ចម្ការលក់បន្លែស្អាតគ្មានមនុស្សតាមបែបប្រមូលផលដោយខ្លួនឯងនៅជប៉ុន
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញតូបលក់បន្លែគ្មានមនុស្សតាមដងផ្លូវនៅក្នុងប្រទេសជប៉ុន។ នៅទីនោះអ្នកត្រូវដាក់ប្រាក់ក្នុងហិបដោយខ្លួនឯង យកទំនិញរួចចាកចេញ។ ប្រសិនបើអ្នកធុញទ្រាន់នឹងជីវិតនៅទីក្រុងតូក្យូ គ្រាន់តែចំណាយពេលជិះរថភ្លើងដែលមានចម្ងាយប្រហែល ៩០ នាទីចេញពីទីក្រុង។ ជាកន្លែងដែលហ៊ុមព័ទ្ធដោយធម្មជាតិដ៏សម្បូរបែប ហើយថែមទាំងមានតូបលក់បន្លែតាមដងផ្លូវទៀតផង។
ដូចដែលបានរៀបរាប់ខាងលើ តូបលក់គ្មានមនុស្សទាំងនេះជាទូទៅដាក់តាំងទំនិញនៅលើធ្នើរ និងប្រអប់ដាក់ប្រាក់នៅជិតនោះ ជាមួយនឹងតម្លៃប្រហែល ១០០ យ៉េនក្នុងមួយមុខទំនិញ។ ប៉ុន្តែតូបនេះមានចំណុចខុសប្លែកបន្តិច។
ជាដំបូងផ្លាកសញ្ញាដែលមានអក្សរ “លក់បន្លែតាមបែបប្រមូលផលដោយខ្លួនឯង ធ្វើដោយខ្លួនឯង” ។
ក្នុងចម្ការមានបន្លែច្រើនប្រភេទដែលទាំងអស់នេះគោរពតាមប្រព័ន្ធ “ធ្វើដោយខ្លួនឯង” ។ បើតាមផ្លាសញ្ញាណែនាំ ជំហានដំបូងក្នុងការទិញនៅទីនេះ អ្នកត្រូវប្រមូលផលបន្លែដោយខ្លួនឯង។ ជំហានបន្ទាប់ត្រូវគណនាតម្លៃដែលអ្នកបានប្រមូលផល តាមរយៈការប្រៀបធៀបនឹងតារាងតម្លៃដែលបានកំណត់សម្រាប់បន្លែនីមួយៗ ហើយជាចុងក្រោយដូចកន្លែងផ្សេងទៀត អ្នកត្រូវដាក់ប្រាក់ក្នុងប្រអប់ប្រាក់។
“តាំងពីការប្រមូលផលរហូតដល់ទូទាត់ប្រាក់ សូមធ្វើដោយខ្លួនឯង” ។
កុំគិតថានេះជាទម្រង់ខ្ជះខ្ជាយពេលវេលា ព្រោះក្រៅពីបន្លែដែលមានសុខភាពល្អ ម្ចាស់ចម្ការក៏ផ្តល់ឱ្យអ្នកនូវបទពិសោធន៍ធ្វើកសិកម្មដោយឥតគិតថ្លៃផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនដឹងត្រូវធ្វើយ៉ាងណា មិនអីទេ ព្រោះអ្នកអាចសុំជំនួយពីកសិករនៅទីនោះបាន។
កសិករម្នាក់នោះគឺអ្នកស្រី Kokubo ជាអ្នកទទួលខុសត្រូវថែទាំចម្ការ។ អ្នកស្រីនឹងផ្តល់ឱ្យអ្នកនូវមេរៀនរើសបន្លែដោយឥតគិតថ្លៃ និងត្រៀមខ្លួនឆ្លើយសំណួរទាក់ទងនឹងរបៀបដាំបន្លែ ឬស្ថានភាពទីផ្សារបន្លែជាដើម។
តាមរយៈសំណួរបែបនេះ អ្នកយកព័ត៌មានរបស់ Soranews ស្វែងយល់ពីមូលហេតុអ្នកស្រីចាប់ផ្តើមលក់បន្លែតាមទម្រង់នេះ។ ដើមឡើយពួកគេគ្រោងប្រើដីដើម្បីលក់របាំងការពារស្មៅ ជាការច្នៃប្រឌិតដែលអ្នកស្រី Kokubo រកឃើញ។ ប៉ុន្តែលទ្ធផលមនុស្សជាច្រើនសួរថា តើអាចទិញបន្លែបានឬអត់? អ្នកស្រី Kokubo គិតថាមិនមែនតែងតែមានមនុស្សនៅចម្ការរង់ចាំភ្ញៀវមកដល់ទេ ដូច្នេះគាត់ក៏សម្រេចចិត្តទុកអោយភ្ញៀវធ្វើដោយខ្លួនឯង។ ជាការពិតណាស់ អ្នកស្រីត្រៀមខ្លួនជួយជានិច្ចបើមានវត្តមាននៅចម្ការពេលភ្ញៀវមានការលំបាក។
បន្លែទាំងអស់ដែលអ្នកទិញនៅទីនេះមានតម្លៃថោក ហើយជាការពិតណាស់ ស្រស់ជាងបន្លែដែលអ្នកទិញនៅទីក្រុងតូក្យូ។ មិនត្រឹមតែស្រស់ និងថោកប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នករស់នៅទីក្រុង។
Sacchan