អត្ថន័យពាក្យសម្តីរបស់​អតីតនាយករដ្ឋមន្ត្រី​ជប៉ុនមុនពេល​ត្រូវ​គេ​ធ្វើ​ឃាត

នៅពេលដែលយុគសម័យសាមូរ៉ៃបានបញ្ចប់ ប្រទេសជប៉ុនឈាន​ចូលដំណាក់កាល​ទំនើបកម្ម។ បន្ទាប់មកដល់សម័យ​សង្គ្រាម​​លោក។ ក្នុងស្ថានភាព​ចលា​ចល​​នោះ​លោក Tsuyoshi Inukai បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុនអាយុ ៧៦ ឆ្នាំ ក្នុង​ឆ្នាំ ១៩៣១ ។

គោលការណ៍ណែនាំរបស់លោកគឺប្រព័ន្ធនយោបាយរដ្ឋធម្មនុញ្ញ។ គំនិតអនុវត្តនយោបាយឲ្យ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ប៉ុន្តែចាប់តាំងពីពេលលោកឡើងកាន់តំណែង សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់​ចុះ។ ការសម្រេច​ចិត្ត​នយោ​បាយ​ទាំង​អស់ផ្តោតលើយោធា ហើយគំនិតស្តារសេដ្ឋកិច្ចឡើងវិញ​តាម​រយៈ​សង្រ្គាម​កាន់តែនិយម។

ដូច្នេះជប៉ុន​ត្រូវ​គ្រប់​គ្រង​ដោយ​យោធា ចំណែកនយោបាយត្រូវអនុវត្តដោយមិនផ្អែកលើប្រព័ន្ធច្បាប់ណា​មួយ​ឡើយ។

លោក Tsuyoshi Inukai មិនចង់ឲ្យ​គ្រប់យ៉ាងលែងគ្រប់គ្រងបានឡើយ លោកចង់ឲ្យ​ប្រជាជនជប៉ុនទាំងមូលយល់កាន់តែច្បាស់ពេលវេលាចាប់ផ្តើមសង្គ្រាម ខណៈ​ពេល​ដែល​កងទ័ពកំពុងជម្រុញការប្រយុទ្ធ។ ភ្លាមៗនោះ ការប៉ុន​ប៉ង​ធ្វើ​ឃាត​មួយបានកើតឡើង។

នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៣២ ។ ទាហានវ័យក្មេងប៉ុន្មាននាក់ក្នុងដៃកាន់កាំភ្លើងខ្លីចូលផ្ទះរបស់លោក Inukai ។ ថ្វីត្បិត​តែ​ បាន​បាញ់កាំភ្លើង ប៉ុន្តែមិនដឹងហេតុ​អ្វីកាំភ្លើង​មិន​ផ្ទុះ។

ក្រោមស្ថានភាពគ្រោះថ្នាក់បែបនេះ លោក Inukai នៅតែមិនអាចបំភ្លេចគំនិតនយោបាយរដ្ឋធម្មនុញ្ញរបស់ខ្លួន។ គាត់បានព្យាយាមបញ្ចុះបញ្ចូល​ទាហាន​វ័យ​ក្មេង​ដោយ​លើក​មូល​ហេតុ​​ថា “ចូរពិភាក្សា យើងអាចស្វែងយល់តាមរយៈការជជែកគ្នា” ។

ខណៈពេលដែលលោក Inukai ព្យាយាមពន្យល់ពីគំនិតរបស់ខ្លួន ទាហាន​ម្នាក់​បាន​វាយ​ប្រហារ ហើយ​បាញ់​គាត់។

ទោះបីជារងរបួសធ្ងន់ យ៉ាងណាលោក Inukai នៅតែនិយាយទាំងដង្ហើមចុងក្រោយថា “ខ្ញុំចង់និយាយជាមួយអ្នកដែលបានបាញ់កាំភ្លើង គ្រាន់តែយល់ព្រមនិយាយ អ្នកនឹងយល់” ។

ជាអកុសល មិនទាន់និយាយផង គាត់បានទទួលមរណភាព។

បន្ទាប់ពីព្រឹត្តិការណ៍នេះ អ្នកនយោបាយផ្សេងទៀតភ័យខ្លាចត្រូវសម្លាប់បើប្រឆាំងនឹងកងទ័ព ដូច្នេះសម្រេចចិត្តស្រប​តាម​សង្គ្រាម​ប្រដាប់​អាវុធ។ 

បច្ចុប្បន្ននេះ និន្នាការនយោបាយតាមរយៈការចរចាការទូត យោគយល់គ្នាទៅវិញទៅមក ព្យាយាមបញ្ចៀសសង្គ្រាម។ ​ជា​ឧត្តមគតិ​របស់លោក Inukai ដែល​បាន​ស្លាប់​ពេល​កំពុងមានប្រសាសន៍ចង់​បង្ហាញ។

ប្រសិនបើមានអ្នកនយោបាយបែបនេះច្រើន ប្រាកដជាមិនមានអ្នកស្លាប់ដោយអកុសលច្រើននៅទូទាំងពិភព​លោក​ឡើយ។

ថ្វីត្បិតតែ អ្នករាល់គ្នាយល់ពីសារៈសំខាន់នៃការសន្ទនា ប៉ុន្តែពិភពលោកនៅតែស្ថិតក្នុងភាពចលាចល។ ប្រហែល​ជា​សារ​ជាតិ​មនុស្ស​មិន​​ព្រម​​ស្តាប់។

តើអ្នកស្អប់រុស្ស៊ី ស្អប់ជប៉ុន ស្អប់ចិនឬ? ពិតជាងាយស្រួលនិយាយពាក្យទាំងនេះ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​យើង​ប្រកាន់​យក​ចិត្ត​ស្អប់​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​បែប​នេះ? តើយើងស្គាល់ភាគីបានប៉ុន្មាន?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: