បញ្ចប់ការហាមប្រាមមិនអោយជជែកគ្នាអំឡុងពេលទទួលទានអាហារថ្ងៃត្រង់នៅសាលាបឋម និងមធ្យមសិក្សា
នៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនកំពុងពិចារណាច្បាប់ហាមប្រាមនិយាយគ្នាអំឡុងពេលទទួលទានអាហារថ្ងៃត្រង់នៅសាលាបឋម និងមធ្យមសិក្សា ដែលត្រូវបានដាក់ចេញកាលពី ២ ឆ្នាំមុន ដើម្បីជៀសវាងការរីករាលដាលជំងឺកូវីដ ១៩ ។
ក្នុងបរិបទការរីករាលដាលជំងឺកូវីដ ១៩ មានការថយចុះនៅទូទាំងប្រទេស និងការព្រួយបារម្ភកុមារមិនមានឱកាសជជែកជាមួយមិត្តភក្តិក្នុងពេលទទួលទានអាហារអាចប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពទំនាក់ទំនងសង្គមរបស់កុមារ ការពិចារណាត្រូវបានធ្វើឡើងជុំវិញការហាមឃាត់នេះ។ យ៉ាងណាមិញ មនុស្សជាច្រើននៅតែស្ទាក់ស្ទើរចំពោះគំនិតទទួលទានអាហារជុំគ្នាដោយមិនពាក់ម៉ាស់។
អ្នកយកព័ត៌មានមកពី Mainichi Shimbun មានឱកាសទៅមើលនៅសាលាបឋមសិក្សា Kego ទាំង ៦ នៅ Fukuoka ពេលទទួលទានអាហារថ្ងៃត្រង់។ សំឡេងចានបន្លឺឡើងពេញថ្នាក់រៀន ជាមួយនឹងតន្ត្រី និងសម្លេងពន្យល់អំពីមុខម្ហូបក្នុងថ្ងៃនោះចាក់នៅលើធុងបាសរបស់សាលា ប៉ុន្តែមិនមានសំឡេងជជែកគ្នារបស់សិស្សនោះទេ។
នាយកសាលា Kenji Tanaka បាននិយាយថា “ភាពស្ងៀមស្ងាត់ពេលទទួលទានអាហារថ្ងៃត្រង់បានបន្តជាយូរមកហើយ។ ខ្ញុំសង្ឃឹមថាពេលវេលាទទួលទានអាហារថ្ងៃត្រង់ដែលរីករាយនៅសាលានឹងត្រលប់មកវិញឆាប់ៗនេះ” ។
នៅពេលដែលសាលារៀនបើកឡើងវិញនៅខែឧសភា ឆ្នាំ ២០២០ មួយរយៈពេលបន្ទាប់ពីបិទទូទាំងប្រទេស ក្រុមប្រឹក្សាអប់រំទីក្រុង Fukuoka បានណែនាំសិស្ស “កុំអង្គុយទល់មុខគ្នា” និង “កុំជជែកគ្នា” អំឡុងពេលអាហារថ្ងៃត្រង់។ សេចក្តីណែនាំនេះក៏ស្របនឹងការអំពាវនាវរបស់នាយកដ្ឋានអប់រំផងដែរ ដើម្បីចៀសវាងតំណក់ទឹកពេលទទួលទានអាហារជាមួយគ្នា។ នោះហើយជាមូលហេតុដែល “អាហារថ្ងៃត្រង់ស្ងៀមស្ងាត់” ត្រូវបានដាក់ចេញ។
អភិបាលក្រុង Fukuoka លោក Soichiro Takashima បាននិយាយថានឹងពិចារណាគោលនយោបាយ “អាហារថ្ងៃត្រង់ស្ងៀមស្ងាត់” ឡើងវិញ។ លោក Takashima និយាយក្នុងសន្និសីទសារព័ត៌មានថា “ការអប់រំចំពោះអាហារ និងអាហារូបត្ថម្ភមិនត្រឹមតែជារបបអាហារូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលការប្រាស្រ័យទាក់ទងគ្នាពេលទទួលទានអាហារផងដែរ។ ការទទួលទានអាហារក្នុងសភាពស្ងៀមស្ងាត់ជាករណីពិសេស ត្រូវអនុវត្តក្នុងករណីបន្ទាន់ជំងឺកូវីដ ១៩” ។
ជាចុងក្រោយ ក្រុមប្រឹក្សាអប់រំទីក្រុងបានចេញសេចក្តីជូនដំណឹងដល់សាលាបឋម មធ្យមសិក្សា និងសាលាដែលមានតម្រូវការពិសេស ដោយនិយាយថាសិស្សអាចជជែកគ្នាអំឡុងពេលអាហារថ្ងៃត្រង់អោយតែមិនមានសំលេងរំខាន។ នេះបើតាមក្រុមប្រឹក្សាភិបាល តុនៅតែបែរទៅខាងមុខ ប៉ុន្តែសិស្សអាចងាកម្ខាងជជែកគ្នា។
ចំពោះការជូនដំណឹងខាងលើ ឪពុកម្តាយមួយចំនួនបានបញ្ចេញមតិលើគុណសម្បត្តិ និងគុណវិបត្តិពេលបញ្ចប់ “អាហារថ្ងៃត្រង់ស្ងៀមស្ងាត់” ។ ម្តាយរបស់ក្មេងប្រុសថ្នាក់ទី ៤ វ័យ ៤០ ឆ្នាំគាំទ្រចំពោះការផ្លាស់ប្តូរនេះដោយនិយាយថា “ទទួលទានផងមើលទឹកមុខអ្នកដទៃជាផ្នែកមួយដ៏សំខាន់ក្នុងការលូតលាស់ ប៉ុន្តែការដែលពាក់ម៉ាស់មិនអាចធ្វើបានទេ” ។ ជាមួយគ្នានេះដែរ ម្តាយរបស់ក្មេងស្រីថ្នាក់ទី ៣ វ័យ ៣០ ឆ្នាំ បាននិយាយថា “កូនខ្ញុំទម្លាប់ញ៉ាំបាយស្ងៀមស្ងាត់ ហើយខ្ញុំប្រាកដថាកូនមិនមានអារម្មណ៍ឯកោទេពេលត្រឡប់មកផ្ទះជួបជុំគ្រួសារ។ ខ្ញុំបារម្ភចំពោះការរីករាលដាលជំងឺជាង ដូច្នេះខ្ញុំសង្ឃឹមថាកូនបន្តញ៉ាំដោយមិននិយាយគ្នា” ។
គណៈកម្មការអប់រំខេត្ត Miyazaki និយាយថា ពួកគេនឹងបញ្ឈប់ស្នើអោយទទួលទានអាហារថ្ងៃត្រង់ស្ងៀមស្ងាត់នៅសាលាចាប់ពីថ្ងៃទី ៦ ខែមិថុនា ដោយសារអត្រាឆ្លងបានធ្លាក់ចុះ ហើយស្តង់ដារទទួលទានអាហារក៏ត្រូវបានបន្ធូរបន្ថយផងដែរ។
មន្ត្រីខេត្តដែលចុះត្រួតពិនិត្យគោលនយោបាយបានពន្យល់ថា “យើងសង្ឃឹមថាសាលារៀននឹងធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្អែកលើស្ថានភាពជាក់ស្តែង ជាជាងធ្វើតាមគោលការណ៍បង្រួបបង្រួម” ។ ប៉ុន្តែក៏បានបន្ថែមទៀតថា “អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំស្ដីពីការមិនសាយភាយដំណក់ទឹកមិនងាយស្រួលទេ។ សាលារៀនមួយចំនួនអាចសម្រេចចិត្តបន្តគោលការណ៍អាហារថ្ងៃត្រង់ស្ងៀមស្ងាត់” ។
Sacchan