ជំងឺកូវីដ ១៩ និងអាកាសធាតុក្តៅខ្លាំង តើគួរពាក់ ឬមិនពាក់ម៉ាសកំពុងបង្កចម្រូងចម្រាសនៅក្នុងប្រទេសជប៉ុន
អាកាសធាតុក្តៅកំណត់ត្រាគ្របដណ្តប់ជប៉ុន និងជំងឺរាតត្បាតកូវីដ ១៩ ទោះបីជាមានការធ្លាក់ចុះក៏នៅតែមានហានិភ័យជាច្រើន សាលារៀននៅទូទាំងប្រទេសកំពុងពិចារណាទៅលើសំណួរ តើគួរពាក់ ឬមិនគួរពាក់ម៉ាស?
ក្រសួងអប់រំបានស្នើម្តងហើយម្តងទៀតឱ្យកុមារដោះម៉ាស់ចេញពេលចូលរួមមុខវិជ្ជាកីឡា ឬតាមផ្លូវទៅសាលារៀនដើម្បីជៀសវាងស្ថានភាពចាញ់ថ្ងៃ។ ទោះជាយ៉ាងណា គោលការណ៍ណែនាំនេះត្រូវគេធ្វើព្រងើយនៅតំបន់ជាច្រើនក្នុងប្រទេសជប៉ុន ជាពេលដែលរដូវវស្សាបានកន្លងផុត ហើយកម្តៅកាន់តែក្តៅខ្លាំង។ សាលាមិនអាចមិនខ្វល់ចំពោះការព្រួយបារម្ភរបស់ឪពុកម្តាយដែលចង់ឱ្យកូនរបស់ពួកគេពាក់ម៉ាស់ជាប់នោះទេ ដោយសារតែខ្លាចឆ្លងវីរុស។
នៅវេលាម៉ោងប្រហែល ២ៈ៣០ នាទីរសៀល ថ្ងៃទី ២៩ ខែមិថុនា នៅសាលាបឋមសិក្សា Hiranishi សង្កាត់ Nishi, Nagoya គ្រូបង្រៀនស្រីម្នាក់បាននិយាយទៅកាន់សិស្សថ្នាក់ទី ២ មុនពេលប្អូនៗត្រឡប់ទៅផ្ទះថា “ថ្ងៃនេះក្តៅខ្លាំង ហើយអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតប្អូនៗ។ ប្អូនៗត្រូវដោះម៉ាសចេញពេលធ្វើដំណើរទៅផ្ទះ” ។
នៅថ្ងៃនោះ សេចក្តីប្រកាសកំដៅថ្ងៃគ្រោះថ្នាក់ត្រូវបានដាក់ចេញដោយខេត្ត Aichi លើកដំបូងក្នុងឆ្នាំនេះ ជាមួយនឹងកម្រិតបារតឡើងដល់កម្រិតខ្ពស់ ៣៧,៥ អង្សាសេនៅ Nagoya ។ ទោះជាយ៉ាងណានៅតែមានប្អូនៗពាក់ម៉ាសតាមផ្លូវត្រឡប់ទៅផ្ទះ។ នៅពេលអ្នកយកព័ត៌មានរបស់ Mainichi Shimbun សួរ ហេតុអ្វីបានជាប្អូនៗពាក់ម៉ាស? ប្អូនម្នាក់ឆ្លើយថា “ខ្ញុំខ្លាចចាញ់ថ្ងៃ ប៉ុន្តែខ្ញុំក៏ខ្លាចឆ្លងវីរុសដែរ” ។
Momono Kojima គ្រូបង្រៀនអាយុ ២៣ ឆ្នាំម្នាក់បានប្រាប់សារព័ត៌មានថា “ខ្ញុំបានប្រាប់ប្អូនៗឱ្យដោះម៉ាសចេញយ៉ាងហោចណាស់ ២ ទៅ ៣ នាទីពេលពួកគេត្រឡប់ទៅផ្ទះក្រោមអាកាសធាតុក្តៅ អោយតែប្អូនៗមិននិយាយគ្នា។ ខ្ញុំក៏លើកទឹកចិត្តប្អូនៗផឹកទឹកក្នុងពេលរៀនផងដែរ” ។
កាលពីថ្ងៃទី ១០ ខែមិថុនា ក្រសួងអប់រំបានអំពាវនាវអោយក្រុមប្រឹក្សាអប់រំមូលដ្ឋានស្រុកផ្តល់ការណែនាំឱ្យបានហ្មត់ចត់ដល់សាលារៀន ដើម្បីធានាឱ្យកុមារដោះម៉ាសចេញអំឡុងពេលហាត់ប្រាណ និងសកម្មភាពក្លឹប មិនថាក្នុងផ្ទះ ឬក្រៅផ្ទះ និងតាមផ្លូវត្រឡប់ទៅផ្ទះ ឬផ្ទុយមកវិញ។
ទោះបីជាក្រសួងបានចេញបទប្បញ្ញត្តិទាំងនេះកាលពីខែឧសភា ប៉ុន្តែនៅតែមានករណីកុមារជាច្រើនត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាចាញ់ថ្ងៃបន្ទាប់ពីធ្វើលំហាត់ប្រាណដោយសារពាក់ម៉ាស។
មន្ត្រីក្រសួងម្នាក់បាននិយាយថា៖ “យើងគ្មានជម្រើសអ្វីក្រៅពីពន្យល់វាម្តងហើយម្តងទៀត ដើម្បីប្រាកដថាបទប្បញ្ញត្តិត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់” ។
ទោះជាយ៉ាងណា នាយកសាលាបឋមសិក្សា Hiranishi លោក Kozo Matsufuji អាយុ ៥៥ ឆ្នាំបាននិយាយថា “ជាមូលដ្ឋាន ការពាក់ម៉ាសអាស្រ័យលើមនុស្សម្នាក់ៗ ដូច្នេះយើងមិនអាចប្រាប់កុមារឱ្យដោះម៉ាសចេញបានទេ។ ជាការពិតណាស់ ក្រោមអាកាសធាតុក្តៅខ្លាំង យើងមិនអាចធ្វើព្រងើយបានឡើយ ប៉ុន្តែការសម្រេចចិត្តចុងក្រោយអាស្រ័យលើប្អូនៗ។ អ្វីដែលសំខាន់ត្រូវប្រាប់ប្អូនពេលដោះម៉ាសចេញ ហើយទុកឱ្យមនុស្សធំធ្វើជាគំរូសម្រាប់ប្អូនៗ” ។
នៅសង្កាត់ Adachi ទីក្រុងតូក្យូ ការិយាល័យសង្កាត់បានផ្ញើអុីម៉ែលទៅកាន់អាណាព្យាបាលសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យ បន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងអប់រំកាលពីខែមិថុនា សុំឱ្យពួកគេលើកទឹកចិត្តកូនឱ្យដោះម៉ាសចេញនៅរដូវក្តៅ។ ទោះជាយ៉ាងណា ឪពុកម្តាយមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះសុខភាពកូនៗ ក៏ដូចជាសិស្សមួយចំនួនមិនព្រមដោះម៉ាសព្រោះខ្លាចបញ្ចេញមុខ។
ជាង ២ ឆ្នាំកើតជំងឺរាតត្បាត ម៉ាសមុខបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះក្នុងជីវិតមនុស្សគ្រប់គ្នា ស្ទើរតែគ្មានឱកាសបង្ហាញមុខមាត់នៅចំពោះមុខអ្នកដទៃ។ រហូតដល់ថ្នាក់មានការប្រៀបប្រដូចលើអុីនធឺណេតថាដោះម៉ាសទៅនឹងដោះខោទ្រនាប់ ដោយហៅម៉ាសថា “ខោទ្រនាប់បិទមុខ” ។ មន្ត្រីសង្កាត់ Adachi ម្នាក់បាននិយាយថា៖ “កុមារមួយចំនួនយកដៃខ្ទប់មាត់ ព្រោះតែខ្មាស់អៀនពេលដោះម៉ាសចេញតាមការណែនាំរបស់គ្រូ” ។
សាស្ត្រាចារ្យ Ryoji Kasanami នៅសាកលវិទ្យាល័យ Nara ដែលមានជំនាញក្នុងការទប់ទល់នឹងស្ថានភាពចាញ់ថ្ងៃ និងបញ្ហាសុខភាពផ្នែកសាលារៀនបានវាយតម្លៃថា “ប្រសិនបើអ្នកប្រៀបធៀបហានិភ័យចាញ់ថ្ងៃជាមួយនឹងជំងឺកូវីដ ១៩ នៅរដូវក្តៅ ចាញ់ថ្ងៃទំនងជាបណ្តាលឱ្យមានស្ថានភាពអាក្រក់ជាង រហូតបណ្តាលអោយស្លាប់។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាមិនប្រថុយដើម្បីឆ្ពោះទៅរក Zero COVID” ។
“នៅប្រទេសជប៉ុន មនុស្សមានទំនោរធ្វើតាមអ្វីដែលមនុស្សនៅជុំវិញខ្លួនកំពុងធ្វើ។ ជាដំបូងអ្នករាល់គ្នាត្រូវផ្តោតលើការជៀសវាងហានិភ័យធំជាង” ។
Sacchan