កន្លែងទាំង ៤ នៅ Shibamata ដែលអ្នកគួរតែទៅលេងរំលឹកដល់សម័យ Showa បុរាណ
Shibamata (柴又) ជាសង្កាត់បុរាណដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ជាច្រើន។ គួរអោយស្តាយកន្លែងនេះនៅតែមិនទាន់មានអ្នកស្គាល់ច្រើននោះទេ។
ភ្ញៀវទេសចរណ៍ជាច្រើនចូលចិត្តទៅកាន់ទីក្រុងធំ ដោយជ្រើសរើសតំបន់អ៊ូអរដូចជា Harajuku និង Shibuya ។ ប៉ុន្តែប្រាកដណាស់មិនមែនមនុស្សគ្រប់គ្នា ឬគ្រប់ពេលអ្នកតែងតែចូលចិត្តភាពអ៊ូអរឡើយ។
នៅសង្កាត់ Katsushika, Tokyo, Shibamata អាចទៅលេងបានយ៉ាងងាយស្រួល និងមិនឆ្ងាយពីទីប្រជុំជន Tokyo ក៏ដូចជាខេត្ត Chiba រួមទាំង Edogawa, Katsushika ជាកន្លែងល្អ ប្រសិនបើអ្នកចូលចិត្តប្រាសាទ និងទេសភាពធម្មជាតិ។
នៅ Shibamata ក៏មានប្រាសាទពុទ្ធសាសនា និងដងផ្លូវបុរាណដែលពោរពេញទៅដោយហាងកំសាន្ត ហាងលក់អាហារ និងនៅក្នុងបរិយាកាសបុរាណ។ ទាំងនេះជាកន្លែងកំសាន្តសំខាន់ៗមួយចំនួនដែលអ្នកអាចទៅលេងខាងក្រោម។
១. ប្រាសាទ Shibamata Taishakuten
ប្រាសាទ Shibamata Taishakuten (柴又帝釈天) ឈ្មោះផ្លូវការ Daikyō-ji (題経寺) នៅជិតស្ថានីយ៍រថភ្លើង មើលពីខាងក្រៅមានចម្លាក់ឈើស្រស់ស្អាត ប៉ុន្តែមានអាយុកាលយូរមកហើយ។ វិចិត្រករដែលបានចូលរួមចំណែកឆ្លាក់ក៏រួមចំណែកក្នុងការសាងសង់ទីសក្ការបូជា Toshogu (東照宮) ជាកន្លែងទស្សនាដ៏ពេញនិយមបំផុតនៅ Nikkō ផងដែរ។
ជាងនេះទៅទៀត ប្រាសាទហ៊ុំព័ទ្ធទៅដោយសួនច្បារបែបជប៉ុនស្រស់ស្អាត នៅចុង Shibamata Sandō (柴又参道) ជាផ្លូវដើរទិញឥវ៉ាន់ដែលពេញដោយភោជនីយដ្ឋាន ហាងលក់កាដូ និងតូបលក់វត្ថុអនុស្សាវរីយ៍បែបប្រពៃណី។
២. Yamamoto-Tei
មានទីតាំងនៅខាងក្រោយ Shibamata ជិតប្រាសាទ Shibamata Taishakuten អ្នកអាចទៅដល់ Yamamoto-Tei អតីតលំនៅដ្ឋានរបស់អ្នកជំនួញ Yamamoto Einosuke ។
នៅទីនេះ អ្នកអាចរីករាយជាមួយនឹងតែមួយពែង និងបង្អែមបែបប្រពៃណីក្នុងតម្លៃសមរម្យ ហើយក៏អាចចំណាយពេលសម្រាកលំហែកាយ គយគន់ទេសភាពសួនច្បារ និងស្ថាបត្យកម្មអគារ។
៣. សារមន្ទីរ Tora-san
Shibamata ជាទីតាំងថតស៊េរីរឿងល្បី 男はつらいよ (ធ្វើជាបុរសពិតជាពិបាក) ចូលរួមសម្តែងដោយ Kiyoshi Atsumi ដើរតួ Tora-san (寅さん) ជាបុរសចិត្តល្អ ប៉ុន្តែតែងជួបឧបសគ្គស្នេហា។ សុរបមានចំនួន ៤៨ វគ្គចេញផ្សាយតាំងពីឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៩៥ ខ្សែភាពយន្តនេះទទួលបានកំណត់ត្រាពិភពលោកហ្គីណេសស៊េរីរឿងភាគដែលមានតួសម្តែងតែម្នាក់។
អ្នកគាំទ្រអាចទទួលទានអាហារនៅភោជនីយដ្ឋានដែលមានក្នុងភាពយន្ត និងទស្សនាសារមន្ទីរដោយឡែកសម្រាប់ខ្សែភាពយន្តនេះ។
នៅពេលដើរចូលសារមន្ទីរ Tora-san អ្នកនឹងមានអារម្មណ៍ដូចជាវិលត្រឡប់ទៅសម័យ Showa វិញ។
៤. Haikara Yokochō
ប្រសិនបើអ្នកចូលចិត្ត dagashi (អាហារសម្រន់ និងបង្អែមជប៉ុន) Haikara Yokochō (ハイカラ横丁) ជាកន្លែងដែលអ្នកគួរតែទៅ។ ជាទីតាំងរំលឹកដល់ខ្សែភាពយន្ត ដូច្នេះសាកសមបំផុតសម្រាប់ថតរូបរួចបង្ហោះនៅលើ Instagram ។
អ្នកក៏អាចស្វែងរកអាហារសម្រន់ជាច្រើនប្រភេទ រួមទាំងអាហារសម្រន់ដែលផ្សារភ្ជាប់នឹងវ័យកុមារភាពរបស់ប្រជាជនជប៉ុនផងដែរ។
Sacchan