ប្រាក់ខែទាប ឈឺ ប៉ុន្តែមិនអាចទៅពិនិត្យ ក្តីស្រមៃរបស់សិក្ខាកាមដែលរស់នៅប្រទេសជប៉ុន
Kobe ជាទីក្រុងភាគខាងលិចនៃ Hyogo ប្រទេសជប៉ុន ដែលជាជម្រកសម្រាប់ពលករបរទេសជាច្រើនរត់ចេញពីលក្ខខណ្ឌការងារមិនល្អ និងមិនមានកន្លែងស្នាក់នៅផ្សេង។ កាសែត Mainichi កំពុងស៊ើបអង្កេតស្ថានភាពលំបាកដែលកម្មករទាំងនេះត្រូវប្រឈមមុខ។
ឈឺក្បាល វិលមុខ តែមិនអាចទៅពិនិត្យ
ស្ត្រីជនជាតិឥណ្ឌូនេស៊ីអាយុ ៣០ ឆ្នាំម្នាក់ស្នាក់នៅកន្លែងបណ្តោះអាសន្នដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលជប៉ុន-វៀតណាម Hyogo ពន្យល់ពីការងារដែលនាងកំពុងធ្វើ។ ការងាររបស់នាងគឺចងស្លឹកតែ Shiso រាល់ ១០ បាច់ចងខ្សែកៅស៊ូ ហើយដាក់ក្នុងថង់ប្លាស្ទិក។ ប្រាក់ខែរបស់នាងទទួលបាន ៤០ យ៉េនក្នុងមួយថង់ ពេលទម្លាប់នឹងការ នាងអាចវេចខ្ចប់បានប្រហែល ១០ ថង់ក្នុងមួយម៉ោង ដែលមានន័យថាក្នុងមួយម៉ោងនាងរកបាន ៤០០ យ៉េន។
ស្រ្តីនេះមានសិទ្ធិស្នាក់នៅដោយផ្អែកលើជំនាញពិសេស នាងចុះកិច្ចសន្យាជាមួយកសិដ្ឋាន Shiso នៅមជ្ឈមណ្ឌល Aichi យល់ព្រមធ្វើការពីម៉ោង ៧ ព្រឹកដល់ម៉ោង ៣ រសៀលជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ជាមួយនឹងតម្លៃ ៩៦០ យ៉េនក្នុងមួយម៉ោង។ ការងារចាប់ផ្តើមនៅខែមេសា ប៉ុន្តែគ្រប់យ៉ាងមិនដូចកិច្ចសន្យាទេ។
ដោយសារមិនទាន់ទម្លាប់ ល្បឿនរបស់នាងយឺត ហើយរាល់ពេលបែបនេះ អ្នកណែនាំដែលជាកសិករម្នាក់នឹងស្រែកខ្លាំងៗថា “ទេ ធ្វើឱ្យលឿនឡើង” ។ នាងមិនចូលចិត្តក្លិនស្លឹកតែ ហើយចាប់ផ្តើមបាត់បង់ជីវ្ហាវិញ្ញាណ ឈឺក្បាល និងមានអារម្មណ៍វិលមុខញឹកញាប់។ នាងស្នើសុំទៅមន្ទីរពេទ្យពិនិត្យ ប៉ុន្តែទទួលបានចម្លើយថា “យើងគ្មានពេលធ្វើរឿងនឹងទេ” ។
ក្រោយពេលធ្វើការបានប្រហែល ៣ សប្តាហ៍ គាត់នៅសល់តែ ៤០,០០០ យ៉េន បន្ទាប់ពីកាត់ថ្លៃជួល និងការចំណាយផ្សេងៗទៀត។ Yoshihisa Saito សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យ Kobe បានចង្អុលបង្ហាញថា ប្រាក់ខែនេះមិនសមនឹងអ្វីដែលបានបញ្ជាក់ក្នុងកិច្ចសន្យានោះទេ នាងត្រូវបង្ខំឱ្យធ្វើការដែលមិនមានក្នុងកិច្ចសន្យា។ ចំណុចនេះបំពានច្បាប់ស្តង់ដារការងារ។
ស្ត្រីរូបនេះដោយសារទ្រាំមិនបាន ទើបលាឈប់ពីការងារ ពេលនោះមេខ្យល់នៅស្រុកកំណើតស្នើឱ្យបង់ប្រាក់សំណង ៣០០,០០០ យ៉េន ហើយគំរាមថា “បើនាងមិនសង យើងនឹងរាយការណ៍ទៅប៉ូលិស” ។
ក្រោយមកនាងស្គាល់កន្លែងស្នាក់នៅបណ្តោះអាសន្ត (កន្លែងរស់នៅសព្វថ្ងៃរបស់នាង) តាមរយៈអ្នកស្គាល់គ្នាជនជាតិឥណ្ឌូនេស៊ីដែលនាងមានឱកាសនិយាយគ្នា។ ពេលបានឈប់សម្រាកមួយថ្ងៃ នាងបានចាកចេញពីកន្លែងនោះ និងប្រមូលអីវ៉ាន់ឡើងឡានក្រុងដែលមានបំណងទៅ Kobe ។ កន្លែងស្នាក់នៅបណ្តោះអាសន្នចាប់ដំណើរការពីឆ្នាំ ២០១៩ ផ្ទះកម្ពស់ ៣ ជាន់ ជាកន្លែងស្នាក់នៅរបស់សិក្ខាកាមជាច្រើននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីកន្លែងធ្វើការ និងកន្លែងស្នាក់នៅមុននោះ។ ស្ត្រីដែលបានរត់ចេញពីកសិដ្ឋាននៅ Aichi នៅជាន់ទី ២ នៃកន្លែងស្នាក់នៅបណ្តោះអាសន្ន។ មានស្ត្រីជនជាតិវៀតណាមម្នាក់ស្នាក់នៅជាន់ទី ២ និងបុរសជនជាតិវៀតណាម ៤ នាក់នៅជាន់ទី ៣ ។
ជាគោលការណ៍មិនគិតថ្លៃជួលទេ ប៉ុន្តែប្រសិនបើអ្នករស់នៅទីនោះកំពុងធ្វើការ ពួកគេត្រូវបង់អោយអង្គការមិនរកប្រាក់ចំណេញចំនួន ៥០០០ យ៉េនក្នុងមួយខែ។ រហូតមកដល់ពេលនេះ មាន ១៣ នាក់រើចូល និង ៧ នាក់ផ្លាស់ចេញ ត្រឡប់ទៅស្រុក ឬរកបានការងារដែលមានកន្លែងស្នាក់នៅ។
រឿងរ៉ាវអ្នករស់នៅកន្លែងស្នាក់នៅបណ្តោះអាសន្ន
បុរសជនជាតិវៀតណាមអាយុ ៣២ ឆ្នាំម្នាក់ដែលកំពុងរស់នៅកន្លែងស្នាក់នៅបណ្តោះអាសន្នរៀបរាប់ដំណើររឿងរបស់ខ្លួន។ គាត់ធ្លាប់ធ្វើការនៅក្រុមហ៊ុនសំណង់ខេត្ត Toyama ។ គាត់ខ្ចីប្រាក់ប្រហែល ១ លានយ៉េនពីធនាគារនៅស្រុកកំណើត ហើយមកដល់ជប៉ុនក្នុងនាមជាសិក្ខាកាមបច្ចេកទេសក្នុងខែកក្កដា ឆ្នាំ ២០១៨ ។ ប្រាក់ខែទទួលបានពីក្រុមហ៊ុនសំណង់ចំនួន ៨៤,០០០ យ៉េនក្នុងមួយខែ។
គាត់បាននិយាយថា “មេខ្យល់បានប្រាប់ខ្ញុំថា ប្រសិនបើអ្នកធ្វើការនៅប្រទេសជប៉ុន អ្នកអាចសងប្រាក់វិញភ្លាមៗ ប៉ុន្តែនោះជាការកុហកដែលគួរឱ្យខ្លាច” ។
សិក្ខាកាមបច្ចេកទេសមិនអាចផ្លាស់ប្តូរការងារបានទេ លុះត្រាតែមានបញ្ហាជាមួយក្រុមហ៊ុនទទួល ដូចជាភាគីមានអាកប្បកិរិយាខុសច្បាប់។ បុរសជនជាតិវៀតណាមទុកកូនប្រុសអាយុ ៧ ឆ្នាំនៅស្រុកកំណើតក្នុងគោលបំណងទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីរកប្រាក់បង់ថ្លៃសិក្សាអោយកូនប្រុស។ ប្រហែលមួយឆ្នាំ គាត់ចេញពីក្រុមហ៊ុនសំណង់ដែលគាត់ធ្លាប់ធ្វើការ ហើយចាប់ផ្តើមធ្វើការនៅរោងចក្រស្បែកជើងនៅ Kobe ដែលសាច់ញាតិណែនាំ។ តាមរយៈការងារខុសច្បាប់នេះ ប្រាក់ចំណូលរបស់គាត់កើនប្រហែល ១៥០,០០០ យ៉េនក្នុងមួយខែ។
ប៉ុន្តែស្ថានភាពនេះមិនបានយូរ ដោយសារកូវីដ ១៩ ថ្ងៃធ្វើការរបស់គាត់ត្រូវបានកាត់បន្ថយ ចំណែកការស្នាក់នៅក៏ផុតកំណត់។ ដោយមិនដឹងថាត្រូវធ្វើយ៉ាងណា គាត់សួរយោបល់អ្នកស្គាល់គ្នា ហើយទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ដោយផ្អែកលើជំនួយពីក្រុមមិនរកប្រាក់ចំណេញ គាត់ទទួលបានការស្នាក់នៅស្របច្បាប់ រកប្រាក់ចំណូលតាមរយៈការប្រមូលអេតចាយជាមួយនឹងការងារក្រៅម៉ោង គាត់សងប្រាក់កម្ចីអស់ ប៉ុន្តែ …
“អ្វីដែលខ្ញុំបានធ្វើគឺខ្ចីប្រាក់ច្រើនពេក ហើយត្រូវសងវិញ។ ខ្ញុំគ្មានសល់អ្វីទេ” ។
គាត់កំពុងត្រៀមខ្លួនត្រឡប់ទៅស្រុកជាមួយប្រពន្ធ និងកូនប្រុស។
សិក្ខាកាមជាច្រើននាក់បាត់ខ្លួន
ជប៉ុនចាប់ផ្តើមទទួលយកសិក្ខាកាមបច្ចេកទេសពីបណ្តាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ ១៩៩៣ ក្រោមរូបភាពផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសទាំងនោះ។ ករណីភាគច្រើន ពួកគេមានសិទ្ធិស្នាក់នៅដល់ទៅ ៣ ឆ្នាំ។ នៅឆ្នាំ ២០១៩ ចំនួនសិក្ខាកាមកើនខ្ពស់ដល់ចំនួន ៤១០.៩៧២ នាក់។ ទោះជាយ៉ាងណា ចំនួននេះធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ក្នុងកម្រិត ២៧៦.១២៣ នាក់នៅឆ្នាំ ២០២១ ។ នៅនិទាឃរដូវឆ្នាំនេះ ការរឹតបន្តឹងចូលប្រទេសត្រូវបានបន្ធូរបន្ថយ មានន័យថាសិក្ខាកាមនឹងត្រូវបានទទួលយកវិញ។ ចាប់ពីថ្ងៃទី ១ ខែមិថុនា ការរឹតបន្តឹងព្រំដែនត្រូវបានបន្ធូរបន្ថយបន្ថែមទៀត ហើយគេរំពឹងថាចំនួនភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសជប៉ុននឹងកើនឡើងតាមនោះ។
វិសោធនកម្មឆ្នាំ ២០១៩ ចំពោះការគ្រប់គ្រងអន្តោប្រវេសន៍ និងច្បាប់ទទួលស្គាល់ជនភៀសខ្លួនបានបន្ថែមស្ថានភាពស្នាក់នៅថ្មីទៅតាម “ជំនាញពិសេស” សម្រាប់កម្មករបរទេសគ្របដណ្តប់លើវិស័យឧស្សាហកម្មចំនួន ១៤ រួមទាំងវិស័យកសិកម្ម និងភោជនីយដ្ឋាន ដែលកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។ ជាមួយនឹងលក្ខខណ្ឌកម្មករត្រូវតែឆ្លងកាត់ការសាកល្បងជំនាញ និងភាសាជប៉ុន ឬបំពេញកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសជាក់លាក់មួយ ជាគោលការណ៍ពួកគេត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសជប៉ុនរហូតដល់ ៥ ឆ្នាំ បន្ទាប់ពីបំពេញតាមតម្រូវការ។
បើតាមសេវាអន្តោប្រវេសន៍ជប៉ុន គិតត្រឹមដំណាច់ខែមីនាឆ្នាំនេះមានមនុស្សចំនួន ៦៤.៧៣០ នាក់កំពុងស្នាក់នៅជប៉ុនក្រោមទម្រង់ “ជំនាញពិសេស” ។ ក្នុងចំណោមនេះ ៤០.៦៩៦ នាក់ជាជនជាតិវៀតណាម តំណាងឱ្យក្រុមធំជាងគេតាមសញ្ជាតិ ឬតំបន់។ សរុបចំនួន ៧៩% ក្នុងចំណោមពួកគេជាអតីតសិក្ខាកាមបច្ចេកទេសដែលកំពុងធ្វើការជំនួសសិក្ខាកាមបច្ចេកទេសថ្មីដែលមិនអាចទៅជប៉ុនដោយសារវិបត្តិកូវីដ ១៩ ។
យោងទៅតាមក្រសួងយុត្តិធម៌ ចំនួនសិក្ខាកាមបច្ចេកទេសត្រូវបានអង្គការឃ្លាំមើល និងភាគីផ្សេងទៀតរាយការណ៍បាត់ខ្លួនក្នុងឆ្នាំ ២០២១ កើន ៧.១៦៧ នាក់ កើនឡើងសរុប ១.២៨២ ធៀបនឹងឆ្នាំ ២០២០ ។ គេគិតថាករណីកម្មករជាច្រើនបាត់ខ្លួនដោយសារអំពើហិង្សានៅកន្លែងធ្វើការ មិនទូទាត់ប្រាក់ឈ្នួល និងបញ្ហាបរិយាកាសការងារ ឬដោយសារពួកគេមិនអាចរកប្រាក់ចំណូលច្រើនដូចដែលរំពឹងទុកដើម្បីសងបំណុល។
លោក Toshiaki Torimoto អាយុ ៧៤ ឆ្នាំ នាយកមជ្ឈមណ្ឌលទំនាក់ទំនងជប៉ុន-វៀតណាម Hyogo បានចង្អុលបង្ហាញថា “នៅពេលដែលអ្នកជួបស្ថានភាពខុសគ្នាចាកចេញពីកន្លែងធ្វើការ ពួកគេត្រូវចាត់ទុកជាអ្នករត់គេចខ្លួន ហើយពិបាកនឹងទទួលបានជំនួយផ្នែករដ្ឋបាល” ។ លោកនិយាយថា ករណីខ្លះសិក្ខាកាមគ្មានកន្លែងរស់នៅ ដែលបណ្តាលអោយប្រព្រឹត្តិបទល្មើស ដូចជាលួចដើម្បីសងបំណុល និងចិញ្ចឹមជីវិតជាដើម។
“ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្ម ពួកគេត្រូវការកន្លែងជ្រកកោន” ។
Sacchan