អាយុជាង ៨០ ឆ្នាំហើយនៅតែលួច បុរសចំណាស់ជនជាតិជប៉ុន ៣ នាក់​ត្រូវ​ចាប់​ខ្លួនពីបទលួចកាបូបស្រ្តីចំណាស់ម្នាក់

បងប្អូនពីរនាក់ និងមិត្តភ័ក្តិរបស់ពួកគេសុទ្ធតែមានអាយុ ៨០ ឆ្នាំឡើង ត្រូវចាប់ខ្លួនពីបទលួចរបស់ស្រ្តីចំណាស់​ម្នាក់ ប៉ុន្តែ​ក្មេង​ជាង​ចោរមួយក្រុមនេះ។

នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មេសា ស្រ្តីចំណាស់អាយុ ៧៧ ឆ្នាំ កំពុងដើរទិញអីវ៉ាន់ក្នុងក្រុង Yawatahama នៅ Ehime កោះ Shikoku ប្រទេស​ជប៉ុន។ សំណាង​អាក្រក់ ខណៈពេលកំពុងនៅក្នុងហាងលោកយាយបាត់កាបូបដែលមានប្រាក់ប្រហែល ១៦,០០០ យ៉េន។

ជាទូទៅ នៅពេលដែលជនរងគ្រោះជាមនុស្សចាស់ ចោរ​ច្រើន​តែ​ត្រូវ​គេ​រិះគន់​ធ្ងន់ធ្ងរ ព្រោះទាញយកប្រយោជន៍ និង​បង្ក​ការ​ខូចខាតដល់មនុស្សទន់ខ្សោយ។ ប្រសិនបើចោរ​ក៏​ជា​មនុស្ស​ចាស់​ តើចោរអាចនឹងរួចផុតការ​រិះគន់​នេះ​​ដែរ​ទេ?

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរសចំណាស់ ៣ នាក់ ដែលបានធ្វើសកម្មភាពលួចកាបូបលុយរបស់ស្រ្តីចំណាស់ម្នាក់។ ពួកគាត់ទាំងបីឈ្មោះ Teruo Nomoto, Toshiharu Nomoto ជាបងប្អូននឹងគ្នា ចំណែកមិត្តរបស់ពួកគាត់ឈ្មោះ Takehiro Watanabe ។ ក្នុងនោះ បងប្អូន Nomoto ម្នាក់អាយុ ៨៧ ឆ្នាំ ម្នាក់ទៀតអាយុ ៨៣ ឆ្នាំ និងចាស់ជាងគេ​គឺ Watanabe ដែលមានអាយុ ៨៩ ឆ្នាំ។

ម្នាក់ក្នុងចំណោមពួកគាត់ត្រូវគេចាប់បានពេលកំពុងលួចកាបូប​ស្ត្រី​ម្នាក់​កាល​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា នៅ Niihama ។ ក្រុម​ស៊ើប​អង្កេតគិតថា ពួកគាត់ទាំង ៣ នាក់សមគំនិតគ្នាធ្វើសកម្មភាពលួចកាលពីខែមេសាដូច​រៀបរាប់​ខាង​លើ ទើប​សម្រេច​ចាប់​ខ្លួន​ពួក​គាត់​ទាំង ៣ នាក់។

ចោរតាមផ្លូវដូចជាការឆក់កាបូបកម្រណាស់នៅប្រទេសជប៉ុន ហើយក្នុងករណីទាំងនោះភាគច្រើនជាអនីតិជន។ ដូច្នេះ​ចោរ​ចំណាស់​ទាំង ៣ នាក់​ធ្វើអោយអ្នកប្រើបណ្តាញអុីនធឺណេតភ្ញាក់​ផ្អើល​យ៉ាងខ្លាំង។

  • នេះហើយមនុស្សចាស់ដែលខិលខូច
  • ពួកគាត់ប្រាកដជានៅតែរហ័សរហួន
  • ជាធម្មតាខ្ញុំសប្បាយចិត្តពេលឃើញមនុស្សចាស់សកម្ម ប៉ុន្តែ …
  • តើនេះជាឧទាហរណ៍មួយផ្សេងទៀតនៃសង្គមជប៉ុនដែលចំណាស់មែនទេ?

ហាក់ដូចជាក្រុមចោរចំណាស់យកលេសអាយុច្រើនបដិសេធការចោទប្រកាន់ម្តងហើយម្តងទៀតជាមួយនឹងហេតុ​ផល “មិនចាំ” ។ ប៉ូលិស​កំពុង​បន្ត​ស៊ើបអង្កេត​ថា តើ​បុរសចំណាស់​ទាំងនេះមាន​ពាក់ព័ន្ធ​នឹងករណីលួច​ក្នុងតំបន់កាលពី​ពេល​​ថ្មី​ៗ​​នេះ​ដែរ​ទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: