បញ្ហាបទបញ្ជាផ្ទៃក្នុងសាលាជប៉ុន “សិស្សស្រីម្នាក់និយាយថា គ្រូ​បាន​ស្តី​បន្ទោស ថែមទាំងទាញសក់របស់នាង”

សិស្ស​វិទ្យាល័យ​ជប៉ុន​ម្នាក់​និយាយ​ថា គ្រូ​បាន​ស្តី​បន្ទោស ហើយ​ថែម​ទាំង​ទាញ​សក់​របស់នាង ដោយសារតែសក់ពណ៌ត្នោត។

សិស្សស្រីមានសក់ពណ៌ត្នោត ព្រោះតែសក់របស់នាងត្រូវកម្តៅថ្ងៃអំឡុងពេលរៀនហែលទឹកតាំងពីអាយុ ៣ ឆ្នាំរហូតដល់​វិទ្យាល័យ។ នាង​បាន​និយាយ​ថា ពណ៌​សក់​របស់​នាង​ពេល​ចូល​វិទ្យាល័យ Hyogo ស្រប​តាម​បទបញ្ជារបស់សាលា។ យ៉ាង​ណា​មិញ នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា គ្រូ​ស្រី និង​បុគ្គលិក​សាលា​ម្នាក់​បាន​ព្រមាន​នាង​អំពី​ពណ៌​សក់។

បើតាមសិស្សម្នាក់នេះនិយាយថា រូបនាងបាន​យក​ទូរស័ព្ទ​ ហើយព្យាយាមហៅទៅកាន់ម្តាយ ដើម្បីពន្យល់ប្រាប់បុគ្គលិក​សាលា។ ប៉ុន្តែពួកគេចងដៃ និង​ទាញ​សក់​របស់​នាងជាច្រើនដង។ នៅពេលនោះសិស្សភ័យស្លន់ស្លោ និងបាត់​បង់​ស្មារតី។ នាងភ្ញាក់ដឹងខ្លួនក្នុងរថយន្ត​សង្គ្រោះ ប៉ុន្តែមិនត្រូវបានបញ្ចូលទៅមន្ទីរពេទ្យនោះទេ។

ប្អូនស្រីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺថប់បារម្ភនៅគ្លីនិកវិកលចរិក ហើយអវត្តមានមិនបានទៅសាលារៀនប្រហែល ២ សប្តាហ៍។ បច្ចុប្បន្នសិស្សបានត្រឡប់ទៅរៀនវិញ។

សាលាបានធ្វើការស្ទង់មតិមិនលាក់ឈ្មោះតាមសំណើរបស់ឪពុកម្តាយសិស្ស។ ក្នុងនោះការ​ឆ្លើយ​តបនិយាយថា៖ “គ្រូបាន​និយាយ​រឿង​ជាច្រើនដោយប្រើសម្លេងធ្ងន់ ហើយ​ទាញ​សក់​ក្មេង​ស្រី” ។

នាយកសាលាបានជួបជាមួយឪពុកម្តាយសិស្សកាលពីខែឧសភា ហើយសុំទោស ដោយនិយាយថាសកម្មភាពរបស់បុគ្គលិក​ទាំងពីរ “មិនស្របតាមការណែនាំ” ។ ទោះជាយ៉ាងណា នាយក​សាលា​បាន​និយាយ​ថា គ្រូ​ដែល​ពាក់ព័ន្ធ​មិន​បាន​​សារ​ភាព​​ទាញ​​សក់​​ប្អូននោះទេ។

នាយករងសាលាបាននិយាយថា “យើង​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​អាណាព្យាបាល​សិស្ស​ស្រី ហើយស្វែងរកដំណោះស្រាយ។ ដោយសារករណីនេះពាក់ព័ន្ធបុគ្គលសិស្ស ខ្ញុំមិនអាចនិយាយអ្វីបន្ថែមឡើយ” ។ ក្រុមប្រឹក្សា​អប់រំ​តំបន់ក៏​បាន​អោយដឹងថា ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​បុគ្គល​នោះ​ទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅទូទាំងប្រទេសជប៉ុនចាត់វិធានការលុបចោលបទប្បញ្ញត្តិបង្ខិតបង្ខំ តម្រូវឱ្យសិស្សដាក់ឯកសារបញ្ជាក់ពណ៌សក់របស់ពួកគេជាសក់ធម្មជាតិ។ ទោះ​ជា​យ៉ាង​ណា សិស្ស ​និង​អាណាព្យាបាល​មួយ​ចំនួន​​ស្នើ​​សុំ​​ឱ្យ​រក្សា​សំណើ​នេះ។

ក្នុងករណីលើកនេះ សិស្ស និង​គ្រូ​បាន​ជូន​ដំណឹង​ដល់​សាលា​អំពី​ពណ៌​សក់​របស់ប្អូនដោយផ្ទាល់។

សិស្សរូបនេះបាននិយាយថា នាងមិនដែលទទួលបានការព្រមានអំពីពណ៌សក់របស់ខ្លួនពីមុនមកទេ ហើយហាក់ដូច​ជា​ទង្វើ “មិនស្របតាមការណែនាំ” របស់បុគ្គលិកសាលាកើតឡើងដោយសារតែការប្រាស្រ័យទាក់ទង។

សិស្ស​ស្រីបាន​បន្ថែម​ថា “ខ្ញុំ​ចង់​មាន​ជីវិត​ដូចសិស្ស​ធម្មតា ប៉ុន្តែឥឡូវនេះខ្ញុំខ្លាចទៅសាលា ព្រោះគិតថានឹងជួបគ្រូទាំងនោះ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: