រឿងរ៉ាវនិយាយពីនារីជនជាតិជប៉ុនម្នាក់កើតជំងឺចម្លែកមិនអាចប្រាស្រ័យទាក់ទងនឹងមនុស្សនៅជុំវិញ
ថ្វីត្បិតតែអាចនិយាយជាមួយសមាជិកគ្រួសារ ប៉ុន្តែរាល់ពេលនៅចំពោះមុខមនុស្សមិនស្គាល់ ទោះបីជាចង់និយាយយ៉ាងណា ប៉ុន្តែមិនអាចនិយាយបាន។
នេះជារោគសញ្ញា 緘黙 (kanmoku) – ជាឈ្មោះរោគសញ្ញាម្យ៉ាង។
បុគ្គលក្នុងអត្តបទជាស្រ្តីអាយុ ២៦ ឆ្នាំមកពី Shiga តាំងពីពេលរៀនមត្តេយ្យ នាងមិនអាចបង្ហាញពីអារម្មណ៍។ អំឡុងពេលសម្ភាស ៣ ខែ អ្នកកាសែត NHK មិនដែលបានឮសំឡេងរបស់នាងផ្ទាល់ម្តងណាឡើយ។ រហូតដល់ចប់នាងនិយាយថា “តាមពិតទៅ ការទទួលបទសម្ភាសពិបាកណាស់ទៅហើយ” ។
កូនស្រីត្រឹមតែអាចនិយាយជាមួយសមាជិកគ្រួសារប៉ុណ្ណោះ។
មូលហេតុសម្រាប់ការសម្ភាសន៍នេះដោយសារតែកាលពីខែកញ្ញាឆ្នាំមុន NHK ទទួលបានសំបុត្រមួយ ក្នុងនោះស្នើឱ្យ NHK និយាយពីនារីម្នាក់ត្រៀមរៀបចំពិព័រណ៍ផ្ទាល់ខ្លួន។
“កាលនៅក្មេង កូនស្រីរបស់ខ្ញុំត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ Kanmoku ត្រឹមតែអាចនិយាយជាមួយមនុស្សជិតស្និទ្ធពីរបីនាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ នាងតូចចិត្តយ៉ាងខ្លាំងដែលមិនអាចប្រាប់ពិភពលោកអំពីជំងឺរបស់នាង ដូច្នេះសូមមកយកព័ត៌មាន” ។
***រោគសញ្ញា Kanmoku
បើតាមអ្នកជំនាញ ជារោគសញ្ញាដែលអ្នកអាចសន្ទនាធម្មតាជាមួយគ្រួសារ ឬមនុស្សជិតស្និទ្ធ ប៉ុន្តែពេលប្រឈមមុខជាមួយមនុស្សមិនស្គាល់នឹងមានអារម្មណ៍មិនសុខ ថប់បារម្ភ មិនអាចនិយាយស្តី។
នៅកន្លែងតាំងពិព័រណ៍របស់នាងមានស្នាដៃចំនួន ៤០ ដែលដាក់តាំងបង្ហាញ។ គំនូរទាំងនោះត្រូវបានគូរដោយហាយលាយ និងថ្នាំពណ៌ទឹកដែលមានរចនាពិសេស។ ក្នុងនោះទាក់ទាញភ្នែកអ្នកទស្សនាជារូបភាពអាថ៌កំបាំងដែលគូរដោយពណ៌ខៀវ។
ក្នុងគំនូរបង្ហាញពីត្រីជាមួយលំនាំទាន់សម័យ បង្កើតបានជាបរិយាកាសប្លែកសម្រាប់រូបភាព។ នៅពេលសាកសួរអំពីអ្វីដែលបង្ហាញក្នុងរូបភាព អ្នកនិពន្ធ Sanami កំពុងពួនក្រោយខ្នងម្តាយ។ ទោះបីជាអ្នកកាសែតបានផ្តល់នាមប័ណ្ណ និងណែនាំខ្លួន ប៉ុន្តែ Sanami មិននិយាយអ្វីឡើយ គ្រប់យ៉ាងម្តាយជាអ្នកឆ្លើយជំនួស។
ម្តាយរបស់ Sanami បាននិយាយថា
“កូនរបស់ខ្ញុំមិនអាចនិយាយបានទេ។ ខ្ញុំក៏មិនដឹងលម្អិតរូបគំនូរដែរ” ។
នៅពេលនោះទឹកមុខរបស់ Sanami អាប់អួរយ៉ាងខ្លាំង នាងមើលចុះក្រោមតែប៉ុណ្ណោះ។ ពេលសុំថតរូប និងវីដេអូ ម្តាយនាងនិយាយថា “កូនស្រីខ្ញុំមិនចង់បង្ហាញមុខទេ” ហេតុនេះអ្នកកាសែតអាចថតបានតែពីក្រោយប៉ុណ្ណោះ។
ទោះបីជាចង់និយាយ តែមិនអាចនិយាយបាន
ខណៈពេលឈានជើងចូលសាលាមត្តេយ្យភ្លាម ម្ដាយរបស់ Sanami យល់ថាកូនស្រីរបស់ខ្លួនមិនដូចក្មេងៗដទៃទៀតទេ។ ក្នុងរយៈពេល ៣ ឆ្នាំ ពាក្យតែមួយគត់ដែល Sanami បាននិយាយគឺ “ចាស” ក្នុងពិធីចូលរៀន។ ស្ថានភាពស្ងៀមស្ងាត់នេះបានបន្តរហូតដល់ពេលនាងចូលសាលាបឋមសិក្សា។
Sanami ក៏ខិតខំរៀន និងអានភាសាជប៉ុនឱ្យឮៗនៅផ្ទះ ទោះជាយ៉ាងណា នៅចំពោះមុខមនុស្សគ្រប់គ្នានាងមិនអាចនិយាយបានទេ។
ទ្រាំនឹងការលេងសើច ពាក្យចចាមអារ៉ាមមិនពិត
នៅពេលរៀនបឋមសិក្សាឆ្នាំទី ២ Sanami ត្រូវបានគ្រូពេទ្យឯកទេសធ្វើរោគវិនិច្ឆ័យថាជំងឺ “Kanmoku” ។
ដោយសារនេះមិនមែនជារោគសញ្ញាទូទៅ ពិបាកពន្យល់ដល់មនុស្សគ្រប់គ្នាណាស់។ សូម្បីតែឡើងថ្នាក់ ក៏ Sanami តែងតែត្រូវមិត្តភក្តិរបស់នាងចំអកថា “ហេតុអ្វីបានជាអ្នកមិននិយាយ?” នាងតែងតែទ្រាំនឹងការខ្សឹបខ្សៀវពីក្រោយខ្នង និងពាក្យចចាមអារ៉ាមមិនពិត។
“កូនចង់បានសៀវភៅ Sketch និងប៊ិចមួយដើម”
ចំណុចរបត់នៃជីវិតរបស់ Sanami ចាប់ផ្តើមពេលរៀនបឋមសិក្សាឆ្នាំទី ៥ នាងសុំម្តាយអោយទិញសៀវភៅ Sketch និងប៊ិចសម្រាប់គូរ។
Sanami ចូលចិត្តគូរគំនូរខ្លាំងណាស់ នាងតែងតែអង្គុយម្នាក់ឯងក្នុងបន្ទប់ដើម្បីគូរ។ នាងគូរគំនូរច្រើនប្រភេទដូចជា គំនូរប្រេង គំនូរពណ៌ទឹក គំនូរប្រើជក់ជាដើម។ តាមរយៈគំនូរទាំងនេះ អ្នកអាចទទួលបានអារម្មណ៍ពីការផ្លាស់ប្តូរខាងក្នុងនារីម្នាក់នេះ។ ពីមុនរហូតមកដល់ពេលនេះនាងគូរជាង ១០០០ ផ្ទាំង។ ប្រសិនបើផ្តោតអារម្មណ៍មួយថ្ងៃ Sanami ចំណាយពេល ១០ ម៉ោងដើម្បីគូរ។
ម្តាយរបស់ Sanami ក៏មានអារម្មណ៍ថាកូនស្រីកំពុងផ្លាស់ប្តូរបន្តិចម្តងៗចាប់តាំងពីនាងផ្តោតលើការគូរ។
ផ្តាំផ្ញើពាក្យលើកទឹកចិត្តដល់អ្នកដែលមានស្ថានភាពដូចគ្នា។
កាលពីខែតុលាឆ្នាំមុន ជាលើកដំបូងដែល Sanami សម្រេចចិត្តទទួលយកជំហានថ្មី នាងសម្រេចចិត្តប្រកាសជាសាធារណៈជំងឺរបស់ខ្លួន។
Sanami អានអត្តបទនិយាយពី Mizuki Suginohara ដោយចៃដន្យ សិស្សវិទ្យាល័យឆ្នាំទី ២ នៅ Shiga ។ កាលនៅក្មេង ម្នាក់នេះក៏ត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Kanmoku ហើយរកឃើញភាពរីករាយតាមរយៈការធ្វើបង្អែម។ ដោយមានការគាំទ្រពីគ្រួសារ និងការប្រមូលថវិកាពីសំណាក់មហាជន Mizuki Suginohara បច្ចុប្បន្នជាអ្នកដុតនំនៅហាងលក់នំ។
ប្រសិនបើអាចបង្ហាញខ្លួនឯងតាមរយៈការគូរ នាងនឹងត្រូវបានមនុស្សនៅជុំវិញទទួលស្គាល់។ ដូច្នេះហើយ Sanami ព្យាយាមបង្ហាញពីអារម្មណ៍ខាងក្នុងរបស់ខ្លួនតាមរយៈគំនូរ។
នៅទីបំផុត Sanami បានសម្រេចចិត្តធ្វើពិព័រណ៍សិល្បៈ ហើយក៏ជាប្រភពសំបុត្រដែលផ្ញើទៅកាន់ NHK ។
អារម្មណ៍ដែលមិនអាចបង្ហាញចេញជាពាក្យបានប្រែទៅជាពាក្យវិជ្ជមាន
បន្ទាប់ពីតាំងពិព័រណ៍ ឃើញថារចនាប័ទ្មគំនូររបស់ Sanami ផ្លាស់ប្តូរបន្តិចម្តងៗ។ មិនត្រឹមតែគូរប៉ុណ្ណោះទេ នាងចាប់ផ្តើមសរសេរអក្សរ។ ឥឡូវនេះរូបភាពប្រែក្លាយទៅជាទំព័រកំណត់ហេតុប្រចាំថ្ងៃ ដើម្បីអោយ Sanami ផ្តាំផ្ញើពាក្យវិជ្ជមាន។
“រោគសញ្ញា Kanmoku ជាផ្នែកមួយរបស់ខ្លួន”
គំនូរជាភស្តុតាងបញ្ជាក់ថាខ្ញុំបាន និងកំពុងមានជីវិត។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបន្តបន្ថែមភស្តុតាងបែបនេះ។
យោងទៅតាមអ្នកជំនាញ រោគសញ្ញានេះកើតឡើងចំពោះមនុស្ស ២-៥ នាក់ក្នុងចំណោម ១០០០ នាក់។ ភាគច្រើនកើតតាំងពីនៅក្មេង ចេញរោគសញ្ញាអំឡុងពេលផ្លាស់ប្តូរបរិយាកាសកុមារចូលសាលាមត្តេយ្យ ឬបឋមសិក្សា ករណីខ្លះចេញរោគសញ្ញាពេលពេញវ័យ។
នៅជុំវិញអ្នកប្រហែលជាមានមនុស្សដែលមានរោគសញ្ញានេះ។ អ្វីដែលសំខាន់ត្រូវយល់អំពីបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងភាពអៀនខ្មាស់របស់ពួកគេ ហើយជួយពួកគេបង្កើតបរិយាកាសសុវត្ថិភាព។
វេជ្ជបណ្ឌិត Seiji Yoshida ខាងផ្នែកកុមារ សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត Osaka បាននិយាយថា “ការព្យាបាលទាន់ពេលវេលាអាចធ្វើអោយស្ថានភាពប្រសើរឡើង ពិតជាពិបាកបើគ្រាន់តែផ្អែកលើការខិតខំប្រឹងប្រែងផ្ទាល់របស់អ្នកជំងឺ។ បញ្ហាស្ថិតលើការយល់ដឹងចំពោះរោគសញ្ញានេះនៅមានកម្រិតទាបនៅឡើយ។ សាលារៀនគួរតែលើកទឹកចិត្តបុគ្គលទាំងនេះឱ្យស្វែងរកការព្យាបាលសុខភាព បង្កើតបរិយាកាសដែលបុគ្គលរូបនេះមានអារម្មណ៍ស្ងប់ចិត្ត” ។
Sacchan