ជប៉ុន​ស្នើ​ឱ្យ​ធ្វើការ ៤ ថ្ងៃក្នុងមួយសប្តាហ៍ដើម្បី​ជួយសម្រួល​ដល់តុល្យ​ភាព​​ការ​ងារ និងជីវិត

រដ្ឋាភិបាលជប៉ុនបានប្រកាសគោលការណ៍​ណែនាំ​គោលនយោបាយ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ ក្នុងនោះមានអនុសាសន៍ថ្មីណែនាំក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេជ្រើសរើសធ្វើការ ៤ ថ្ងៃក្នុងមួយសប្តាហ៍ជាជាងធ្វើការ ៥ ថ្ងៃដូចធម្មតា។

ជប៉ុនល្បីនឹងទម្រង់បុគ្គលិកធ្វើការឧស្សាហ៍ព្យាយាម ពួកគេធ្វើការច្រើនដល់ថ្នាក់លែងជា​សកម្មភាព​វិជ្ជមាន​ទៀត​ហើយ ដែលបានក្លាយជាបញ្ហាសង្គមនៅពេលស្ថានភាពធ្វើអត្តឃាតដោយសារសម្ពាធការងារកើនឡើង។ បច្ចុប្បន្ននេះ ការលើកទឹកចិត្តដោយរដ្ឋាភិបាលក្នុងការកាត់បន្ថយពេលវេលាធ្វើការនៅការិយាល័យ ដើម្បីធ្វើអោយប្រសើរឡើង​រវាង​តុល្យភាពការងារ និងជីវិតរបស់ប្រជាជន។

ជំងឺរាតត្បាតកូវីដ ១៩ បាននាំមកនូវការផ្លាស់ប្តូរសំខាន់ៗចំពោះវិធីដែលសាជីវកម្មជប៉ុនដំណើរការ ប៉ុន្តែនៅតែមាន​ក្រុម​ហ៊ុនជាច្រើនតឹងរ៉ឹងធ្វើតាមទម្រង់ចាស់។ មេដឹកនាំនយោបាយសង្ឃឹមថាអាចបញ្ចុះបញ្ចូលសាជីវកម្មទាំងនេះ ដោយប្រព័ន្ធថ្មីដូចជាម៉ោងធ្វើការអាចបត់បែន ធ្វើការពីចម្ងាយជាដើម នៅតែនាំមកនូវអត្ថប្រយោជន៍ជាច្រើន បន្ទាប់​ពី​វិបត្តិ​កូវីដ ១៩ ធូរស្រាល។

ចំណុចវិជ្ជមានរបស់អាជីវកម្ម

រដ្ឋាភិបាលបានអោយដឹងក្នុងគម្រោងយុទ្ធនាការនេះថា ចំពោះបញ្ហាមួយសប្តាហ៍ធ្វើការ ៤ ថ្ងៃ ក្រុមហ៊ុនអាចរក្សាបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធ ដែលជាអ្នកចង់លាឈប់ពីការងារដោយសារមូលហេតុ​ទាក់ទងនឹងបញ្ហាគ្រួសារ។ លើសពីនេះ មួយសប្តាហ៍ធ្វើការ ៤ ថ្ងៃក៏នឹងលើកទឹកចិត្តមនុស្សជាច្រើនឱ្យសិក្សា បង្កើនជំនាញទាក់​ទង​នឹង​ការ​ងារ ឬអនុញ្ញាតឱ្យពួកគេធ្វើការក្រៅម៉ោងបន្ថែម ទន្ទឹមនឹងការងារពេញម៉ោង។

សំខាន់ជាងនេះទៅទៀត អាជ្ញាធរសង្ឃឹមថា ការ​ឈប់​សម្រាក​បន្ថែម​មួយ​ថ្ងៃ​ជា​រៀង​រាល់​សប្ដាហ៍​នឹងជំរុញឱ្យប្រជាពល​រដ្ឋ​ចេញ​ទៅក្រៅចំណាយ ដែលជាហេតុជួយជំរុញសេដ្ឋកិច្ច។

លទ្ធផលមួយទៀតដែលរដ្ឋាភិបាលសង្ឃឹមថានឹងអាចសម្រេចបានតាមរយៈសំណើនេះ គឺថាយុវជនមានពេលវេលា​ជួប​ជុំគ្នា រៀបការ និងបង្កើតកូន ដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះកាន់តែច្រើនឡើង។

ចំពោះ​ភាគីប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ថា អាជីវកម្មបង្ខំចិត្តដកបុគ្គលិកដែលបានខិតខំប្រឹងប្រែងច្រើនជំនាន់ ជាការពិតដែលថាវិធីចូលទៅជិតធម្មតាលែងមានប្រសិទ្ធភាពដូចមុន។ ម្យ៉ាងវិញទៀត ទោះបុគ្គលិកចាប់អារម្មណ៍នឹងគំនិតកាត់បន្ថយថ្ងៃធ្វើការ ពួកគេក៏មានការព្រួយបារម្ភថាប្រាក់ខែនឹងកាត់បន្ថយ ហើយក្រុមហ៊ុននឹងចាត់ទុកថាពួកគេមិន​បាន​បំពេញសន្យាចំពោះ​ក្រុមហ៊ុន។

Junko Shigeno ទើបតែបានបញ្ចប់ផ្នែកអាជីវកម្ម និងភាសា ហើយទទួលបានការអញ្ជើញអោយចូលធ្វើការនៅសាជីវកម្ម​ធំៗ ប៉ុន្តែផ្ទុយទៅវិញ នាងបានជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានតូចមួយ។ កន្លែងធ្វើការក៏នៅឆ្ងាយ​ពី​ផ្ទះរបស់នាង ប៉ុន្តែនាងគិតថា “ទស្សនវិជ្ជា” របស់ក្រុមហ៊ុនសាកសមនឹងខ្លួន។

“ខ្ញុំបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ចំពោះក្រុមហ៊ុនដែលអញ្ជើញ ហើយក៏បាននិយាយជាមួយបុគ្គលិកយ៉ាងតិច ៤-៥ នាក់​ដែលកំពុងធ្វើការនៅកន្លែងនីមួយៗ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលដែលស្ត្រីម្នាក់ប្រាប់អំពីតុល្យភាព​ការ​ងារ​ និង​ជីវិត​មិនល្អ” ។

បញ្ហាធំបំផុតរបស់យុវជនគឺថាធ្វើការថែមម៉ោងគ្មានប្រាក់ខែ។ ក្រុមហ៊ុន IT ដែល Shigeno បានសន្យាថានាងនឹងមិនធ្វើការជាង ១៥ ម៉ោង​ក្នុង​មួយ​ខែ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមួយផ្សេងទៀតបាននិយាយថា ពួកគេនឹងវាយតម្លៃ​ខ្ពស់​ប្រសិន​បើ​នាង​អាច​ធ្វើការបានប្រហែល ៦០ ម៉ោងក្នុងមួយខែ។

ស្លាប់ដោយសារធ្វើការហួសកម្លាំង

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​រាយការណ៍​ជា​ប្រចាំចំពោះករណីបុគ្គលិក​វ័យ​ក្មេង​​លះបង់​ជីវិត​របស់ខ្លួន ដោយសារធ្វើការ​ហួស​​កម្លាំង ឬ​ធ្វើ​អត្តឃាត​ដោយ​សារ​ភាព​តានតឹង។ ពាក្យថា “ស្លាប់ដោយសារធ្វើការហួសកម្លាំង” ក្នុងភាសាជប៉ុន​គឺ Karoshi ដែលជាទូទៅត្រូវបានកំណត់នៅពេលដែលមនុស្សម្នាក់ស្លាប់បន្ទាប់ពីធ្វើការជាង ១០០ ម៉ោងក្នុងមួយ​ខែ។

Shigeno បាននិយាយថា “នេះមិនមែនជាករណីរបស់ខ្ញុំទេ។ ខ្ញុំសង្ឃឹមថាអាចធ្វើការ និងរៀនជំនាញថ្មីៗ ប៉ុន្តែខ្ញុំក៏ចង់មានពេលវេលាផ្ទាល់ខ្លួនដែរ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ជាមួយគ្នានេះបណ្តុះចំណូលចិត្តផ្ទាល់ខ្លួន។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដូច្នេះខ្ញុំជ្រើសរើសក្រុមហ៊ុននេះ” ។

ចំណុចសំខាន់ស្ថិតលើផលិតភាព

កាលពីឆ្នាំមុន មានចំណុចជាច្រើនផ្លាស់ប្តូរក្នុងវប្បធម៌ការងារការិយាល័យជប៉ុន។ បុគ្គលិកជាច្រើនឃើញថាពួកគេត្រូវ​នៅ​ការិយាល័យ ៥ ថ្ងៃក្នុងមួយសប្តាហ៍ពីព្រឹកដល់យប់ ដើម្បីរក្សាផលិតភាពការងារ។

នៅពេលដែលជំងឺរាតត្បាតត្រូវបានបញ្ចប់ ក្រុមហ៊ុនជាច្រើនគ្រោងនឹងត្រលប់ទៅរកគំរូការងារពីមុន។ ទោះជាយ៉ាងណា មនុស្សជាច្រើននិយាយថានោះជាកំហុស ហើយការរក្សាប្រព័ន្ធដូចដែលធ្លាប់ធ្វើក្នុងអំឡុងពេលជំងឺរាត​ត្បាត​ជា​ជម្រើស​មាន​ប្រយោជន៍ដល់ភាគីទាំងសងខាង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: