បុរសម្នាក់ត្រូវចាប់ខ្លួនពីបទយកលលាដ៍ក្បាលប្អូនប្រុសទៅបោះចោល
កាលពីថ្ងៃទី ២១ ខែមិថុនា កម្មកររោងចក្រកែឆ្នៃនៅ Adachi ទីក្រុងតូក្យូ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានរកឃើញលលាដ៍ក្បាលមនុស្សក្នុងចំណោមកាកសំណល់ដឹកជញ្ជូនមកដល់។
ក្រោយមកលលាដ៍ក្បាលត្រូវបានបញ្ជាក់ថាជារបស់ Hideo Murai អាយុ ៦៧ ឆ្នាំនៅ Kita ទីក្រុងតូក្យូ។ ក្រៅពីលលាដ៍ក្បាលក្នុងថង់សំរាមក៏បានរកឃើញកាតធនាគាររបស់ Murai ផងដែរ។ ប៉ូលីសក្រុងតូក្យូបានបើកការស៊ើបអង្កេត ហើយនៅថ្ងៃទី ២៩ ខែមិថុនាបានចាប់ខ្លួនបងប្រុសរបស់អ្នកស្លាប់ឈ្មោះ Shoichi Murai អាយុ ៦៨ ឆ្នាំ ដោយចោទប្រកាន់ពីបទបោះចោលអដ្ឋិធាតុមនុស្សដោយខុសច្បាប់។
ទោះជាយ៉ាងណា Murai បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថាគាត់បានរកឃើញអដ្ឋិធាតុប្អូនប្រុសក្នុងបន្ទប់ ប៉ុន្តែគិតថានោះជារបស់ក្លែងក្លាយ។ បងប្អូនពីរនាក់រស់ក្នុងផ្ទះតែមួយនៅ Kita បុរសជាបង Shoichi រស់នៅជាន់ទី ១ ចំណែក Hideo រស់នៅជាន់ទី ២ ។ លោក Shoichi អះអាងថាគាត់មិនបាននិយាយជាមួយប្អូនប្រុសតាំងពីខែមីនា ឆ្នាំ ២០១៧ ។ ជនសង្ស័យប្រទះឃើញលលាដ៍ក្បាលពេលកំពុងសម្អាតបន្ទប់សម្រាប់លក់ ដោយបន្ថែមថា “ខ្ញុំមិនដឹងថាវា (ប្អូនប្រុស) កំពុងសម្រាកនៅមន្ទីរពេទ្យណាទេ?”
ប៉ូលីសឆែកឆេរកន្លែងស្នាក់នៅរបស់ Hideo ហើយរកឃើញអដ្ឋិធាតុដែលនៅសល់ដេកលើគ្រែ។ យោងតាមលទ្ធផលធ្វើកោសល្យវិច័យ មនុស្សម្នាក់នេះបានស្លាប់យ៉ាងហោចណាស់ពីរបីខែ ប៉ុន្តែគាត់ត្រូវបានគេបញ្ជាក់ថានៅមានជីវិតក្នុងឆ្នាំ ២០១៧ នេះបើយោងតាមការអះអាងរបស់លោក Shoichi ដែលជាលើកចុងក្រោយអ្នកទាំងពីរប្រាស្រ័យទាក់ទងគ្នា។ អាជ្ញាធរក៏កំពុងពិនិត្យរកមូលហេតុការស្លាប់ផងដែរ។ របាយការណ៍រហូតមកដល់ពេលនេះមិនមានសញ្ញានៃអំពើហិង្សាទេ។
ករណីនេះកំពុងត្រូវបានពិភាក្សាយ៉ាងច្រើននៅលើបណ្តាញអុីនធឺណេត។
- ទោះជារបស់ក្លែងក្លាយក៏ដោយ ហេតុអ្វីបានជាបោះចោលលលាដ៍ក្បាលប្អូនប្រុសបែបនេះ?
- ពួកគេរស់នៅផ្ទះតែមួយ ហើយគាត់មិនដឹងថាប្អូនប្រុសស្លាប់រហូតដល់រកឃើញគ្រោងឆ្អឹង?
- ហេតុអ្វីបានជាមិនមានក្លិន?
- ហេតុអ្វីចោលតែក្បាល? ក្រែងគាត់មើលឃើញគ្រោងឆ្អឹងទាំងមូលឬ តើមានរឿងអ្វីកើតឡើង?
- បងប្រុសម្នាក់ដែលគួរអោយខ្លាច។
ហេតុការណ៍សម្លាប់សាច់ញាតិលាក់សាកសពដើម្បីទទួលបានប្រាក់សោធននិវត្តន៍ ឬអត្ថប្រយោជន៍ផ្សេងទៀតមិនមែនមិនធ្លាប់កើតឡើងឡើយ។ ទោះជាយ៉ាងណា ជាទូទៅករណីបែបនេះត្រូវបានប៉ូលីសដោះស្រាយយ៉ាងលឿន។ ប៉ុន្តែក្នុងករណីនេះមិនទាន់មានរបាយការណ៍ស្តីពីប្រាក់សោធននិវត្តន៍ ឬប្រាក់អត្ថប្រយោជន៍ខុសច្បាប់ទេ។
មិនត្រឹមតែប៉ុណ្ណឹងបុគ្គលម្នាក់នេះមិនដឹងថាប្អូនប្រុសដែលរស់នៅក្នុងផ្ទះតែមួយស្លាប់យូរមកហើយ ជារឿងដែលមិនធ្លាប់មានពីមុនមក។
Sacchan