ហេតុអ្វីបានជាឧទ្យាន Nara ស្អាតមិនមានលាមកសត្វក្តាន់បែបនេះ?

នៅពេលរំលឹកដល់ Nara រឿងដំបូងដែលមនុស្សរាល់គ្នាគិតដល់គឺក្តាន់។ ឧទ្យាន Nara នៅទីប្រជុំជនទីក្រុងជាជម្រក​របស់​ហ្វូង​ក្តាន់​ព្រៃ ដែលបានក្លាយជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់ Nara ។

ដូចដែលអ្នកមើលឃើញមានសត្វក្តាន់ជាច្រើននៅក្នុងឧទ្យាន ហេតុអ្វីបានជាមានលាមកសត្វក្តាន់តិចម្ល៉េះ? តើ​ឧទ្យាន​ធ្វើ​យ៉ាង​ណាសម្អាតកន្លែងដែលមាន​សត្វ​ព្រៃ​ច្រើនបែបនេះ?

ចម្លើយស្ថិតនៅលើក្រុមអ្នកសម្អាតពិសេស មានជំនាញសម្អាតលាមកក្តាន់។ ស្តាប់ទៅដូចជាការងារហត់នឿយណាស់ ប៉ុន្តែតាមពិតក្រុមបោសសម្អាតនេះ មិនមែនជាមនុស្សនោះទេ។

ដើម្បីយល់កាន់តែច្បាស់ សូមទស្សនាសារមន្ទីរ Naramachi ដែលជា “ការប្រមូលលាមកសត្វក្តាន់” ដ៏ល្អបំផុត។

សារមន្ទីរនេះមានឈ្មោះថា Naramachi Funchukan (ならまち糞虫館) ជាភាសាជប៉ុន។

សារមន្ទីរបើកសម្ភោធនៅរដូវក្តៅឆ្នាំ ២០១៨ នៅខាងក្នុងមានគំរូសត្វអណ្តើកមាសស៊ីលាមកជាច្រើន គ្រាន់តែជាគំរូមិន​មែន​របស់​ពិត​នោះ​ទេ។

នាយក និងជាស្ថាបនិកសារមន្ទីរលោក Keiichi Nakamura ត្រូវបានព័ណ៌នាលើគេហទំព័រផ្លូវការថា “ព្រះអង្គម្ចាស់​សត្វអណ្តើកមាស” ។ លោក Nakamura ចាប់​អារម្មណ៍​លើ​សត្វ​អណ្តើកមាស​តាំង​ពីរៀនវិទ្យាល័យ ដោយពន្យល់ថាជប៉ុនមានសត្វអណ្តើកមាសសុីលាមកប្រហែល ១៦០ ប្រភេទ ហើយអ្នកអាចរកឃើញប្រហែល ៦០ ប្រភេទនៅ Nara ។

កន្លែងដែលមានហ្វូងសត្វក្តាន់ព្រៃដើរហើរដោយសេរីតាមដងផ្លូវ ដូចជាកោះ Miyajima ទីក្រុង Hiroshima ក៏ជាកន្លែងដែលមានសត្វអណ្តើកមាសសុីលាមកច្រើនផងដែរ។ ប៉ុន្តែនៅតែមិនស្មើ Nara ពិសេសឧទ្យាន។

ក្នុងអំឡុងពេលដើរទស្សនាសារមន្ទីរ អ្នកនឹងដឹងថា មិនមែនសត្វអណ្តើកមាសទាំងអស់សុទ្ធតែរមៀលលាមកដែលពួកវាប្រមូលទៅជារៀងបាល់ធំនោះទេ ហើយពេលខ្លះប្រភេទសត្វល្អិតដូចគ្នាតែរាងកាយ និងពណ៌សម្បុរខុសគ្នា អាស្រ័យលើតំបន់រស់នៅ។

សារមន្ទីរបើកដំណើរការតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដើររយៈពេល ១៥ នាទីពីស្ថានីយ៍ Kinki Nara មិនឆ្ងាយប៉ុន្មានទេ បើធៀបនឹងភាគនិរតីឧទ្យាន។ លោក Nakamura បាននិយាយថា “ខ្ញុំនឹងសប្បាយចិត្តប្រសិនបើយុវវ័យអោយតម្លៃសត្វអណ្តើកមាសសុីលាមក ដែលជាហេតុផលនៅពីក្រោយទេសភាពដ៏ស្រស់ស្អាតនៅ Nara ជាង ១៣០០ ឆ្នាំមកហើយ” ។

ព័ត៌មានទីតាំង

Naramachi Dung Beetle Gallery / ならまち糞虫館

អាស័យដ្ឋាន៖ Nara-ken, Nara-shi, Minamijodocho 28-13 奈良県奈良市南城戸町28-13

ម៉ោងបើកដំណើរការ៖ ម៉ោង ១៣ ដល់ម៉ោង ១៨ (ថ្ងៃសៅរ៍ និងអាទិត្យ)

តម្លៃសំបុត្រ៖ ៣០០ យ៉េន (មនុស្សពេញវ័យ) ១០០ យ៉េន (សិស្សសាលាបឋមសិក្សាចុះ) ។

Website

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: