តារាចម្រៀង rock Randy Bachman រកឃើញហ្គីតាដែលត្រូវ​គេ​លួច​កាលពី ៤៥ ឆ្នាំមុននៅជប៉ុន

ហ្គីតាដែលធ្លាប់ជាកម្មសិទ្ធិរបស់តារាចម្រៀង rock ល្បីឈ្មោះ Randy Bachman អតីតសមាជិកក្រុមតន្រ្តី rock Canada The Guess Who ធ្លាប់ត្រូវគេលួចកាលពី ៤៥ ឆ្នាំមុននៅ Toronto ដែលថ្មីៗនេះគាត់ធ្វើដំណើរទៅសម្តែង​រក​​ឃើញ​​នៅ​ប្រទេស​ជប៉ុន។ តារា rock ពេលនេះកំពុងនៅទីក្រុងតូក្យូដើម្បីស្វែងរក “ហ្គីតាសំណព្វ” របស់ខ្លួន។ តន្ត្រី​ករ​ជន​ជាតិ​ជប៉ុន​ម្នាក់ទិញហ្គីតានៅហាងលក់វត្ថុបុរាណមួយ ហើយយល់ព្រមប្រគល់វាទៅឱ្យម្ចាស់ដើមវិញ។

Bachman ទិញ Gretsch 6120 Chet Atkins ក្នុងឆ្នាំ ១៩៥៧ ក្នុងហាងហ្គីតាមួយនៅស្រុកកំណើត Winnipeg, Manitoba កាលគាត់អាយុ ១៩ ឆ្នាំ។ តារាចម្រៀង Rock ម្នាក់ទៀតឈ្មោះ Neil Young ក៏ទៅជាមួយខណៈពេលនោះ ហើយក៏បានទិញហ្គីតា Gretsch នៅហាង​ផង​ដែរ។ គាត់បាននិយាយថាមិត្តរបស់គាត់ Young នៅតែរក្សាហ្គីតា Gretsch ដែលខ្លួនបានទិញ ហើយគាត់សប្បាយចិត្តដែលបានដឹងថាហ្គីតារបស់លោក Bachman ត្រូវបានរកឃើញនៅប្រទេសជប៉ុន។

Gretsch “ពណ៌ទឹកក្រូច” មានតម្លៃ ៤០០ ដុល្លារ។ កាលនោះលោក Bachman បង់ប្រាក់មុនចំនួន ២០០ ដុល្លារ ជាប្រាក់ដែលគាត់បានសន្សំតាមរយៈការងារជាច្រើនរួមមានដឹកជញ្ជូនឯកសារ មើលក្មេង និងកាត់ស្មៅ។ បទ​ចម្រៀង “American Woman” ដែល​ជា​បទ​ចម្រៀង​ល្បី​របស់ The Guess Who ត្រូវបានថតដោយប្រើហ្គីតានេះ។

តារា​ចម្រៀង rock ​រូប​នេះ​បាន​និយាយ​ថា ហ្គីតាមានអត្តន័យពិសេសសម្រាប់គាត់ រហូតដល់ថ្នាក់រាល់ពេលទៅសម្តែង​គាត់​ត្រូវ​ចាក់សោរហ្គីតាមុនពេលចាកចេញពីបន្ទប់សណ្ឋាគារ។

ទោះជាយ៉ាងណា នៅពេលដែល Bachman ទៅសម្តែងជាមួយក្រុមតន្រ្តីក្នុងឆ្នាំ ១៩៧៧ ហ្គីតា Gretsch ដ៏មានតម្លៃត្រូវគេលួចនៅសណ្ឋាគារ Toronto ។ នៅថ្ងៃនោះ អ្នក​គ្រប់​គ្រង​ក្រុម​តន្ត្រី​ចាកចេញពីបន្ទប់មួយសន្ទុះដើម្បីទៅទូទាត់​ប្រាក់ ហើយភ្លេចចាក់សោរ។ ក្រោយមកហ្គីតាត្រូវបានរាយការណ៍ថាបាត់។

នៅពេលដែលលោក Bachman រាយការណ៍ទៅប៉ូលីសមូលដ្ឋាន គាត់ត្រូវបានគេប្រាប់ថា ហ្គីតាប្រហែលជាត្រូវក្រុមក្លែង​ធ្វើ​ជា​បុគ្គលិក​សណ្ឋាគារ​លួច។ ទោះបីជាការស្វែងរកហ្គីតាហាក់ដូចជាអស់សង្ឃឹម លោក Bachman នៅតែបន្តនិយាយ​អំពី​ហ្គីតា​សំណព្វតាមរយៈ​វិទ្យុ និងបទសម្ភាសន៍។

នៅខែមីនាឆ្នាំ ២០២០ អ្នកគាំទ្រជនជាតិកាណាដាចាប់ផ្តើមដំណើរការស្វែងរក Gretsch ដែលបាត់របស់លោក Bachman ដោយថតរូបហ្គីតា​តាម​រយៈ​វីដេអូ​ចាស់​របស់​គាត់ ហើយចែករំលែកលើអុីនធឺណេត។ អ្នក​គាំទ្រ​មួយ​ចំនួនទៅ​រកនៅហាងហ្គីតាមួយ​នៅ​តំបន់ Daikanyama ក្នុង​ទីក្រុង​តូក្យូ។

ជាមួយគ្នានេះ ពួកគេក៏បានរកឃើញតម្រុយលើ Youtube មួយផងដែរ។

ក្នុងវីដេអូនេះ តន្ត្រីករជនជាតិជប៉ុន Takeshi ទិញហ្គីតា Gretsch នៅហាង ហើយក៏ធ្លាប់សាកល្បងលេងហ្គីតាដែរ។

បន្ទាប់មកអ្នកគាំទ្រទាក់ទងទៅកាន់លោក Bachman ហើយពិតជាគួរអោយភ្ញាក់ផ្អើលដែលលំនាំនៅលើហ្គីតា Takeshi កំពុងកាន់ដូចគ្នាទៅនឹងហ្គីតាសំណព្វរបស់គាត់។

លោក Bachman រំលឹកថា “ខ្ញុំគិតថាវាជាហ្គីតារបស់ខ្ញុំ” ។ ភ្លាមៗនោះគាត់បានទាក់ទងទៅកាន់ Takeshi ហើយពួកគេជួបគ្នាតាមរយៈ Zoom កាលពីខែមិថុនា ឆ្នាំ ២០២០ ។

តន្ត្រីករជនជាតិជប៉ុនទិញហ្គីតា Gretsch ក្នុងឆ្នាំ ២០១៤ ។ គាត់ឈានចូល Guitar Traders Tokyo នៅ Daikanyama ហើយ​បាន​ឃើញ​ហ្គីតាព្យួរនៅលើជញ្ជាំង។ បើតាមម្ចាស់ហាង ហ្គីតា Gretsch នេះត្រូវបានទិញនាដូវក្តៅនោះនៅឯពិព័រណ៍ពាណិជ្ជកម្មហ្គីតាបុរាណនៅ Dallas រដ្ឋ Texas ។

Takeshi ជាអ្នកនិពន្ធតន្ត្រីឱ្យសិល្បករល្បីៗជាច្រើនដូចជា Arashi, Tokio និង Kanjani Eight បាននិយាយថាពេលគាត់និពន្ធតន្រ្តីដោយប្រើ Gretsch មានអារម្មណ៍ដូចជា “ហ្គីតាកំពុងណែនាំគាត់” ។ នៅពេលលោក Bachman ទាក់ទងទៅ រឿងដំបូងដែល Takeshi គិតដល់គឺបោកប្រាស់។ ថ្វីត្បិតតែមិនប្រាកដ គាត់នៅតែសម្រេចចិត្តនិយាយ​ជា​មួយ​អ្នកដែលទទួលស្គាល់ខ្លួនជា Randy Bachman ម្នាក់នេះ។ ជាការពិតណាស់ ភាគីម្ខាងទៀតជាសមាជិកស្ថាប​និក The Guess Who ។

ជាមួយនឹងទឹកមុខម៉ឺងម៉ាត់ រាតាចម្រៀង rock រៀបរាប់គាត់បានសន្សំប្រាក់ដើម្បីទិញហ្គីតា រីឯថ្ងៃដែលវាត្រូវគេ​លួច ក៏ដូចជារឿងគាត់មិនអាច​និពន្ធ​បទ​ចម្រៀងបន្ទាប់ពីហ្គីតាសំណព្វបាត់។ ក្រោយមក Takeshi បានសម្រេច​ចិត្ត​ប្រគល់ Gretsch ទៅអោយលោក Bachman វិញ។

Takeshi បានអោយដឹង “ខ្ញុំ​គិត​ថា ប្រសិនបើតារាចម្រៀង rock យកចិត្តទុកដាក់ចំពោះហ្គីតាដល់ថ្នាក់នឹង ខ្ញុំ​គួរ​តែ​ប្រគល់​វា​ទៅ​គាត់​វិញ” ។ “ខ្ញុំបានប្រាប់ Randy ថាខ្ញុំចង់ឱ្យគាត់និពន្ធបទល្បី (ដោយប្រើ Gretsch) ហើយអនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​រួម​កម្មវិធី” ។

លោក Bachman ពឹងអ្នកស្គាល់គ្នាឱ្យស្វែងរក Gretsch មួយទៀតដែលផលិតក្នុងឆ្នាំ ១៩៥៧ ហើយសម្រេចចិត្តផ្លាស់ប្តូរវាជាមួយ Gretsch ដែលបានបាត់ឥឡូវនេះជាកម្មសិទ្ធិរបស់ Takeshi ។

លោក Bachman បានអោយដឹងមុនព្រឹត្តិការណ៍ប្តូរហ្គីតាដែលធ្វើនៅថ្ងៃទី ១ ខែកក្កដានៅស្ថានទូតកាណាដាប្រចាំប្រទេសជប៉ុន៖ “ដោយ​សារ​តែ​ការ​បិទ​ព្រំដែនក្នុងអំឡុងពេលជំងឺកូវីដ ១៩ រាតត្បាត ពិភពលោកហាក់ដូចជាប្រែ​ប្រួល​ពីរ​បី​ឆ្នាំ​កន្លង​មក ប៉ុន្តែ​រឿង​ល្អ​បាន​កើត​ឡើង ពិតជាមិនគួរអោយជឿ” ។

តារាចម្រៀង Rock បាន​បន្ថែម​ថា “Takeshi នឹង​ក្លាយ​ជា​បងប្អូន​ប្រុស​ហ្គីតា​របស់​ខ្ញុំ។ ខ្ញុំមិនអាចរង់ចាំទៀតឡើយ” ។

អ្នក​ទាំង​ពីរ​គ្រោង​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ស្ថានទូត​បន្ទាប់​ពី​ផ្លាស់​ប្តូរ​ហ្គីតា។ សម្រាប់ Bachman នេះ​នឹង​ជា​ការ​ប្រគុំ​តន្ត្រី​​លើក​​ដំបូង​​របស់​​គាត់​​នៅ​​ប្រទេស​​ជប៉ុន​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥ មក។

លើសពីនេះ Bachman តាំងចិត្តនិពន្ធបទចម្រៀងថ្មី បន្ទាប់ពីទទួលបានហ្គីតា Gretsch មកវិញ ហើយចង់បន្ថែមភាសាជប៉ុនទៅក្នុងបទចម្រៀង។ គាត់បាននិយាយថា “ខ្ញុំសង្ឃឹមថា Takeshi នឹងចូលរួមបទចម្រៀងនេះ” ។ បទ​ចម្រៀង​​នេះ​​គ្រោង​​ដាក់ចំណងជើងថា “Lost and Found” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: