោកបានអំពាវនាវឱ្យមានតម្រូវការគ្រប់គ្រងប្រជាជន ហើយការពន្យារកំណើតជាដំណោះស្រាយ។
រដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ការពារស្តីពីការលើកតម្កើងមនុស្សជាតិទៅជាច្បាប់ការពារសុខភាពមាតា។ ទោះបីជាច្បាប់អនុញ្ញាតឱ្យវេជ្ជបណ្ឌិតធ្វើការរំលូតកូនដោយមូលហេតុសេដ្ឋកិច្ច ប៉ុន្តែត្រូវមានការយល់ព្រមពីប្រពន្ធ ឬប្តី។ ហើយទោះបីជាក្រសួងសុខាភិបាលជប៉ុនបានកែប្រែគោលការណ៍ណែនាំទាំងនេះ ដើម្បីលុបបំបាត់ការយល់ព្រមសម្រាប់ស្ត្រីក្នុងអាពាហ៍ពិពាហ៍រងការរំលោភបំពាន ឬរំលោភសេពសន្ថវៈ នៅមានបញ្ហាជាច្រើនទាក់ទងនឹងសិទ្ធិបន្តពូជសម្រាប់ស្ត្រីទាំងអស់។
ការរំលូតកូននៅជប៉ុនងាយស្រួលជាងការពន្យារកំណើត?
ទោះបីជាពិបាក ប៉ុន្តែក្នុងឆ្នាំ ២០១៥ ករណីមានផ្ទៃពោះមានចំនួន ១ លាននាក់ ១៧% (ប្រហែល ១៧៦.៣៨៨) ក្នុងចំណោមនោះបញ្ចប់ដោយការរំលូតកូន។ សូម្បីតែសព្វថ្ងៃនេះ ការស្រាវជ្រាវបង្ហាញថា ស្រោមអនាម័យ និងការបាញ់ទឹកកាមក្រៅ ជាវិធីពន្យារកំណើតទូទៅបំផុតដែលស្ត្រីប្រើ។
នៅឆ្នាំ ១៩៣១ បទប្បញ្ញត្តិគ្រប់គ្រងឧបករណ៍ពន្យាកំណើតដែលបង្កគ្រោះថ្នាក់ហាមឃាត់ការប្រើប្រាស់ DCTC ។ ក្រសួងសុខាភិបាល និងសុខុមាលភាពបានអនុម័តថ្នាំគ្រាប់អ័រម៉ូនក្នុងឆ្នាំ ១៩៦០ ប៉ុន្តែគ្រាន់តែជាមធ្យោបាយដោះស្រាយបញ្ហារដូវប៉ុណ្ណោះ (ទោះបីជាស្ត្រីជាច្រើនលួចលាក់លេបថ្នាំពន្យារកំណើតដោយមិនគិតពីច្បាប់) ។ នៅឆ្នាំ ១៩៧២ ថ្នាំគ្រាប់មួយប្រភេទត្រូវបានអនុម័ត ប៉ុន្តែអាចទិញបានលុះត្រាមានវេជ្ជបញ្ជា។ ចំណែកថ្នាំពន្យារកំណើតខុសច្បាប់រហូតដល់ឆ្នាំ ១៩៩៩ ។
សព្វថ្ងៃនេះ ការពន្យារកំណើតអាចចំណាយរហូតដល់ ៥០០០ យ៉េនក្នុងមួយខែ ហើយនៅតែទាមទារការយល់ព្រមពីវេជ្ជបណ្ឌិត។ ភាគច្រើនការរំលូតកូនត្រូវបានធ្វើឡើងដោយប្រើវិធីសាស្ត្រវះកាត់ហួសសម័យ ដែល WHO និយាយថាគួរតែត្រូវបញ្ឈប់។
ថ្មីៗនេះ មនុស្សជាច្រើននៅតែជំរុញឱ្យមានការយល់ព្រមថ្នាំរំលូតកូន។ បើតាមអង្គការសុខភាពពិភពលោក WHO បច្ចុប្បន្នថ្នាំរំលូតកូនត្រូវបានលក់ជាង ៦៥ ប្រទេសជុំវិញពិភពលោក ហើយជាថ្នាំចាំបាច់។ ទោះជាយ៉ាងណា ដូចជាការផ្លាស់ប្តូរមុនៗដែរ រដ្ឋាភិបាលជប៉ុនក៏កំពុងព្យាយាមធ្វើឱ្យពិបាករក ជាមួយនឹងសំណើតម្លៃដែលអាចឡើងដល់ ១០០០ ដុល្លារ។
បើធៀបនឹងប្រទេសផ្សេងទៀត ជប៉ុននៅតែអន់ខាងបញ្ហារំលូតកូន និងសិទ្ធិបន្តពូជ។ ទោះជាយ៉ាងណា មួយជំហានៗយើងមើលឃើញពីការរីកចម្រើន។ កាលពីដើមឆ្នាំនេះ សៀវភៅ “My Body My Choice ការតស៊ូដើម្បីសិទ្ធិរំលូតកូន” របស់ Robin Stevenson ត្រូវបានបកប្រែជាភាសាជប៉ុន។ រហូតដល់សិទ្ធិបន្តពូជត្រូវបានទទួលស្គាល់ ប្រទេសនេះនៅតែមានរឿងជាច្រើនដែលត្រូវធ្វើ។
Sacchan