ហេតុ​អ្វី​បានជា​សិក្ខាកាម​វៀតណាម​នៅ Hiroshima សម្លាប់​កូន​បង្កើត​របស់​ខ្លួន?

កន្លងមកធ្លាប់មានព័ត៌មាន​និយាយពីកម្មសិក្សាការីត្រូវចាប់ខ្លួន និងកាត់ទោសនៅតុលាការសង្កាត់ Hiroshima ពី​បទ​ឃាតកម្ម​លើ​ទារក​ ដែល​ជាកូនបង្កើតរបស់ចុងចោទ។

ហេតុ​អ្វីបានជាអ្នកម្តាយរូបនេះសម្លាប់កូនរបស់ខ្លួន?

ស្រ្តីជនជាតិវៀតណាមទៅជប៉ុនក្នុងនាមជា​អ្នក​ហាត់ការ​បច្ចេកទេស ធ្លាប់ឮ​ពាក្យ​ចចាមអារ៉ាមថា បើ​អ្នក​ហាត់ការ​​​បរទេស​​​មាន​​ផ្ទៃ​ពោះ​នឹងត្រូវបណ្តេញចេញ។ នេះជាពាក្យ​ចចាមអារ៉ាម​​មិន​ពិត ប៉ុន្តែនាងជឿលើរឿងនេះ ដែលបណ្តាល​អោយ​មាន​​ហេតុការណ៍​ដ៏​ក្រៀមក្រំ​ខាងលើ។

ក្នុង​សេចក្តី​សម្រេច​នៅ​ខែ​ឧសភា តុលាការបានចង្អុលបង្ហាញថា អ្នក​ពាក់ព័ន្ធ​នឹង​កម្មវិធី​សិក្ខាកាមមិនបានណែ​នាំ​ច្បាស់​លាស់ ហើយ​សោកនាដ​កម្មដែលអាចនឹង​ជៀស​ផុត ប្រសិនបើកម្មសិក្សាការីទទួលបានព័ត៌មានគ្រប់គ្រាន់។

កម្មសិក្សាការីអាយុ​ ២៧ ឆ្នាំជាស្រ្តីមេម៉ាយដែលទៅដល់ប្រទេសជប៉ុនប្រហែល ២,៥ ឆ្នាំមុន ដើម្បីរកប្រាក់ចិញ្ចឹមកូនតូចនៅស្រុកកំណើត។ នាងធ្លាក់ក្នុង​បំណុល​ដោយ​សារ​ត្រូវបង់ “ថ្លៃឈ្មួញកណ្តាល” ដើម្បីចូលរួមកម្មវិធីសិក្ខាកាម។ ចំនួននេះច្រើនជាង ១០០ ដងប្រាក់ដែលឪពុកម្តាយនាងរកបានក្នុងមួយឆ្នាំ។

ចុងចោទ​ប្រាប់​តុលាការ​ថា នាង​មិន​អាច​ចូល​រៀនសាកលវិទ្យាល័យព្រោះមិនចង់​ឱ្យ​កូនស្រីធំដឹងក្តីក្នុងភាពក្រីក្រ។ ក្នុងនាមជាសិក្ខាកាមផ្នែកបច្ចេកទេស នាងប្រមូលផលបន្លែ និងធ្វើការងារផ្សេងទៀតនៅកសិដ្ឋានតំបន់ភ្នំ Higashi-Hiroshima នៅ Hiroshima ។ នាង​ផ្ញើ​ប្រាក់ប្រចាំខែជិត ៩០% (១០០,០០០ យ៉េន) ទៅស្រុក។

កម្មសិក្សាការីមានមិត្តប្រុសនៅប្រទេសជប៉ុន ប៉ុន្តែជននោះបាត់ខ្លួនបន្ទាប់ពីដឹងថានាងមានផ្ទៃពោះជាមួយខ្លួន។ ចុង​ចោទ​សារភាព​ថា នាង​​មិន​​ហ៊ាន​​ពិគ្រោះ​​ជា​មួយ​​អ្នក​​ណា​ទេ ព្រោះ​ខ្លាចត្រូវបណ្តេញចេញ។

នាងទៅកាន់មន្ទីរពេទ្យ Higashi-Hiroshima ចំនួនពីរដង ម្តងទៅដើម្បីរំលូតកូន និងលើកទីពីរដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិតចំពោះការសម្រាលកូន។ ប៉ុន្តែនាងបានអោយដឹងថា នាង​ត្រូវ​គេ​បដិសេធ​សេវា​ពេទ្យ​ទាំង​ពីរ​លើក​ព្រោះ​​គ្មាន​​អ្នក​​បក​ប្រែ។

នាងបិទបាំងពោះដែលកាន់តែធំដោយប្រើអាវក្រៅ ហើយបន្តទៅធ្វើការ។

នៅខែវិច្ឆិកា ឆ្នាំ ២០២០ នាងសម្រាលកូននៅអន្តេវាសិកដ្ឋានក្រុមហ៊ុនរបស់នាងនៅ Higashi-Hiroshima ។ ប៉ុន្តែ​​នាង​​ខ្លាច​សម្លេងយំរបស់ទារកធ្វើ​ឱ្យលាតត្រដាង​រឿង​នេះ នាងយកស្កុតបិទ​មាត់ទារក ហើយទុក​ឱ្យ​ទារក​ថប់​ដង្ហើម នេះ​បើ​តាម​ដំណើរ​រឿងក្នុង​សវនាការ។ បន្ទាប់មក​នាងបញ្ចុះ​សពទារកក្នុង​បរិវេណ​អន្តេវាសិក​ដ្ឋាន។

