អាកាសធាតុក្តៅខ្លាំងខុសធម្មតា អ្នកដែលរស់នៅជប៉ុនគួរកត់សម្គាល់ស្ថានភាពខ្វះជាតិទឹក
បច្ចុប្បន្ននេះជប៉ុនកំពុងប្រឈមនឹងរដូវក្តៅខ្លាំង អាកាសធាតុក្តៅភ្លាមៗអាចបណ្តាលអោយមនុស្សជាច្រើនត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសាររងកម្តៅហួសហេតុ។ ជាពិសេសបុគ្គលដែលត្រូវយកចិត្តទុកដាក់គឺមនុស្សចាស់ និងកុមារ។
រស់នៅប្រទេសជប៉ុនអំឡុងពេលនេះ អ្នកត្រូវដឹងអំពីស្ថានភាពខ្សោះជាតិទឹក ស្លាប់ដោយសាររងកម្តៅហួសហេតុ អនុវត្តវិធានការការពារ និងសង្គ្រោះបឋមអោយបានសមស្រប។
យោងទៅតាមស្ថិតិរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង ចំនួនអ្នកដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារកំដៅកើនឡើងយ៉ាងឆាប់រហ័សក្នុងខែកក្កដាជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា នៅឆ្នាំនេះ មនុស្សចំនួន ៤៥៥១ នាក់ (តួលេខបឋម) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ កើនឡើងចំនួន ៣៤៤៨ នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មនុស្សជាច្រើនស្លាប់ដោយសារពួកគេមិនទាន់អាចសម្របខ្លួនទៅនឹងកម្តៅខ្លាំងកំណត់ត្រា។ លើសពីនេះ ជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីការខ្សោះជាតិទឹកក្នុងរយៈពេលយូរ ប៉ុន្តែស្ថានភាពខ្សោះជាតិទឹកមិនងាយកត់សម្គាល់នោះទេ។
ជាពិសេស មនុស្សចាស់មានបរិមាណទឹកក្នុងខ្លួនទាបជាងមនុស្សវ័យក្មេង ហើយកម្រមានអារម្មណ៍ស្រេកទឹក។ ដូច្នេះហើយ សូមព្យាយាមបរិភោគអោយបានទៀតទាត់ និងផឹកទឹកញឹកញាប់ទោះអ្នកមិនស្រេកក៏ដោយ។ ព្យាយាមផឹកទឹកប្រហែល ១ កែវក្នុងមួយម៉ោង។ មនុស្សមួយចំនួនខ្ជិលផឹកទឹកព្រោះមិនចង់ចូលបន្ទប់ទឹក ប៉ុន្តែការពារស្ថានភាពខ្សោះជាតិទឹកគួរតែជាអាទិភាពចម្បង។
មនុស្សចាស់ងាយនឹងរងកម្តៅខ្លាំងមិនថានៅក្នុងផ្ទះក៏ដោយ ស្លៀកសម្លៀកបំពាក់រលុងមានដៃអាវ និងកធំទូលាយ។ មនុស្សកាន់តែចាស់មិនងាយចាប់អារម្មណ៍នឹងសីតុណ្ហភាពឡើយ ត្រូវមើលទែម៉ូម៉ែត្រ និងកែតម្រូវសីតុណ្ហភាពក្នុងបន្ទប់។
ទន្ទឹមនឹងនេះ ត្រូវរក្សាកម្លាំងសាច់ដុំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយធ្វើលំហាត់ប្រាណស្រាលនៅពេលព្រឹកព្រលឹម និងសម្រួលមុខងារបញ្ចេញញើស។
មិនត្រឹមតែមនុស្សចាស់កុមារក៏ងាយខ្វះជាតិទឹកដែរ។ ដោយសារការដុតរំលាយអាហារក្នុងខ្លួនកុមារលឿនជាង តម្រូវការទឹកក៏កាន់តែច្រើន មិនត្រឹមតែប៉ុណ្ណឹងមុខងារគ្រប់គ្រងសីតុណ្ហភាពមិនទាន់ពេញលេញនៅឡើយ។
តើត្រូវធ្វើអ្វីពេលខ្វះជាតិទឹក?
ផ្តល់ជាតិទឹកភ្លាមៗជាមួយនឹងដំណោះស្រាយជាតិទឹកមានលក់នៅឱសថស្ថាន។ សារធាតុរាវមានអំបិល និងស្ករ ដែលជួយឱ្យរាងកាយស្រូបយកទឹកបានលឿន។
ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗតាមពេលវេលា ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ថារាងកាយមានសញ្ញាខុសធម្មតា អ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រើម៉ាស៊ីនត្រជាក់
តាមការព្យាករអាកាសធាតុ ក្តៅខ្លាំងអាចនឹងអូសបន្លាយរយៈពេលយូរជាងនេះ។ មនុស្សមួយចំនួនមិនប្រើម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង ប៉ុន្តែបើគិតដល់កម្រិតក្តៅខ្លាំងខុសពីធម្មតា ហើយនៅតែបន្តកើនឡើងទៀតនោះ គួរប្រើម៉ាស៊ីនត្រជាក់អោយបានត្រឹមត្រូវ កុំប្រើហួសប្រមាណ។
នៅហាងទូទៅដូចជា “Shibuya Loft” (Tokyo) ទំនិញប្រហែល ៣៥០ ប្រភេទត្រូវបានដាក់តាំងនៅកន្លែងឯកទេស។ ក្នុងនោះមានខ្សែកត្រជាក់សម្រាប់មនុស្សគ្រប់វ័យ មួកដែលធ្វើពីវត្ថុធាតុដើមពិសេសអាចស្រូបយកទឹក និងត្រជាក់។
◆ ចំណុចគួរចាប់អារម្មណ៍ការពារការរងកម្តៅខ្លាំង
・កែតម្រូវការកំណត់សីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ និងការប្រើប្រាស់កង្ហារអគ្គិសនី។
・ផឹកទឹកឱ្យបានញឹកញាប់ទោះបីជាមិនស្រេកក៏ដោយ។
・ពេលបែកញើស អ្នកក៏អាចបន្ថែមអំបិលបានដែរ។
・ដោះម៉ាសចេញពេលគ្មានមនុស្ស។
・ប្រើឆ័ត្រ ឬមួកពេលចេញទៅក្រៅ ធ្វើដំណើរទៅកាន់កន្លែងត្រជាក់ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន។
・ជៀសវាងការចេញទៅក្រៅតាមដែលអាចធ្វើទៅបាន អំឡុងពេលមានការព្រមានក្តៅខ្លាំង។
◎ ដំបូន្មានផ្អែកលើឯកសាររបស់ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។
Sacchan