ហាងកាហ្វេប្រធានបទ Spy x Family នៅ Shibuya ទីក្រុង​តូក្យូ​ចាប់​បើក​ស្អែក​នេះហើយ

បច្ចុប្បន្ននេះ Anime ដែលកំពុងចាក់ផ្សាយ Spy x Family ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ Anime ក៏ដូចជាសហគមន៍ផ្សេងទៀត ដោយសារមានខ្លឹមសារពិសេស លាយឡំនឹងឈុតឆាកគួរឱ្យស្រឡាញ់ និង​សម្បូរទៅដោយអត្ថន័យមនុស្សធម៌និយាយពីជីវិតគ្រួសារ។ ក្នុងបទចម្រៀងបញ្ចប់ “Kigeki” របស់ Gen Hoshino មានប្រយោគមួយឃ្លា “Kyou wa nani tabeyou ka?” មានន័យថា “តើថ្ងៃនេះយើងទទួលទានអ្វី?” ប្រយោគ​នេះ​បង្កើតបរិយាកាសស្និទ្ធស្នាល កក់ក្តៅ បើទោះបីជាសមាជិកគ្រួសារទាំងអស់មានប្រវត្តិចម្លែក និងមិនចង់​បង្ហាញ​អាថ៌កំបាំង សូម្បីតែអ្នកដែលរស់នៅក្រោមដំបូលផ្ទះតែមួយក៏ដោយ។

ឆាប់ៗនេះនឹងមានហាងកាហ្វេយកប្រធានបទ Spy x Family សម្រាប់អ្នកគាំទ្រ ក៏ដូចជាអ្នកដែលចាប់អារម្មណ៍លើ Anime ឬ Manga នេះ។

Cafe Chigai Grace នៅ Shibuya ទីក្រុងតូក្យូ ស្ថិតនៅជាន់ទី ៧ កន្លែងកម្សាន្ត Shibuya Modi ។ បុគ្គលិកផ្ទះបាយលើកអាហារ និងភេសជ្ជៈ​ដែល​បំផុស​គំនិតមកពីរឿង Spy x Family ដូចជាបាយអូមូរីស “តួនាទីផ្សះផ្សា” រំលឹកដល់កូនស្រីចិញ្ចឹម Anya របស់លោកឪពុកចារកម្ម Loid នៅពេលដែលបុរសម្នាក់នេះចង់ឱ្យក្មេងស្រីសុំទោសមិត្តរួមថ្នាក់ Damian ក៏ជាកូនប្រុសរបស់បុគ្គលដែល Loid ចង់ចូលទៅជិត។

មុខម្ហូបជាច្រើនក្នុងហាងកាហ្វេត្រូវបានបំផុសគំនិតដោយក្មេងស្រី Anya ដ៏គួរឱ្យស្រឡាញ់ ដូចជានំសណ្តែកដីដែលនាងចូលចិត្ត។ នំមើលទៅស្រដៀងក្មេងស្រី Anya ជាមួយនឹងក្រែមពណ៌ផ្កាឈូក និង Topping Cookie ស្រដៀងបូនៅលើក្បាលរបស់នាង។

មុខម្ហូបបន្ទាប់មានឈ្មោះថា Stellar Parfait “គោលបំណងចង់ក្លាយជាសិស្សរាជវង្សនៃវិទ្យាស្ថាន Eden” ។

វិទ្យាស្ថាន Eden ជាសាលាខ្ពង់ខ្ពស់ កន្លែងដែលសិស្សនឹងទទួលបានផ្កាយ Stellar ដោយផ្អែកលើសមិទ្ធផលនៅសាលា។ នៅពេលទទួលបាន Stella ចំនួន ៨ ប្អូនៗនឹងក្លាយជាសិស្សឆ្នើមដែលត្រូវបានជ្រើសរើស ចំណែកឪពុកម្តាយនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីជប់លៀងរបស់លោក Donovan ។ នេះជាគោលដៅដែលចារកម្ម Loid កំណត់អោយកូនស្រីចិញ្ចឹមរបស់គាត់ឈ្មោះ Anya ពេលនាងចូលសាលានេះ។

ចំពោះម៉ឺនុយភេសជ្ជៈមាន Mocktail ច្រើនប្រភេទដូចជា Champage-style របស់ Loid ឬទឹកក្រូច Bloody របស់ Yor ។ ថែមទាំងមាន Wine-style របស់ Yuri (ប្អូនប្រុសរបស់ Yor)។

ស្រដៀងទៅនឹងហាងកាហ្វេយកប្រធានបទ Anime/Game ផ្សេងទៀត អាហារ និងភេសជ្ជៈដែលលើកឡើងមានបន្ទះទ្រនាប់រូបតួអង្គ ជាមួយនឹងការរចនាចំនួន ៦ ។

ហាងក៏ផ្តល់ជូនកាដូសម្រាប់អតិថិជន រួមមានផលិតផលជាច្រើនដូចជា acrylic standee បន្តោងសោរ កន្សែងដៃ និងខ្នើយរូប Anya ដ៏គួរឱ្យស្រលាញ់។

ហាងកាហ្វេនឹងបើកដំណើរការចាប់ពីថ្ងៃទី ២ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែមិថុនា ដូច្នេះអ្នកអាចកក់ទុកតាមរយៈគេហទំព័រផ្លូវការ (នៅទីនេះ) ។ សម្រាប់​អ្នក​ដែល​មិន​អាច​មក​ផ្ទាល់​បាន ប៉ុន្តែ​​ចង់​ទិញ​ goods ទំនិញមួយចំនួនមានលក់តាមអនឡាញ (នៅទីនេះ) ។

ព័ត៌មានលម្អិត

Spy×Family × Chugai Grace Cafe

អាស័យដ្ឋាន៖ Tokyo-to, Shibuya-ku, Jinnan 1-21-3, Shibuya Modi (ជាន់ទី ៧)

東京都渋谷区神南1-21-3 渋谷MODI 7F

បើកនៅម៉ោង៖ ១១ៈ១០ ព្រឹកដល់ម៉ោង ៨ៈ០០ យប់

Website

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: