ការប្រកួតថតរូបគម្របលូដើម្បីលើក​កម្ពស់​ការ​ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង

នេះ​ជា​ការ​ប្រកួត​ស្ថិតក្នុងគម្រោង​លើក​កម្ពស់​ការ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង។ ដើម្បីចូលរួមការប្រកួត អ្នកស្រុក​​ត្រូវ​​ថត​​រូប​​គម្រប​លូ​ខុសៗ​គ្នានៅទូទាំងតំបន់ បន្ទាប់មកផ្ញើទៅកាន់អ្នករៀបចំ។

ការ​ប្រកួត​ប្រជែង​នេះប្រព្រឹត្ត​ទៅនៅទីក្រុង​ធំៗចំនួន ៧ ក្នុងតំបន់ Kanto ដែល​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី ២៦ ខែ​មិថុនា។ ដោយផ្អែកលើរូបភាពអ្នកចូលរួមប្រកួតផ្ញើមក អ្នករៀបចំនឹងផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានចំពោះ​​គម្រប​លូ​​ចាស់ ខូច និង​ត្រូវ​ប្តូរ​ថ្មី។

ព្រឹត្តិការណ៍ថ្មីបំផុតមានរយៈពេល ១០ ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមិថុនា។ អ្នកចូលរួមការប្រកួតនៅទីក្រុងទាំង ៧ រួមមាន Yokohama, Saitama, Chiba, Mito, Utsunomiya, Maebashi និង Hachioji ចុះឈ្មោះលក្ខខណ្ឌតាម​រយៈ​​កម្ម​វិធីពិសេស។ គម្រោង​ខាង​លើជាកិច្ចខិតខំប្រឹងប្រែងសហការ​គ្នារវាងអង្គភាពនានា រួមទាំងអង្គការក្រៅរដ្ឋាភិបាល Singapore Whole Earth Foundation និង Nippon Chutetsukan ។

អ្នកចូលរួមទាញយកកម្មវិធីលើទូរស័ព្ទ បញ្ចូលស្ថានភាពគម្របលូនីមួយៗដែលពួកគេបានឃើញ ដូចជា តើវាបញ្ចេញ​​សំឡេង​​នៅ​ពេល​ជាន់ពីលើឬអត់ និងជម្រើសជាច្រើនពេលចុះឈ្មោះរូបភាពចូលប្រកួត។

យោងទៅតាមសមាគមគម្របលូជប៉ុន មានគម្របលូប្រហែល ១៥ លាននៅទូទាំងប្រទេស។ ក្នុង​នោះ​ប្រហែល ៣ លានគម្របលូមានអាយុកាលជាង ៣០ ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលប្រឈមនឹងការលំបាកជាច្រើនក្នុងការគ្រប់គ្រងស្ថានភាពគម្របលូទាំងអស់។ គោលបំណងការប្រកួតរូបថតខាងលើដើម្បី​​ទាញ​យក​កម្លាំង​សហគមន៍ សហការជាមួយរដ្ឋាភិបាល និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាតិ។ នេះ​ជា​លើក​ទី ៩ ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង (តាំង​ពី​លើក​ដំបូងនៅខែសីហា ឆ្នាំ ២០២១) មកទល់ពេលនេះទទួលបានចំនួន ៦៦០,០០០ រូបថតចុះឈ្មោះ។

សម្រាប់អ្នកស្រុក នេះមិនត្រឹមតែជាឱកាសជួយ​រដ្ឋាភិបាលថែរក្សា​ទ្រព្យ​សម្បត្តិ​សាធារណៈប៉ុណ្ណោះទេ ហើយក៏ជាបទពិសោធផ្ទាល់ខ្លួនចំពោះការរចនាគម្របលូក្នុងតំបន់ខុសៗគ្នា។ អ្នកចូលរួមប្រកួតអាយុ ៥០ ឆ្នាំម្នាក់បាននិយាយ​ថា “ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលបានឃើញគម្របលូខុសៗគ្នានៅតាមទីក្រុង។ ខ្ញុំឆ្ងល់មិនដឹងថាខ្លួនធ្លាប់បាន​ឃើញ​គម្រប​លូ​ប៉ុន្មាន​កាលធ្វើដំណើរកំសាន្តពីមុន” ។

អ្នកដែលថតរូបច្រើនជាងគេនឹងទទួលបានប័ណ្ណអំណោយ។ អ្នកចូលរួមវ័យ ៤០ ឆ្នាំម្នាក់ឈ្នះព្រឹត្តិការណ៍នេះពីរដងជាប់ៗគ្នា ជាមួយនឹងចំនួនរូបថត ១៤,៧០០ សន្លឹកបាននិយាយថា “ខ្ញុំចង់រួមចំណែកដល់ការការពារទីក្រុង ឈ្នះការ​ប្រកួត​ក៏​ជា​​ការ​​លើក​​ទឹក​​ចិត្ត​ផងដែរ” ។

 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: