ចំណាត់ថ្នាក់តំបន់ទេសចរណ៍ជប៉ុនដែលមានទេសភាពទាក់ទាញនៅដូវវស្សា
ទីក្រុងសន្តិភាព ទេសភាពស្អាត ឬសួនច្បារស្ងប់ស្ងាត់ ។ល។ ជាអ្វីដែលអ្នកនឹងមើលឃើញក្នុងអត្តបទនេះ។
នៅប្រទេសជប៉ុនខែមិថុនាឈានចូលរដូវក្តៅ រដូវហែលទឹក សាច់អាំង បោះជំរុំជាដើម ប៉ុន្តែនៅមានរឿងមួយដែលធ្វើឱ្យរដូវក្តៅមិនសូវសប្បាយនោះគឺភ្លៀង។ រដូវក្តៅនៅជប៉ុនក៏ជាពេលដែលរដូវវស្សាចាប់ផ្តើមផងដែរ។ កុំគិតថាភ្លៀងធ្លាក់រ៉ូមែនទិក ព្រោះភ្លៀងអាចនឹងអូសបន្លាយមួយសប្តាហ៍បំផ្លាញគម្រោងធ្វើដំណើរកំសាន្តរបស់អ្នក។
ទោះជាយ៉ាងណា មានកន្លែងទេសចរណ៍មួយចំនួនកាន់តែទាក់ទាញពេលភ្លៀងធ្លាក់។
ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ជប៉ុន Jalan ទើបតែប្រកាសចំណាត់ថ្នាក់ “កន្លែងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាពេលភ្លៀងធ្លាក់” ។ ចំណាត់ថ្នាក់កន្លែងទេសចរណ៍ដែលនាំមកនូវបទពិសោធន៍អស្ចារ្យមិនថាអាកាសធាតុយ៉ាងណា រួមមានទេសភាពធម្មជាតិ និងតំបន់ទេសចរណ៍ទីក្រុង។
ចំណាត់ថ្នាក់លេខ ៩ ៖ វាលស្រែកាំជណ្តើរ Shiroyone Senmaida (ខេត្ត Ishikawa)
គ្មានអ្វីស្អាតជាងវាលស្រែកាំជណ្តើរក្រោមតំណក់ទឹកភ្លៀងឡើយ។ ជាពិសេសប្រសិនបើអ្នកមើលឃើញទិដ្ឋភាពភ្លៀងរាំងពេលថ្ងៃលិច ពន្លឺព្រះអាទិត្យក្រហមឆ្លុះបញ្ចាំងនៅលើវាលស្រែកាំជណ្តើរ ជាទិដ្ឋភាពដែលអ្នកគួរតែមើលឃើញម្តងក្នុងជីវិត។
ចំណាត់ថ្នាក់លេខ ៩ ៖ ព្រៃ Bijin Bayashi (ខេត្ត Niigata)
ព្រៃឈើលើភ្នំនេះបង្កើតឡើងដោយដើមឈើដែលមានអាយុជាង ១០០ ឆ្នាំ ហើយត្រូវបានចាត់ទុកជាព្រៃដែលស្អាតជាងគេនៅប្រទេសជប៉ុន។ ព្រៃមើលទៅកាន់តែស្រស់ស្អាតពេលភ្លៀងធ្លាក់ម្តងៗ ព្រោះតំណក់ទឹកលើមែកឈើឆ្លុះបញ្ចាំងពន្លឺចែងចាំង។ លើសពីនេះ ស្រះទឹកក្នុងព្រៃឆ្លុះបញ្ចាំងទេសភាពស្រស់ស្អាត ដូចជាបង្កើតពិភពមួយទៀតស្របគ្នា។ សំឡេងភ្លៀងធ្លាក់លើស្លឹកឈើ និងស្រះ ជាមួយនឹងសំឡេងសត្វបក្សីបន្លឺឡើងក្រោមប្រព័ន្ធអេកូឡូស៊ីនៅទីនេះ។
ចំណាត់ថ្នាក់លេខ ៨ ៖ Togenkyo (ខេត្ត Miyazaki)
ជាមួយនឹងគុម្ពផ្កា Hydrangea ចំនួន ២ លានមានពណ៌ចម្រុះលាតសន្ធឹងលើផ្ទៃដីធំជាង Tokyo Dome ។ Togenkyo នាំមកនូវទេសភាពសួនច្បារស្រស់ស្អាតក្រោមផ្ទៃមេឃពណ៌ខៀវ។ សូម្បីតែនៅពេលភ្លៀងធ្លាក់ក៏មើលទៅស្អាតណាស់ដែរ ជាកន្លែងគួរតែទៅលេងមិនថារដូវវស្សា។
ចំណាត់ថ្នាក់លេខ ៧ ៖ Karuizawa Hoshino Area Harunire Terrace (ខេត្ត Nagano)
ហាងជាច្រើនតាមបណ្តោយផ្លូវ Haruine Terrace ទីក្រុង Karuizawa ពោពេញទៅដោយឆ័ត្រចម្រុះពណ៌ជាង ១០០ ដើម មិនថាពេលភ្លៀងឬយប់ពន្លឺភ្លឺចែងចាំង។
ចំណាត់ថ្នាក់លេខ ៦ ៖ ជ្រលងភ្នំ Oirase (ខេត្ត Aomori)
រដូវក្តៅទៅលេងខេត្ត Aomori ល្អបំផុត ដោយសារតែ Aomori ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ល្បីនឹងអាកាសធាតុត្រជាក់។ នៅ Aomori សីតុណ្ហភាពរដូវក្តៅល្មមអាចធ្វើដំណើរកំសាន្ត។
ជ្រលងភ្នំ Oirase មានចរន្តទឹកថ្លានៃទន្លេ Oirase ហូរកាត់ព្រៃ និងថ្ម នាំមកនូវបរិយាកាសត្រជាក់ និងធម្មជាតិស្រស់ស្អាត ដែលត្រូវបានជ្រើសរើសជាកន្លែងគួរតែទៅទស្សនាមុនពេលស្លាប់។ នៅពេលភ្លៀងធ្លាក់ លើកលែងតែរអិល ថ្មជាប់ស្លែមើលទៅកាន់តែទាក់ទាញ។ នេះជាកន្លែងដែលធ្វើអោយអ្នកបំភ្លេចគ្រប់យ៉ាងនៅលើពិភពលោក គ្រាន់តែចង់ស្រូបខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយជីវិតបច្ចុប្បន្ន។
ចំណាត់ថ្នាក់លេខ ៥ ៖ Sanzen-in (Kyoto)
ក្នុងតំបន់ទីក្រុងប្រាសាទ Sanzen-in ជាមួយនឹងសួនស្ងប់ស្ងាត់ទាំងពីររួមមាន Yuseien និង Shuhekien ។ Yuseien ជាកន្លែងទាក់ទាញបំផុតពេលភ្លៀងធ្លាក់ ដោយសារតែសួនត្រូវបានគ្របដណ្ដប់ដោយស្លែក្រាស់ ក្រោមដើមសុីដា និងដើមតាត្រៅ។ សួន Shuhekien ទស្សនាតាមសាលធំប្រាសាទ ដូច្នេះទោះបីជាមានភ្លៀងធ្លាក់ខ្លាំង ក៏អ្នកនៅតែអាចរីករាយនឹងសួនផងដែរ។
ចំណាត់ថ្នាក់លេខ ៤ ៖ ផ្លូវរថភ្លើងផ្កា Hydrangea – Hakone Tozan (ខេត្ត Kanagawa)
Hakone ជារមណីយដ្ឋានល្បីជ្រោះទឹកក្តៅ អាចមើលឃើញទេសភាពភ្នំហ្វូជី។ ចាប់ពីខែមិថុនាដល់ដើមខែកក្កដា តំបន់នេះស្ថិតក្នុងរដូវវស្សា។ នៅរដូវនេះមានផ្កា Hydrangea ដុះតាមបណ្តោយភ្នំ ផ្លូវដែក Hakone Tozan ភ្ជាប់ខ្សែរថភ្លើងសំខាន់ជាមួយកន្លែងកំសាន្ត Hakone ។
ចំណាត់ថ្នាក់លេខ ៣ ៖ ផ្លូវ Higashi Chaya ខេត្ត Ishikawa)
នៅលើផ្លូវនេះមានហាងលក់វត្ថុអនុស្សាវរីយ៍សិប្បកម្មប្រពៃណី ក្រៅពីនេះអ្នកក៏អាចទិញការ៉េមធ្វើពីមាសផងដែរ។ ផ្ទះនៅទីនេះធ្វើពីឈើ ផ្លូវក្រាលថ្ម ដូច្នេះពេលភ្លៀងនឹងឆ្លុះបញ្ចាំងទិដ្ឋភាពផ្លូវ ចំណែកនៅពេលយប់គ្រប់យ៉ាងហាក់ដូចជាភ្លឺស្រស់ស្អាត។
ចំណាត់ថ្នាក់លេខ ២ ៖ ជ្រលងភ្នំ Takachiho (ខេត្ត Miyazaki)
នេះជាទេសភាពធម្មជាតិរបស់ Miyazaki ដែលជាប់ក្នុងចំណាត់ថ្នាក់។ ជ្រលងភ្នំ Takachiho មានទន្លេប្រវែង ៧ គីឡូម៉ែត្រ ជាមួយនឹងផ្ទាំងថ្មរាងចម្លែកបញ្ឈរនៅសងខាង។ ចរន្តទឹកពណ៌ត្បូងមរកតត្រូវបានគេជ្រើសរើសជាកន្លែងល្អបំផុតសម្រាប់គយគន់ស្លឹកឈើក្រហមនៅសរទរដូវ។ អ្នកអាចជួលទូកបណ្តែតលើផ្ទៃទឹកមើលទេសភាពធម្មជាតិនៅទីនេះ។
ចំណាត់ថ្នាក់លេខ ១ ៖ កោះ Yaku – Yakushima (Kagoshima)
ត្រូវគេចាត់ទុកជាកន្លែងបំផុសគំនិតក្នុងរឿងគំនូរជីវចលល្បីដូចជា Princess Mononoke របស់ Ghibli តំបន់បេតិកភណ្ឌធម្មជាតិពិភពលោកនេះមានលក្ខណៈពិសេស ដែលរួមមានជ្រលងភ្នំ Shiratani Unsui ។ យ៉ាងណាមិញ សូមប្រយ័ត្នបរិមាណទឹកភ្លៀងខ្លាំងអាចបណ្តាលអោយទឹកឡើង និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍។
Sacchan