ការស្ទង់មតិរបស់រដ្ឋាភិបាលបង្ហាញថា “ការរំលោភបំពានផ្លូវភេទ” ភាគ​​​ច្រើន​​នៅ​​សាលារៀន

យោងទៅតាមការស្រាវជ្រាវដែលធ្វើឡើង​ដោយ​ការិយាល័យ​សមភាព​យេនឌ័រ និង​ការិយាល័យ​ខុទ្ទកាល័យចេញផ្សាយ​កាលពីថ្ងៃទី ១៧ ខែមិថុនា ភាគច្រើនករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​យុវជនកើត​ឡើង​នៅ​សាលារៀន និងអ្នក​ដែល​ពាក់​ព័ន្ធ “ការរំលោភផ្លូវភេទ” ច្រើនតែទាក់ទងនឹងបរិយាកាសសាលារៀន។

ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយផ្អែកលើការស្ទង់មតិតាមអនឡាញកាលពីខែមករាឆ្នាំនេះ កំណត់គោលដៅបុគ្គល​ដែល​មាន​អាយុ​ចន្លោះ​ពី ១៦ ដល់ ២៤ ឆ្នាំ ដោយស៊ើបអង្កេតស្ថានភាពជាក់ស្តែងករណីរំលោភបំពានផ្លូវ​ភេទ​លើ​យុវជន។ ក្នុងវិសាលភាពស្រាវជ្រាវកំណត់និយមន័យ “ការបំពានផ្លូវភេទ” ជាការប្រើសកម្មភាព ឬពាក្យដែលពាក់ព័ន្ធនឹងការរួមភេទជាមួយមនុស្សម្នាក់ ប៉ុន្តែបុគ្គលនោះមិនចង់។ វិសាលភាពត្រូវបានកំណត់ចំពោះយុវជន ដោយ​សារ​ភាគ​ច្រើន​ករណីបំពានផ្លូវភេទនៅ​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​យុវជន។

បុគ្គលប្រមាណ ២២១,០០០ នាក់ត្រូវបានជ្រើសរើសដើម្បីធ្វើការស្ទង់មតិ ដោយផ្អែកលើការបែងចែកប្រជាជនតាមក្រុមអាយុ និងភេទខុសៗគ្នា។ ការ​ឆ្លើយ​តប​មាន​ចំនួន ៦២២៤ នាក់ ស្មើនឹង ២,៨% នៃក្រុមគោលដៅ។ បុគ្គលប្រហែល ១០៧,៤០០ នាក់ត្រូវបានជ្រើសរើសដើម្បីបង្កើន​ចំនួន​អ្នក​ឆ្លើយ​តប ហើយ​ក្នុង​ចំណោម​នោះ ២,៧១៧ នាក់ ស្មើ​នឹង ២,៥% យល់​ព្រម​ឆ្លើយ​តប។ សរុបសេចក្តី ការស្ទង់មតិបានរកឃើញថា អ្នកចូលរួមចំនួន ២.០៤០ នាក់ក្នុងចំណោម​អ្នកចូលរួមសរុប ៨.៩៤១ នាក់ធ្លាប់ជាជនរងគ្រោះករណីបំពានផ្លូវភេទ។

ការិយាល័យខុទ្ទកាល័យនិយាយថា អត្រាឆ្លើយតបមានកម្រិតទាប ដូច្នេះមិនអាចចាត់ទុកជាទិន្នន័យដែលឆ្លុះបញ្ចាំងបញ្ហាទូលំទូលាយនោះទេ។ ទោះជាយ៉ាងណា លទ្ធផលនៅតែមានអត្ថន័យដោយឡែក ជាក់ស្តែង “ប្រហែលម្នាក់​ក្នុង​ចំណោម​បួននាក់ឆ្លើយថា ពួកគេត្រូវប្រឈមមុខនឹងការបំពានផ្លូវភេទមួយចំនួន” ។ ការិយាល័យខុទ្ទកាល័យ​គ្រោង​នឹងវិភាគលម្អិតករណីនីមួយៗ ហើយប្រើចំណុចនេះជួយដល់ជនរងគ្រោះនាពេលអនាគត។

នៅពេលទទួលបានសំណួរ តើប្រភេទការបំពានផ្លូវភេទដែលពួកគេជួបប្រទះមានអ្វីខ្លះ? មាន ១៧,៨% ឆ្លើយថា “ការរំលោភបំពានតាមរយៈពាក្យសម្តី” បន្ទាប់មក “ការរំលោភបំពានដែលទាក់ទងនឹងប៉ះពាល់រាងកាយ” មានចំនួន ១២,៤% “ការរំលោភបំពានដោយឧបករណ៍ព័ត៌មាន” រួមមានការបង្ហាញវីដេអូមានចំនួន ៩,៧% “ការរំលោភ​បំពាន​លើ​រូបភាព​ធម្មជាតិ” មានចំនួន ៧,៤% និង “អំពើហិង្សាទាក់ទងនឹងការរំលោភផ្លូវភេទ” មានចំនួន ៤,១%។

កម្រងសំណួរក៏បានស្នើឱ្យជនរងគ្រោះចំនួន ២.០៤០ នាក់ជ្រើសរើសទម្រង់មួយក្នុងចំណោមទម្រង់ទាំង ៥ ដែលពួក​គេ​ប្រឈម​មុខ​ខាង​លើ “ធ្ងន់ធ្ងរបំផុត” ហើយជ្រើសរើសជម្រើសមួយ ឬច្រើនដើម្បីពណ៌នាអំពីជនល្មើស។ ក្នុងចំណោម​អ្នកដែលបានជ្រើសរើស “ការរំលោភបំពានលើរាងកាយ” ជាទម្រង់ធ្ងន់ធ្ងរបំផុតដែលពួកគេជួបប្រទះ ៥០,២% បាននិយាយថា ពួកគេត្រូវមនុស្សប្លែកមុខវាយប្រហារ ខណៈដែល ២៤,៥% ឆ្លើយតបថា “បុគ្គលដែលទាក់​ទង​នឹង​សាលា​រៀន” រួមមានគ្រូបង្រៀន បុគ្គលិកសាលា និងមិត្តរួមថ្នាក់។ ទន្ទឹមនឹងនេះ ១០,៨% បាននិយាយ​ថា ពួកគេត្រូវបំពាននៅកន្លែងធ្វើការ រួមទាំងការងារពេញម៉ោង និងក្រៅម៉ោង។ ជនល្មើសទូទៅបំផុតចំពោះ​ករណី “អំពើហិង្សាទាក់ទងនឹងការរំលោភផ្លូវភេទ” ជា “បុគ្គលដែលទាក់ទងនឹងសាលារៀន” ដែលមានចំនួន ២៩,៣% បន្ទាប់មកដៃគូផ្លូវភេទ ឬអតីតដៃគូ (២៧,៥%) បុគ្គលដែលជនរងគ្រោះស្គាល់តាមអុីនធឺណេត (១៩,២%) និងមនុស្សប្លែកមុខ (១៨%) ។

សាលារៀនជាកន្លែងទូទៅបំផុតចំពោះករណី “រំលោភបំពានធ្ងន់ធ្ងរបំផុត” ជាមួយនឹងអត្រា ២២,៥% ក្នុងចំណោម​ជន​រង​គ្រោះ​ចំនួន ២.០៤០ នាក់។ បន្ទាប់មក “ទីកន្លែងដឹកជញ្ជូនសាធារណៈ” (១៦,៨%) និង “បណ្តាញ​អុីនធឺណេត” (១១,៩%) ។ ការស៊ើបអង្កេតបានបង្ហាញថា ជនរងគ្រោះត្រូវរំលោភបំពាននៅកន្លែងដែលពួកគេទៅ​ញឹក​ញាប់។

ប្រហែលពាក់កណ្តាលជនរងគ្រោះបាននិយាយថា ពួកគេមិនដែលនិយាយរឿងត្រូវបំពានផ្លូវភេទប្រាប់នរណាម្នាក់ឡើយ។ មូលហេតុ​ទូទៅបំផុតគឺ “អាម៉ាស់” និង “និយាយក៏គ្មានប្រយោជន៍” ។

វិធានការណ៍ទប់ស្កាត់ការបំពានផ្លូវភេទទូទៅបំផុតដែលជនរងគ្រោះយល់ថាចាំបាច់ នោះ​គឺ​ការ​ធ្វើ​វិសោធនកម្ម​ក្រម​​ព្រហ្មទណ្ឌ ដើម្បី​ធ្វើឱ្យជនល្មើស​ប្រឈម​​​នឹង​​​ការ​​ផ្ដន្ទាទោស​​ព្រហ្មទណ្ឌ និងដាក់ទោសធ្ងន់ធ្ងរ។

លទ្ធផលនេះអាចជះឥទ្ធិពលដល់ការជជែកវែកញែកទាក់ទងនឹងការកែសម្រួលប្រព័ន្ធច្បាប់របស់ជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: