កក្រើកករណីអ្នក​នយោបាយជប៉ុនជ្រុលដៃប៉ះដើមទ្រូងមិត្តរួមការងារស្រីក្នុងយុទ្ធនាការបោះឆ្នោតសហគមន៍

អ្នក​នយោបាយ​គណបក្ស​ (Japan Innovation Party) ជប៉ុន​ថ្មី​ៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​លើ​បណ្ដាញ​​សង្គម ដោយ​សារ​តែ​អាកប្បកិរិយា​ជ្រុលចំពោះ Ebisawa Yuki ។

រដូវកាលបោះឆ្នោតព្រឹទ្ធសភាតែងតែមានរឿង drama ហើយឆ្នាំនេះក៏មិនមែនជាករណីលើកលែងដែរ។ អ្នក​នយោបាយ Inose Naoki នៃគណបក្ស Japan Innovation Party (Nippon Ishin no Kai; 日本維新の会) ប្រជានិយម កំពុងប្រឈមមុខនឹងការរិះគន់ជាច្រើនចំពោះអាកប្បកិរិយារបស់ខ្លួនជាមួយសមាជិកស្រី ក្នុងសុន្ទរកថា​យុទ្ធនាការ​ឃោសនាបោះឆ្នោតនៅទីក្រុងតូក្យូកាលពីថ្ងៃទី ១២ ខែមិថុនាថ្មីៗនេះ។

ក្នុងសុន្ទរកថាបោះឆ្នោតដែលត្រូវបានថតទុក និងបង្ហោះលើ YouTube លោក Inose ​ណែនាំ​បេក្ខជន និងជាអតីត​អ្នក​ជិះ​ស្គី​អាជីព Ebisawa Yuki ។ ដំបូង​ឡើយ អ្នកនយោបាយរូបនេះអានឈ្មោះខុស រួចយកដៃប៉ះ​ស្មា​របស់​នាង​​ពេលសុំទោស បន្ទាប់មកដៃ​ប៉ះឆ្អឹងដងកាំបិត និងដើមទ្រូង។ វីដេអូនេះត្រូវបានកំណត់ជាទម្រង់ឯក​ជន ប៉ុន្តែឃ្លីបរយៈពេល ១៥ វិនាទីដែលបង្ហោះដោយអ្នកប្រើគណនី @GreatRaiden ត្រូវបានចែករំលែកនៅលើ Twitter យ៉ាង​ឆាប់​រហ័ស។ បច្ចុប្បន្នវីដេអូនេះមានអ្នកមើលប្រហែល ២,៣ លាននាក់។

ជាទូទៅប្រតិកម្មចំពោះ​វីដេអូ​ភាគច្រើន​ជា​កំហឹង និង​ការ​ស្អប់ខ្ពើម​ដោយថ្កោលទោសចំពោះទង្វើបៀតបៀន​ផ្លូវ​ភេទ។ អ្នកយកព័ត៌មានស្រីម្នាក់បានបង្ហោះ tweet ថា “ដោយសារការបៀតបៀនផ្លូវភេទចំពោះអ្នកនយោបាយ និងអ្នកឈរបោះឆ្នោតស្រ្តីជាបញ្ហាធំនាពេលនេះ ខ្ញុំមិនដឹងថាធ្លាប់ឮប៉ុន្មានដងមកហើយ បេក្ខជនជាស្ត្រីនិយាយ​ថា ពួក​គេ​មាន​អារម្មណ៍​មិន​ល្អ​ព្រោះត្រូវប៉ះពាល់អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត” ។

នៅថ្ងៃទី ១៧ ខែមិថុនា លោក Inose បានបង្ហោះសារសុំទោស ដោយទទួលស្គាល់ការធ្វេសប្រហែសរបស់ខ្លួន ហើយ​សន្យាថានឹងចាប់អារម្មណ៍ចំពោះអាកប្បកិរិយា។ នៅពេលដែល Business Insider ទាក់ទងទៅកាន់ក្រុមនយោ​បាយ​​ដើម្បី​​ស្តាប់​យោបល់​របស់​ពួក​គេ ពួកគេយល់ស្របថាលោក Inose ជ្រុលជ្រួស និងបង្ហាញពីចេតនាការ​ពារ​មិន​ឱ្យ​​រឿង​ស្រដៀង​គ្នា​នេះ​កើត​ឡើង។ Ebisawa ចូលទៅកាន់ Twitter ដោយនិយាយថានាងពិតជាភ្ញាក់ផ្អើលចំពោះការជជែកដេញដោលតាមអុីធឺណេត នាងនិយាយថាលោក Inose “ស្ទើរតែមិនប៉ះដើមទ្រូងរបស់នាង” ទេ ហើយ​ជឿ​ថា​ការសុំទោសរបស់បុគ្គលម្នាក់នេះដោយស្មោះ។ ហេតុ​នេះទើបបញ្ហាស្ងប់ទៅវិញ ប៉ុន្តែនៅតែមានមតិជាច្រើនទាក់ទងនឹងបញ្ហាបៀតបៀនផ្លូវភេទ។

ភាពជាក់ស្តែងករណីបៀតបៀនផ្លូវភេទក្នុងពិភពនយោបាយជប៉ុន

ករណីនេះបានបន្តការពិភាក្សាអំពីបញ្ហាបៀតបៀនផ្លូវភេទ ជាពិសេសនៅពេលដែលស្ត្រីត្រូវបានទទួលស្គាល់ក្នុងពិភពនយោបាយ។ បើប្រៀបនឹងភាគីបុរស អ្នកនយោបាយស្ត្រីនៅជប៉ុនងាយ​រង “ការ​បៀតបៀន​អ្នក​បោះឆ្នោត” (ភាសាជប៉ុនហៅថា hyou hara 票ハラ) ។ ការស្ទង់មតិ​ដោយ​ការិយាល័យ​ខុទ្ទកាល័យនៅឆ្នាំ ២០២១ មាន ៦១,៨% ក្នុងចំណោមអ្នកឆ្លើយសំណួរ ៩៩៤ នាក់មិនចូលរួមការបោះឆ្នោតបាននិយាយថា ពួកគេត្រូវប្រឈមមុខនឹងទម្រង់​បៀត​បៀន​ផ្លូវ​ភេទ​ពី​អ្នក​បោះឆ្នោត និង​អ្នក​នយោបាយ ដែលក្នុងនោះស្ត្រីមានចំនួន ៦៥,៥% និងបុរស ៥៨% ។

ក្នុង​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្រ្ត​កាល​ពី​ខែ​វិច្ឆិកាឆ្នាំមុន មានស្រ្តីតែ ៤៥ នាក់ប៉ុណ្ណោះដែលទទួលបានអាសនៈ។ អ្នកនយោបាយស្រ្តីជាច្រើនរូបក៏មិនសូវទទួលបានការគោរព ដូចជាសមាជិកសភា Shiomura Ayaka ធ្លាប់​ត្រូវ​​​មិត្ត​​រួម​​ការ​ងារប្រុសបដិសេធ បន្ទាប់​ពី​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ក្មេង​ស្រី​ជំទង់​ត្រូវ​បង្ខំ​ឱ្យ​ចូល​រួមសម្តែងរឿង​អាស​អាភាស។

ប្រហែលជា Ebisawa មិនចង់ឱ្យព្រឹត្តិការណ៍ថ្មីៗប៉ះពាល់ដល់ការតស៊ូមតិរបស់ខ្លួន។ សង្ឃឹមថាក្រោយហេតុ​ការណ៍នេះ​​លោក Inose ចាប់អារម្មណ៍អាកប្បកិរិយាចំពោះមិត្តរួមការងារស្រី ជាពិសេសពេលថ្លែងសុន្ទរកថាសាធារណៈ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: