ទារុណកម្មដ៏ឃោរឃៅបំផុតនៅសម័យអេដូធ្វើឲ្យជនរងគ្រោះដែលមិនមានកំហុសត្រូវសារភាព
ប្រសិនបើគ្មានសាក្សី និងភ័ស្តុតាងផ្ទាល់ ចង់កាត់ទោសតម្រូវឲ្យជនសង្ស័យសារភាព។ ជាការពិតណាស់ គ្មានឧក្រិដ្ឋជនណាម្នាក់ទទួលទោសដោយខ្លួនឯងឡើយ។ នៅពេលនោះការធ្វើទារុណកម្មនឹងត្រូវបានអនុវត្ត។
នៅក្នុងច្បាប់ជប៉ុនសព្វថ្ងៃ រាល់ទម្រង់ធ្វើទារុណកម្មជនសង្ស័យត្រូវហាមឃាត់។ ប៉ុន្តែនៅសម័យ Edo ទម្រង់បែបបទនេះត្រូវគេប្រើច្រើន ដោយវិធីគួរឲ្យខ្លាចបំផុត រហូតដល់ថ្នាក់បើទោះបីជាជនសង្ស័យត្រូវចោទប្រកាន់ដោយអយុត្តិធម៌ក៏សុខចិត្តសារភាពជាជាងទុកឲ្យការឈឺចាប់អូសបន្លាយរយៈពេលយូរ។
តើគេប្រើវិធីសាស្រ្តអ្វី? ក្នុងអត្ថបទថ្ងៃនេះយើងនឹងស្វែងយល់អំពីទម្រង់ធ្វើទារុណកម្មនៅសម័យ Edo ។
១. វាយដោយរំពាត់ (むち打ち)
វិធីសាស្រ្តធ្វើទារុណកម្មនេះ មិនត្រឹមតែមាននៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ហើយក៏មាននៅប្រទេសជាច្រើនទៀតផងដែរ។ ជាទូទៅ ជនសង្ស័យត្រូវវាយចំនួន ១៥០ រំពាត់ ប៉ុន្តែភាគច្រើនករណីសារភាពកំហុសពេលវាយពី ១០ រំពាត់ឡើង។ នៅពេលត្រូវវាយជាង ៥០ រំពាត់ ជនសង្ស័យនឹងសន្លប់ ។ នៅពេលនោះជនសង្ស័យត្រូវជះទឹកឲ្យដឹងខ្លួនដើម្បីបន្តទទួលទោស។
ដោយសារមិនអាចសម្លាប់ជនសង្ស័យ ដូច្នេះត្រូវកំណត់ត្រឹមចំនួន ១៥០ រំពាត់ មិនឲ្យលើស។
២. អោបថ្ម (いしだき)
គ្រាន់តែមើលរូបភាពអាចស្រមៃឃើញថា ការដាក់ទារុណកម្មព្រៃផ្សៃយ៉ាងណា។ មនុស្សត្រូវចាប់ចងឲ្យអង្គុយរងសម្ពាធធ្ងន់របស់ថ្មសង្កត់លើជើង។
កន្លែងអង្គុយនេះគឺ Seiza (正座) ជាទូទៅគ្រាន់តែអង្គុយបែបនេះយូរក៏ឈឺចាប់ណាស់ទៅហើយ មិនត្រឹមតែប៉ុណ្ណឹងថែមទាំងត្រូវថ្មជាច្រើន ដែលថ្មនីមួយៗទម្ងន់ ៥០ គីឡូក្រាមសង្កត់លើជើង។
៣. ចងបែបបង្គា (えびぜめ)
ចងបែបបង្គាគឺធ្វើយ៉ាងណាឲ្យមុខ និងជើងជាប់គ្នា។ សូមកុំគិតថាវិធីនេះងាយដូចហាត់យូហ្គាឲ្យសោះ មិនមែនទេ។ ត្រូវចងបែបនេះប្រហែល ៣០ នាទីប៉ះពាល់ដល់ចរន្តឈាម។ កន្លែងដែលឈាមមិនដំណើរការនឹងប្រែជាក្រហមស្រស់ ឆ្មាំគុកហៅស្ថានភាពនេះថា “បង្គាឆ្អិន” ។
អាក្រក់ជាងនេះទៅទៀត ការដាក់ទណ្ឌកម្មនេះតែងតែធ្វើឡើងបន្ទាប់ពីត្រូវរំពាត់ និងឱបថ្មដូចរៀបរាប់ខាងលើ។
ហើយប្រសិនបើជនរងគ្រោះសំណាងនៅមានជីវិត នេះជាអ្វីដែលកំពុងរង់ចាំពួកគេបន្តមកទៀត។
៤. ស្ទូចត្រី (釣責)
មើលរូបភាពមិនមែនគ្រាន់តែត្រូវចងព្យួរខ្ពស់ប៉ុណ្ណោះទេ សម្ពាធនឹងធ្វើឲ្យខ្សែពួររឹតដងខ្លួនកាន់តែខ្លាំង បង្កការឈឺចាប់។ ទោះបីជាមើលទៅហាក់ដូចជាទម្រង់ធ្វើទារុណកម្មស្រាល ប៉ុន្តែតាមពិតឈឺចាប់ខ្លាំងណាស់។
លើសពីនេះ ឆ្មាំគុកដ៏ឃោរឃៅមួយចំនួនថែមទាំងច្នៃបន្ថែមដើម្បីបង្កើនការឈឺចាប់ដល់ជនរងគ្រោះ។ ឧទាហរណ៍ដំដែកគោល ឬដុតទៀនឲ្យរលាយ។
ឆ្លងកាត់ការឈឺចាប់លើសពីនរក ជនសង្ស័យសុខចិត្តស្លាប់ ឬសុខចិត្តសារភាពកំហុស បើទោះបីខ្លួនអយុត្តិធម៌ក៏ដោយ។
ហេតុអ្វីបានជាអ្នកធ្វើទារុណកម្មឃោរឃៅម្ល៉េះ? តើអំពើអាក្រក់អាចយកឈ្នះសេចក្ដីល្អក្នុងចិត្តមនុស្សយ៉ាងដូចម្ដេច?
Kengo Abe