ក្រោយ​មកស្ត្រី​ដែល​ជា​សិក្ខាកាម​ត្រូវ​កាត់​ទោសពី​បទទុកចោលសាកសព និងបោះបង់តួនាទីជាអាណាព្យាបាលបណ្តាល​អោយ​ទារក​ស្លាប់។ នាងទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​​ក្នុង​ការ​ជំនុំ​ជម្រះ​ដំបូង។

ចុង​ចោទយំ និង​សុំទោសទារកនៅ​ពេល​បញ្ចប់​សវនាការ។ នាងអង្វរ​សុំ​​អភ័យទោស ដោយ​បន្ថែម​ថា នាង​តែងតែ​គិត​ដល់​កូន​របស់ខ្លួន។

ប្រធានចៅក្រម Mio Mimura បានរិះគន់ចុងចោទថា “ខ្វះទំនួលខុសត្រូវក្នុងនាមជាម្តាយ” ។ កាល​ពី​ថ្ងៃ​ទី ​៣១ ខែ​ឧសភា តុលាការកាត់​ទោស​ចុងចោទជាប់​ពន្ធនាគារ ៣​ ឆ្នាំ។ ប៉ុន្តែ​ក្រោយ​មក Mimura ផ្អាក​ការ​កាត់ទោស​នេះ​​រយៈ​ពេល​​បួន​ឆ្នាំ។

ចៅក្រម​បាន​ចង្អុល​បង្ហាញ​ថា មន្ត្រី​ក្រុមហ៊ុន​ដឹង​អំពី​ការ​ផ្លាស់ប្តូរ​រាងកាយ​របស់​សិក្ខាកាម ប៉ុន្តែ​មិន​អាច​កំណត់​​ស្ថាន​ភាព​​របស់​​នាង។ លើសពីនេះ ក្រុមត្រួតពិនិត្យដែលទទួលខុសត្រូវការពារសិក្ខាកាមមិនបានកត់សម្គាល់រឿង​មាន​ផ្ទៃពោះក្នុងអំឡុងពេលប្រជុំធម្មតាឡើយ។

“ប្រសិនបើពួកគេយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន ចុងចោទនឹងរួចផុតពីស្ថានភាពសម្រាលកូនតែម្នាក់​ឯង។ ជា​ការ​ពិតនាងមិនទទួលបានជំនួយពី​ឪពុកទារក និង​ភាគីមន្ទីរពេទ្យ ទាំងចុង​ចោទ​ព្យាយាម​សុំ​ជំនួយ ដែល​ជា​ចំណុច​​សំខាន់​​ក្នុង​ករណី​នេះ” ។

ចៅក្រមក៏បាននិយាយថា “ចុងចោទគ្មានជម្រើសអ្វីក្រៅពីជឿលើពាក្យចចាមអារ៉ាម” ដែលថាសិក្ខាកាមត្រូវបណ្តេញ​ចេញ​ប្រសិន​បើ​មានផ្ទៃពោះ។

សិក្ខាកាមបរទេសផ្នែកបច្ចេកទេសត្រូវបានការពារដោយច្បាប់ស្តីពីឱកាសការងារស្មើគ្នា ដែលហាមឃាត់ការបណ្តេញ​​កម្មករ​​មានផ្ទៃពោះ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយលោក Masako Tanaka សាស្ត្រាចារ្យសហប្រតិបត្តិ​ការ​អន្តរជាតិ និងស្រាវជ្រាវផ្នែកយេនឌ័រនៅសាកលវិទ្យាល័យ Sophia ពាក្យចចាមអារ៉ាមត្រូវបណ្តេញចេញប្រសិន​បើមានផ្ទៃពោះហាក់ដូចជាផ្សព្វផ្សាយក្នុងចំណោមសិក្ខាកាមនៅជប៉ុន។

ក្នុងចំណោមស្ត្រីបរទេសចំនួន ៣០១ នាក់ធ្វើការ ឬសិក្សានៅប្រទេសជប៉ុនដែលបានចូលរួមការស្ទង់មតិនេះ ស្ត្រីចំនួន ៤៩ នាក់ រួមទាំងអ្នកហាត់ការផ្នែកបច្ចេកទេសចំនួន ១២ នាក់បាននិយាយថា អង្គការដែលបញ្ជូនអ្នកហាត់​ការ​ក្នុងប្រទេសម្ចាស់ផ្ទះ ក្រុមហ៊ុន និងសាលារៀននៅជប៉ុនប្រកាសថា មានផ្ទៃពោះនឹងត្រូវបណ្តេញចេញ។

ទិន្នន័យរបស់នាយកដ្ឋានការងារបង្ហាញថា កម្មសិក្សាការីភាគច្រើនដែលមានផ្ទៃពោះ ឬសម្រាលកូនក្នុងអំឡុងពេលបណ្តុះបណ្តាលសុទ្ធតែមិនត្រឡប់ទៅធ្វើការវិញ។ យោងតាមក្រសួង កម្មសិក្សាការីផ្នែកបច្ចេកទេសចំនួន ៦៣៧ នាក់បានបញ្ឈប់កម្មវិធីសិក្សាដោយសារមានផ្ទៃពោះ ឬ​សម្រាល​កូន​នៅ​ចន្លោះ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០២០ ។ ក្នុងចំណោមពួកគេមានតែ ១១ នាក់ ឬស្មើនឹង ១,៧% បន្តការបណ្តុះបណ្តាល។

Yasuko Iwashita សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Bunkyo នៃសាកលវិទ្យាល័យ Hiroshima ស្រាវជ្រាវ​បញ្ហាអ្នកហាត់ការបច្ចេកទេសបាននិយាយថា “សង្គមជប៉ុនមិនអើពើនឹងពួកគេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: