ពាក្យសម្តីប្រកាន់ពូជសាសន៍ដូចជា “ចេះអង់គ្លេស កូនអ្នកមាន…” ជាអ្វីដែលសិស្សអន្តរជាតិត្រឡប់មកជប៉ុនវិញត្រូវប្រឈម

ក្រៅពីភាសាជប៉ុនជាភាសាកំណើត Shota Ishida (បច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យឆ្នាំទី ២) អាចនិយាយភាសា​ចិន និងអង់គ្លេស។ ដោយ​សារ​តែ​ការ​ងាររបស់ឪពុកម្តាយ គាត់ត្រូវទៅមករវាងប្រទេសដូចជាប្រទេសកូរ៉េ ចិន តៃវ៉ាន់ និងជប៉ុនតាំងពីក្មេង។ រហូតដល់ចូលវិទ្យាល័យឆ្នាំទី ១ សរុបគាត់រស់នៅអស់រយៈពេល ១២ ឆ្នាំនៅប្រទេស​ផ្សេងៗ​គ្នា មុនពេលកន្លែងស្នាក់នៅមានស្ថេរភាព។

ទោះជាយ៉ាងណា នៅពេលដែល Ishida ត្រឡប់មកប្រទេសវិញ គាត់ជួបប្រទះ “ឧបសគ្គ” ក្នុងប្រទេសកំណើតរបស់ខ្លួន។ ក្រៅពីមុខវិជ្ជាភាសាបរទេសទទួលបានពិន្ទុខ្ពស់ជាងគេក្នុងថ្នាក់ Ishida តែងតែទទួលបានពិន្ទុទាបរាល់មុខវិជ្ជាអានយល់អំពីភាសាជប៉ុន។

មិនត្រឹមតែប៉ុណ្ណឹង នៅពេលដែល Ishida បង្ហាញភាពវិជ្ជមានក្នុងថ្នាក់ភាសាអង់គ្លេស ប្រាកដ​ណាស់ ដោយសារនោះជា​មុខវិជ្ជា​ដែល​គាត់​ចូលចិត្ត មិត្តរួមថ្នាក់នឹងបង្ហាញទឹកមុខ “កុំមានអំណួតពេក” ។ លើសពីនេះទៅទៀតពេល​ចូល​រួម​ក្លឹប​បាល់​ទាត់ ដោយសារការវាយតម្លៃ និង​ទស្សនៈ​ខុស​គ្នា Ishida ត្រូវបង្ខំឱ្យចាកចេញ។

ក្រៅពីនេះ ទម្លាប់បន្ថែមភាសាអង់គ្លេសចុងប្រយោគធ្វើឱ្យគាត់ត្រូវចំអកថា “Eigo Ikiri” (ស្រដៀងនឹងវិធីចំអកអ្នកដែលចូលចិត្តបន្ថែមភាសាអង់គ្លេសក្នុងភាសាជាតិ) ។ Ishida ត្រឹមតែអាចស្និទ្ធស្នាលនឹងគ្រូបង្រៀន ហើយនិយាយ​ថា “កាលរៀនវិទ្យាល័យ ខ្ញុំមានទំនោរឃុំខ្លួនក្នុងបន្ទប់។ ដោយសារ​ខ្ញុំ​រស់នៅ​បរទេស ដោយសារ​ខ្ញុំ​ជា​សិស្ស​អន្តរ​​ជាតិ​​ដែល​ត្រឡប់​មក​វិញ ខ្ញុំ​ត្រូវ​គេ​បដិសេធ​ទាំងស្រុង” ។

ចាប់ពីឆ្នាំទី​ ២ Ishida សម្រេចចិត្តផ្ទេរសាលា ជាសាលាសម្រាប់សិស្ស​អន្តរជាតិត្រឡប់មកវិញ។ បន្ទាប់ពីចូល​សកល​វិទ្យា​ល័យ គាត់បានផ្តួចផ្តើម​គំនិត​បង្កើត​សហគមន៍​សិស្សអន្តរជាតិជប៉ុន ដើម្បីអោយពួកគេមានកន្លែង​ត្រូវ​ទៅ។

“យ៉ាងណា ជប៉ុនជាសង្គមដែលពិសេសមួយ ដូច្នេះអ្នកត្រូវរស់នៅជាក្រុម ដូចជាទៅបន្ទប់ទឹកជាមួយគ្នា។ សម្រាប់ខ្ញុំ ដែលបានទទួលការបណ្តុះបណ្តាលនៅបរទេស ខ្ញុំមានភាពឯករាជ្យ និងបុគ្គលនិយមជាង។ ខ្ញុំ​គិត​ថា​បុគ្គលិក​លក្ខណៈ​​ក៏​​សំខាន់​​ណាស់​​ដែរ” ។

លោក A (អាយុ ៣០ ឆ្នាំ) រស់នៅសហរដ្ឋអាមេរិករហូតដល់អាយុ ៨ ឆ្នាំ ធ្លាប់រស់នៅស៊ូទ្រាំនឹងគំនិតប្រកាន់ “ជនបរទេសត្រលប់មកស្រុកវិញ” ។ ចំពោះ​​ករណី​​លោក A គាត់ទៅរៀនសាលាជប៉ុននៅ​អាមេរិក ដូច្នេះមិនច្បាស់ភាសា​អង់​គ្លេស​ប៉ុន្មាន​ទេ។

ម្តាយមិត្តភ័ក្តិ​របស់​ខ្ញុំ នៅពេលដឹងខ្ញុំមិនអាចនិយាយ​ភាសា​អង់គ្លេសនិយាយថា “បែបនេះបរាជ័យ​ហើយ” ។

ខ្ញុំ​ព្យាយាម​រៀនយ៉ាងស្វិតស្វាញ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​អាចបំពេញតាមការ​រំពឹង​ទុក​របស់​អ្នក​ដទៃ ហើយ​បាន​សម្រេច​ចិត្ត​រៀនផ្នែក​អន្តរជាតិ​នៅ​សកល​វិទ្យាល័យ។ ដោយសាររឿងនេះ ទើបវត្តមានរបស់ខ្ញុំលេចធ្លោ។ ខ្ញុំ​ត្រូវគេ​បដិសេធ​​ព្រោះ​ខុសនឹងស្តង់ដារ “ជប៉ុន​សុទ្ធសាធ” ។

បុគ្គលិក​លក្ខណៈ​ងាយ​នឹងត្រូវធ្វើ​បាប​ក្នុង​សង្គម​ជប៉ុន

នៅប្រទេសជប៉ុនមានមនុស្សច្រើនមានរោគសញ្ញា “Eigo Konpuresskusu” (អាក់អន់ចំពោះភាសាអង់គ្លេសរបស់ខ្លួន) ហើយក៏មានប្រភេទ “វប្បធម៌​ប្រែប្រួល” ប្រតិកម្មនឹងអ្នកដែលរៀនបានល្អ។ អ្នកយកព័ត៌មានសេរី Misato Ugaki យល់ស្របនឹងគំនិតនេះ បាននិយាយថា “ពេលនៅរៀនវិទ្យាល័យ ខ្ញុំត្រូវគេហៅថា ガリ勉 (gari-ben) ។ រហូត​ដល់ចូលវិទ្យាល័យ ចូលសាលាដែលគ្រប់គ្នាយកចិត្តទុកដាក់ខ្លាំង សូម្បី​តែ​ពេល​ខ្ញុំ​មើល​សៀវភៅ​សិក្សា​ក្នុង​ថ្ងៃ​​ឈប់​​សម្រាក​ក៏មិនត្រូវសើចចំអកដែរ។ ខ្ញុំមានអារម្មណ៍ថា នៅទីបំផុតខ្ញុំអាចដកដង្ហើមបានហើយ” ។

Pakkun មកពីសហរដ្ឋអាមេរិកបាននិយាយថា “ទោះបីជាមានរឿងល្អៗជាច្រើនក្នុងសាលាជប៉ុន ខ្ញុំស្អប់ករណីត្រូវធ្វើបាបក្រោមបរិយាកាសនេះ។ មិន​ត្រឹម​តែ​សិស្សអន្តរជាតិ​ដែលត្រឡប់មកប្រទេសវិញ អ្នកដែលខ្ពស់ ស្អាត ឪពុក​​ម្ដាយ​​អ្នក​​មាន​​ជា​ដើម សុទ្ធតែជាមូលហេតុ​ត្រូវគេធ្វើបាប។ សង្គមជប៉ុនមានទំនោរធ្វើអោយមនុស្សដែល​លេច​ធ្លោ​ក្លាយ​ជា​គោល​ដៅ​ត្រូវគេធ្វើបាប” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: