មណ្ឌលថែទាំមនុស្សចាស់ទទួលបុគ្គលិកគិលានុបដ្ឋាយិកាជា “បុរស​សាច់​ដុំ”

ជាមួយនឹងចំនួនប្រជាជនធ្លាក់ចុះ ជប៉ុនប្រឈមនឹងស្ថានភាពកង្វះ​កម្លាំង​ពលកម្ម​ស្ទើរតែ​គ្រប់​វិស័យ។ ស្ថានភាពកាន់តែពិបាកខាងផ្នែកគិលានុបដ្ឋាយិកា ប៉ុន្តែមណ្ឌលថែទាំមួយកន្លែងនៅ Aichi បានរកឃើញទិសដៅថ្មីក្នុងអំឡុង​ពេល​ដែល​ពិបាក​នេះ។

មណ្ឌលថែទាំមនុស្សចាស់ Macho

នៅឆ្នាំ ២០១៨ នាយកមជ្ឈមណ្ឌលថែទាំមនុស្សចាស់ NOIE TSUSHIMA នៅទីក្រុង Tsushima មានបំណងស្វែងរកធនធានមនុស្សសម្រាប់មជ្ឈមណ្ឌល៖ អត្តពលិកលើកទម្ងន់។ បច្ចុប្បន្ន មជ្ឈមណ្ឌល​ជួលបុគ្គលិក​គិលានុបដ្ឋាយិកា​សាច់​ដុំ​បាន​ចំនួន ៥ នាក់ ហើយយ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមពួកគេឈ្នះរង្វាន់ការប្រកួត​កីឡា​កាយ​វប្បកម្មថ្នាក់ជាតិ។

នៅពេលក្រឡេកមើលបុរសសាច់ដុំទាំងនេះ មនុស្សជាច្រើនប្រាកដជាមិនគិតថាពួកគេអាចធ្វើការងារគិលានុបដ្ឋាយិកាដែលផ្តល់អាទិភាពសម្រាប់ស្ត្រី ទាមទារឱ្យមានការយកចិត្តទុកដាក់ឡើយ។

FNN News បានរៀបចំសម្ភាសបុគ្គលិកគិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Yamanaka Yuuji អាយុ ២៤ ឆ្នាំចំពោះការបណ្តុះ​បណ្តាល​របស់​គាត់​ដើម្បីក្លាយជាគិលានុបដ្ឋាយិកាសម្រាប់មនុស្សចាស់។

“ប្រសិនបើមិនមានសាច់ដុំរឹងមាំប្រាកដជាពិបាក​ក្នុង​ការ​ជួយ​អ្នក​ដទៃធ្វើចលនា” ។

ក្រោយម៉ោងធ្វើការ Yamanaka ទៅកន្លែង​ហាត់ប្រាណត្រៀមសម្រាប់ការប្រកួត​លើក​ទម្ងន់។ នេះក៏ជាអត្ថប្រយោជន៍​ដែល​មជ្ឈ​មណ្ឌល​ថែទាំមនុស្សចាស់ផ្តល់ឳកាសអោយបុគ្គលឈានដល់កម្រិតខ្ពស់បំផុត។

Yamanaka បាននិយាយថា គាត់មិនដែលមានបំណងចង់រៀនផ្នែកគិលានុបដ្ឋាយិកាទេ។ ដំបូង​ឡើយ គាត់​មាន​បំណង​ក្លាយ​ជា PT (គ្រូ​បង្ហាត់​កាយសម្បទា)។ ទោះជាយ៉ាងណា ជំងឺរាតត្បាតបានបំផ្លាញផែនការរបស់គាត់ទាំងអស់។ នៅពេលដែល Yamanaka លឺថាមណ្ឌលថែទាំមួយកន្លែងនៅ Tsushima កំពុងស្វែងរក “គិលានុបដ្ឋាយិកា​សាច់​ដុំ” គាត់យល់ថាចម្លែកណាស់។ Yamanaka មានការរើសអើងអាក្រក់ចំពោះការងារគិលានុបដ្ឋាយិកា ដោយគិត​ថា​ជា​ការ​ងារនឿយហត់ ប៉ុន្តែទទួលបានប្រាក់ខែតិច។ បន្ទាប់ពីចាប់ផ្តើមការងារនេះ គាត់មើលឃើញចំណុចជា​ច្រើន។

គិលានុបដ្ឋាយិកាដែលមានជំនាញខាង “រាងកាយ”

គំនិត​ចម្លែក​នេះផ្តួចផ្តើមពី Niwa Yuusuke ដែលជាម្ចាស់មណ្ឌលថែទាំងចំនួន ១៩ កន្លែងនៅទូទាំងប្រទេស។ Niwa បាននិយាយថា គាត់ឈឺក្បាលយ៉ាងខ្លាំងពេលគិតធ្វើយ៉ាងណាទាក់ទាញធនធានមនុស្សផ្នែកនេះច្រើនឆ្នាំ។ ពេល​ខ្លះ​​ការ​​ទទួល​ពាក្យ​បានតែ ២ ច្បាប់ប៉ុណ្ណោះ។

ដោយអស់សង្ឃឹម Niwa បានសម្រេចចិត្តស្វែងរកមធ្យោបាយចូលទៅជិតធនធានមនុស្ស។ គាត់បង្កើតគំនិត “ក្រុម​ហ៊ុន​ថែ​ទាំ​កាយ​សម្បទា​ល្អបំផុតនៅជប៉ុន” ។ ប្រាកដណាស់ គំនិតមិនធម្មតាបែបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ដូច្នេះការចុះឈ្មោះក៏កើនឡើង។

ទោះជាយ៉ាងណា ភាពជោគជ័យ​មិន​ត្រឹម​តែ​កើត​ចេញ​មកពី​គំនិត​ប្លែក​ៗ​ប៉ុណ្ណោះ​ទេ ចំណែកអត្ថប្រយោជន៍​ក៏ជាក់ស្តែង​​ផង​​ដែរ។

ទាក់ទងនឹងការថែទាំ អ្នកហាត់កាយវប្បកម្មយល់ច្បាស់ជាងនរណាទាំងអស់ចំពោះដែនកំណត់រាងកាយ ក៏ដូចជារបៀប​ធ្វើ​ចលនា​រាង​កាយ​ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការរងរបួស។

“ពួកគេយល់ពីចលនាសាច់ដុំ ពីព្រោះពួកគេហ្វឹកហាត់សាច់ដុំជារៀងរាល់ថ្ងៃ” ។

ដោយ​សារ​ពួក​គេ​ជា​អ្នក​ហាត់កាយវប្បកម្ម អ្នក​រស់​នៅ​មណ្ឌលថែទាំមនុស្សចាស់ក៏យល់ថាមាន​សុវត្ថិភាព​ពេលទទួលបាន​ការ​មើល​ថែ​ដោយ​​អ្នកទាំងនេះ។

សម្រាប់អ្នកហាត់កាយវប្បកម្មដែលធ្វើជាគិលានុបដ្ឋាយិកានៅទីនេះ ដូចបានរៀបរាប់ខាងលើ ពួកគេនៅតែមានពេលហាត់ប្រាណ មិនត្រឹមតែបន្ថែមលើវិជ្ជាជីវៈគិលានុបដ្ឋាយិកាប៉ុណ្ណោះទេ ពួកគេអាចរក្សារាងកាយឱ្យរឹងមាំ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួតកីឡាកាយវប្បកម្មនាពេលខាងមុខ។

ពេលវេលាប្រាកដជាអាចបញ្ជាក់ប្រាប់ថា តើគំនិតចម្លែករបស់ Niwa នឹងក្លាយជាការពេញនិយមថ្មីនៅក្នុងប្រទេស​ជប៉ុន​ឬ​យ៉ាង​ណា ប៉ុន្តែ​សម្រាប់​ពេល​នេះ ឃើញថាគំនិតមានឥទ្ធិពលជាក់ស្តែង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: