របៀបដាក់ឈ្មោះរបស់ឪពុកម្តាយអាចធ្វើអោយកុមារត្រូវគេប្រមាថ តើ​សៀវ​ភៅ​អត្រានុកូលដ្ឋានជប៉ុនផ្លាស់ប្តូរយ៉ាងដូចម្តេច?

កំណើនឈ្មោះ “Kira kira” ក្នុងប្រទេសជប៉ុនបានបង្កចម្រូងចម្រាសប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ តើការផ្លាស់ប្ដូរប្រព័ន្ធ​សៀវ​ភៅ​អត្រានុកូលដ្ឋាននាពេលខាងមុខប៉ះពាល់ដល់បញ្ហានេះដែរទេ?

ដើម្បីលើកកម្ពស់ឯកសារឌីជីថល koseki (សៀវភៅគ្រួសារ) គណៈកម្មាធិការក្រសួងយុត្តិធម៌បានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការចុះឈ្មោះអត្រា​នុកូល​ដ្ឋាន ដើម្បីទាមទារឱ្យផ្គត់ផ្គង់ yomigana (របៀបអានសូរសព្ទអក្សរ kanji) សម្រាប់នាមត្រកូល និងនាមខ្លួនជាក់លាក់របស់សមាជិកគ្រួសារម្នាក់ៗ។ ទោះបីជាសេចក្តីព្រាងបណ្តោះអាសន្នមិនបន្ថែមច្បាប់តឹងរ៉ឹងណាមួយក៏ដោយ ប៉ុន្តែដាក់សំណើកំណត់ការបញ្ចេញសំឡេងចំពោះ Kanji មួយចំនួន (ពាក្យ ឬឃ្លា Kanji មានរបៀបអានច្រើន ឧទាហរណ៍៖ 大空 តែងតែបញ្ចេញសម្លេងថា ozora ប៉ុន្តែរបៀបអាន sukai អាចទទួល​យក​បានព្រោះវាឆ្លុះបញ្ចាំងអត្តន័យរួមពាក្យនេះ “ផ្ទៃមេឃធំទូលាយ”) ។

តើឈ្មោះ “Kira kira” ជាអ្វី?

ទំនោរដាក់ឈ្មោះតាមរបៀបមិនធម្មតាចាប់ផ្តើមនៅជប៉ុនក្នុងទសវត្សរ៍ ៩០ ជាមួយនឹងកំណើនអ្នកប្រើប្រាស់​អុីនធឺណេត។ ចាប់ពីឆ្នាំ ២០១០ ទស្សនៈ キラキラネーム (Kira kira name) – បកប្រែតាមអត្តន័យចំគឺថា “ឈ្មោះលេចធ្លោ” សំដៅលើឈ្មោះដែលដាក់តាមរបៀបមិនធម្មតា ឧទាហរណ៍សំដៅលើវប្បធម៌ប៉ុបដូចជា Pikachu (光宙) ។ Kira kira name ក៏រួមបញ្ចូលឈ្មោះដែលបញ្ចេញសម្លេងមិនទាក់ទងនឹងអត្ថន័យ Kanji (ឧទាហរណ៍ Maria – 真理亜) ។

សព្វថ្ងៃឈ្មោះបែបនេះកាន់តែពេញនិយម។ អ្នកនិពន្ធ Ito Hiromi មិនគិតថា ឪពុកម្តាយដាក់ឈ្មោះ Kira kira អោយ​កូនជាការបំពានសិទ្ធិ​នោះទេ។ ផ្ទុយ​ទៅ​វិញ នាងយល់ឃើញថា ចំណុចនេះបង្ហាញពីអត្តន័យសម្បូរបែបរបស់ភាសា។ “ភាសា​មានការវិវឌ្ឍទៅតាមពេលវេលា ហើយការហៅឈ្មោះក៏ដូចគ្នា” ។

បណ្តឹង​ពាក់ព័ន្ធ​នឹង​ Kira kira name 

ដាក់ Kira kira name តើអាចចាត់ទុកជាការរំលោភបំពានកុមារទេ? តើ​រដ្ឋាភិបាលគួរតែអន្តរាគមន៍​ដល់កម្រិត​​ណា បើ​ឈ្មោះ​អាច​គំរាមកំហែង​ដល់​សុខុមាលភាពកុមារ? សំណួរបែបនេះបានក្លាយជាប្រធានបទជជែក​វែក​ញែក​នារ​ដូវ​ក្តៅ​ឆ្នាំ ១៩៩៣ ទាក់ទងនឹងបណ្តឹងនៅទីក្រុងតូក្យូ។

ជាក់ស្តែង ប្តីប្រពន្ធមួយគូដាក់សំបុត្រកំណើតទៅកាន់សាលាក្រុង Akishima ក្នុងនោះសរសេរឈ្មោះកូនរបស់ពួកគេថា Akuma (悪魔) ប្រែថា “បិសាច” ។ ដើមឡើយការិយាល័យទទួលយកសំបុត្រកំណើតនេះ ពីព្រោះពាក្យ Kanji ទាំងពីរក្នុងឈ្មោះរបស់កុមារត្រូវបានអនុញ្ញាតអោយប្រើ។ ក្រោយមក ការវាយតម្លៃបានចោទជាសំណួរ “តើការដាក់​ឈ្មោះ​ក្មេង​ម្នាក់​ថាបិសាចសមរម្យដែរទេ?” ឈ្មោះ​មាន​អត្ថន័យ​អវិជ្ជមាន​អាចបណ្តាលអោយកុមារត្រូវសម្លុតធ្វើបាប និង​គុណវិបត្តិ​មួយ​ចំនួន​ទៀត។ បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌ ការិយាល័យប្រគល់ឯកសារទៅ​វិញ បានបដិសេធ​ឈ្មោះ​នេះដោយ​លើក​​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខុមាលភាព​អនាគត​របស់​កុមារ។

ឪពុក​របស់​ក្មេង​នោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​តូក្យូ។ ដោយសារតែផ្នែកចុះឈ្មោះបានអនុវត្ត “ផ្លូវកាត់” មួយចំនួនលើផ្លូវច្បាប់ ដើម្បីលុបឈ្មោះកុមារដោយមិនជូនដំណឹងជាមុនដល់ឪពុកម្តាយរបស់កុមារ តុលាការបានសម្រេចមានប្រយោជន៍ដល់ដើមបណ្តឹង។

ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងការព្រួយបារម្ភបំពានកុមារតាមរយៈការដាក់ឈ្មោះត្រូវបាន​លើក​ឡើង។

ស្មុគស្មាញជាងនេះ

បញ្ហានេះនៅតែត្រូវបានពិភាក្សាច្រើន គណៈកម្មាធិការលើកឡើងឈ្មោះដែលមានអត្ថន័យប្រមាថគួរតែដកចេញ ប៉ុន្តែមតិតាមអុីនធឺណេតហាក់ដូចជាមិនស៊ីសង្វាក់គ្នា។ កម្មវិធីទូរទស្សន៍មួយនៅ Shizuoka បានធ្វើបទសម្ភាសន៍អ្នកដំណើរ ដោយសួរពីរបៀបអានឈ្មោះ Kira kira ។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ មនុស្សវ័យកណ្តាលពិបាកក្នុងការ​អាន​ឈ្មោះ​ជាងយុវជន។

Chugoku Shinbun ក៏ទទួលបានមតិកែលម្អជាច្រើន បន្ទាប់ពីសួរអ្នកអានតាមរយៈកម្មវិធី LINE ថាតើពួកគេគិតយ៉ាងណាចំពោះសំណើផ្លាស់ប្តូរ។ ទោះបីជាភាគច្រើនជំរុញឱ្យឪពុកម្តាយពិចារណាដោយប្រុងប្រយ័ត្នបញ្ហាដែលអាចកើតឡើងចំពោះកុមារពេលដាក់ឈ្មោះខុសពីធម្មតា មតិយោបល់នៅតែមានច្រើន។ បុរសអាយុ ៦៧ ឆ្នាំម្នាក់ នៅ Hiroshima និយាយថាគាត់ស្អប់ឈ្មោះរបស់ខ្លួន ព្រោះមានមនុស្សជាច្រើនអានខុស។ ម៉្យាងវិញទៀត សិស្សអាយុ ១៧ ម្នាក់​​បានបង្ហាញមោទនភាពចំពោះឈ្មោះដ៏ពិសេសរបស់ខ្លួន។

គណៈកម្មាធិការ​គ្រោង​នឹង​បន្ត​ទទួល​មតិ​សាធារណៈជនរហូត​ដល់​ចុង​ខែ​ឧសភា។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: