កម្រងរូបភាព “ស្រីស្អាតជុំវិញពិភពលោក” នៅលើគេហទំព័ររបស់អតីត​រដ្ឋ​មន្ត្រីជប៉ុនបង្កអោយមានមតិរិះគន់យ៉ាងខ្លាំង

អតីតរដ្ឋមន្ត្រីស្តារសេដ្ឋកិច្ចលោក Yasutoshi Nishimura ត្រូវរិះគន់ចំពោះការបង្ហោះរូបថតស្រីស្អាតបរទេសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនជាង ១០ ឆ្នាំកន្លងមកនេះ ដែលមានចំណងជើងថា “កម្រងរូបភាពស្រីស្អាតនៅជុំវិញពិភពលោក” ។

កម្រងរូបភាពដែលបង្ហោះដោយលោក Nishimura អាយុ ៥៩ ឆ្នាំ សមាជិក​សភា​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) បង្ហោះ បានក្លាយជាប្រធាន​បទ​ទាក់​ទាញ​នៅលើបណ្តាញសង្គម។ មតិភាគច្រើនបង្ហាញការរិះគន់ ជាការឆ្លើយតបលោក Nishimura លុបកម្រងរូបភាពលើគេហទំព័រ ហើយធ្វើការបកស្រាយដោយផ្ទាល់លើ Blog កាលពីថ្ងៃទី ៣ ខែមិថុនា។

“ខ្ញុំបានបញ្ឈប់ការធ្វើបច្ចុប្បន្នភាព (កម្រងរូបភាព) កាលពីខែសីហា ឆ្នាំ ២០១៧ ប៉ុន្តែខ្ញុំភ្លេចលុបចោល” ។ អ្នកជំនាញផ្នែកយេនឌ័រ​បានលើកគោលជំហរ សមាជិក​សភាបង្ហោះ​រូប​បែប​នេះ “មិន​សមរម្យ” ទេ។

បច្ចុប្បន្នលោក Nishimura កំពុងស្ថិតនៅក្នុងអាណត្តិទី ៧ តំណាងឱ្យមណ្ឌលបោះឆ្នោតលេខ ៩ Hyogo ក្នុងសភា។ ក្រោមរបបមុនរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe និង Yoshihide Suga លោក  Nishimura ធ្លាប់ជារដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច និងរដ្ឋមន្ត្រីទទួលបន្ទុកទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ។ បច្ចុប្បន្នលោកជា​អគ្គ​លេខា​ធិការ​បក្សដែល​ធំ​បំផុត​របស់ LDP ដឹក​នាំ​​ដោយ​​លោក Abe ។

ប្រហែលចាប់ពីឆ្នាំ ២០០៨ លោក Nishimura បានបង្ហោះរូបភាពស្ត្រីបរទេសដែលមានចំណងជើងថា “កម្រងសៀវ​ភៅរូបភាពស្រីស្អាតនៅជុំវិញពិភពលោក” ។ បច្ចុប្បន្នរូបភាពទាំងអស់ត្រូវបានលុប ប៉ុន្តែពេលដែល Mainichi Shimbun ពិនិត្យ​មើល​រូបថតចាស់ មាន​រូបភាព​មួយ​​ថត​នៅ​ប្រទេស​បែលហ្សិក​ក្នុង​ឆ្នាំ ២០០៨ ជាមួយ​នឹង Caption សរសេរ​ថា “ក្នុងពេលធ្វើ​ដំណើរ​ទៅកាន់ប្រ៊ុចសែល ប្រទេស​បែលហ្សិក។ ដូចដែលបានរំពឹងទុក អាកាសធាតុត្រជាក់ពេល​យប់។ រូបថតនៅខាងក្រោយស្រីស្អាតពេល​នាង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់មកពីទិញអីវ៉ាន់” ។

រូបភាពមួយផ្សេងទៀតថតនៅ Ecuador ក្នុងរូបភាពមាននារីម្នាក់កំពុង​ថត​រូប​អនុស្សាវរីយ៍នឹងវិមាននៅ Quito រដ្ឋធានី Ecuador ។ ខ្លឹមសារ Caption សរសេរថា “ស្នាមញញឹមរបស់នាងពិតជាមានមន្តស្នេហ៍ ទោះបីជាថតពីចម្ងាយ” ។ 

កម្រងរូបភាពត្រូវបានចែករំលែកនៅលើ Twitter ប្រហែលខែឧសភាឆ្នាំនេះ ទាក់ទាញមតិរិះគន់​របស់អ្នកប្រើ​អុីនធឺណេត។ មាន Tweet មួយបានសរសេរថា “តើលោកទទួលបានការអនុញ្ញាត​ឱ្យ​ថត​រូប​ពីស្រ្តីខាងលើដែរទេ?” មួយចំនួនទៀតបង្ហាញមតិយោបល់ “តើបុគ្គលម្នាក់នេះថតរូបស្រ្តីពេលទៅធ្វើការនៅបរទេស ប្រើពន្ធរបស់ប្រជាពល​រដ្ឋ​មែន​ទេ?”

កាលពីថ្ងៃទី ២ ខែមិថុនា មានការបង្ហោះនៅលើ Blog របស់អតីតរដ្ឋមន្ត្រីលើគេហទំព័រផ្លូវការ ជាមួយនឹងចំណងជើងថា “ចំពោះរូបភាពដែលបានបង្ហោះនៅលើទំព័រដើមកាលពីមុន” ។ ការ​បង្ហោះ​នោះ​សរសេរ​ថា “សរុបទៅ រូបភាព​ដែល​ថតនៅកន្លែងសាធារណៈកម្រត្រូវបានកែប្រែនៅលើកញ្ចក់ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។ ប៉ុន្តែ​​ដោយ​​សារ​មនុស្ស​ជា​ច្រើន​មិនចូលចិត្ត ខ្ញុំក៏លុបចោល” ។

ទោះជាយ៉ាងណា លេសរបស់លោក Nishimura ដែលថា “ភ្លេចលុប” បណ្តាលឱ្យមានប្រតិកម្មអវិជ្ជមានកាន់តែច្រើន។ មនុស្សម្នាក់និយាយថា “គាត់មិនដឹងថាមានបញ្ហាអ្វីនោះទេ។ នេះ​ជា​ឧទាហរណ៍បុគ្គល​ដែលមានចេតនា​មិន​យល់” ។ មតិផ្សេងទៀតនិយាយថា “គាត់មិនបានសុំទោសចំពោះ​ការ​បង្ហោះ​រូបភាព​នោះ​ទេ ទោះបីជាព្យាយាម​សុំទោស​ក៏​ដោយ ប៉ុន្តែតាមពិតព្យាយាមអូសបន្លាយមតិសាធារណៈ” ។

Fumio Sunaga សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យ Showa ជំនាញផ្នែកបញ្ហាយេនឌ័របាននិយាយថា “គាត់ (លោក Nishimura) ប្រហែលជាមើលងាយស្ត្រី។ ផ្នត់គំនិតចាស់ដូចជាអោយតម្លៃបុរសបានផ្លាស់ប្តូរ ហើយ​ក្នុង​នាម​ជា​អ្នកនយោបាយ វិជ្ជាជីវៈ​ដែល​ទាមទារ​ការយល់ដឹង គាត់​មើល​ងាយ​ទំនោរ​សង្គម ចំណុច​នេះ​មិន​សម​ទេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: