ជនសង្ស័យប្រុសស្រីជនជាតិជប៉ុនត្រូវចាប់ខ្លួនពីបទរៀបចំពិធីជប់លៀងផ្លូវភេទជាក្រុមដែលមានអ្នកចូលរួម ១២០ នាក់
បុរសម្នាក់ និងស្រ្តីម្នាក់ត្រូវចាប់ខ្លួនកាលពីថ្ងៃទី ១២ ខែមិថុនាពីបទរៀបចំពិធីជប់លៀងផ្លូវភេទដែលមានអ្នកចូលរួមចំនួន ១២០ នាក់ក្នុងប្រទេសជប៉ុន។
ប៉ូលីសខេត្ត Shizuoka បានចាប់ខ្លួន Teruaki Tabuchi អាយុ ៥៤ ឆ្នាំ ដែលអះអាងថាជាមន្ត្រីកងកម្លាំងស្វ័យការពារមកពី Narashino ខេត្ត Chiba និង Saeko Kato អាយុ ៥១ ឆ្នាំ ជាគិលានុបដ្ឋាយិកាមកពីទីក្រុង Funabashi ក្នុងខេត្ត Chiba ដែរ។ ជនសង្ស័យទាំង ២ នាក់ត្រូវគេសង្ស័យថាជាអ្នករៀបចំពិធីជប់លៀងផ្លូវភេទ ហើយក៏បានទទួលស្គាល់ការចោទប្រកាន់ផងដែរ ។
អ្នកទាំងពីរបានរៀបចំពិធីជប់លៀងផ្លូវភេទដែលមានអ្នកចូលរួមប្រមាណ ១២០ នាក់នៅកន្លែងផ្ទះជួលក្នុងទីក្រុង Kosai ខេត្ត Shizuoka ទល់មុខបឹង Hamana ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា។ បើតាមប៉ូលិសពួកគេជ្រើសរើសអ្នកចូលរួមតាមរយៈបណ្តាញសង្គម និងមធ្យោបាយផ្សេងទៀត។ បុគ្គលម្នាក់ៗបង់ថ្លៃចូលរួមប្រហែល ១ ម៉ឺនយ៉េន។
ជាងនេះទៅទៀត ប៉ូលិសក៏បានចាប់ខ្លួនបុគ្គលពីរនាក់នៅកន្លែងកើតហេតុ ដោយសង្ស័យថាមានអាកប្បកិរិយាមិនសមរម្យនៅទីសាធារណៈ ជាក់ស្តែងចោទប្រកាន់ថាឱបគ្នាអាក្រាតកាយនៅកន្លែងកំសាន្តវេលាម៉ោង ៣ៈ៤០ នាទីទៀបភ្លឺថ្ងៃទី ១២ មិថុនា ។ អ្នកទាំងពីររួមមានបុរសអាយុ ៥២ ឆ្នាំម្នាក់ជានាយកក្រុមហ៊ុន និងស្ត្រីអាយុ ៣៤ ឆ្នាំជាសិស្សសាលាបង្រៀនអាជីព ដែលជាអ្នកចូលរួមពិធីជប់លៀងផ្លូវភេទខាងលើ។
ប៉ូលិសបានស៊ើបអង្កេតករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានអនាមិកដែលរាយការណ៍ជូនអគ្គស្នងការនគរបាលជាតិ។
Sacchan