ជីវិតព្រះនាង Cinderella សង្កាត់ Shinsaibashi ស្លៀករ៉ូបឆើតឆាយ ផាត់មុខស្រស់ស្អាតទាំងវ័យ ៧៣ ឆ្នាំ
លោកស្រី Akiko Matsumoto ចំណាយពេល ៤ ម៉ោងក្នុងមួយថ្ងៃដើម្បីផាត់មុខ ស្លៀករ៉ូបពណ៌ផ្កាឈូក និងពាក់គ្រឿងតុបតែងលម្អសក់។
ការរៀបចំទាំងអស់ខាងលើដោយសារតែការងាររបស់លោកស្រីនៅ Bridal Saloon Rouage ដែលជាហាងជួលរ៉ូបអាពាហ៍ពិពាហ៍នៅសង្កាត់ Chuo, Osaka ដើរចម្ងាយ ៥ ពីស្ថានីយ៍ Shinsaibashi ។ លោកស្រី Akiko Matsumoto បានដំណើរការអាជីវកម្មហាងតាំងពីឆ្នាំ ១៩៨៧ ។ លោកស្រី Matsumoto ណែនាំខ្លួនថា “ព្រះនាង Cinderella មកពី Shinsaibashi” សំដៅទៅលើតំបន់កម្សាន្តដ៏ល្បីរបស់ Osaka ។
ទន្ទឹមនឹងនេះ គាត់ក៏បានដាក់ឈ្មោះស្ទីលតុបតែងខ្លួនថា “Age-age happy” ជាស្ទីលតុបតែងខ្លួនដែលធ្វើឲ្យមនុស្សរំភើប និងស្ងប់ស្ងាត់។
ការរស់នៅមុនពេលតុបតែងតាមបែប “Age-age happy”
បន្ទាប់ពីបានបញ្ចប់មហាវិទ្យាល័យនៅខេត្ត Yamaguchi លោកស្រី Matsumoto បានចាប់ផ្តើមអាជីពជាអ្នករចនាម៉ូដ នៅពេលចូលបម្រើការងារក្នុងក្រុមហ៊ុនកាត់ដេរនៅ Osaka ។
នៅពេលនោះមិនទាន់មានអុីនធឺណេតទេ ដូច្នេះប្រធានក្រុមហ៊ុនបានជិះយន្តហោះទៅអាមេរិក ហើយនាំយកគំរូអាវយឺត ខោខូវប៊យចូលប្រទេសជប៉ុន។
លោកស្រីនឹកឃើញកាលគាត់ទទួលខុសត្រូវកែសម្រួលឲ្យសមនឹងទីផ្សារជប៉ុន ហើយផលិតផលទាំងនោះលក់ដាច់ខ្លាំង។ ប៉ុន្តែការងារបែបនេះធ្វើឲ្យគាត់មិនពេញចិត្ត លោកស្រីបាននិយាយថា “មិនមានភាពរីករាយ លុះត្រាតែអ្នកធ្វើអ្វីដែលខុសពីអ្នកដទៃ” ។
ព្រោះតែយល់ថាការបង្កើតផលិតផលដែលលក់ដាច់នៅលើទីផ្សារមិនពិបាក គាត់គិតចង់លក់ការរចនាម៉ូដ និងគំនិតរបស់ខ្លួនទៅឲ្យក្រុមហ៊ុនគូប្រជែង។
លោកស្រី Akiko Matsumoto បានបន្ថែមថា “ការងារនេះគ្មាននរណាធ្វើនៅសម័យនោះទេ ប៉ុន្តែសម័យនេះគេហៅថាការប្រឹក្សា” ។ គាត់បានដាក់សំណើផែនការរបស់ខ្លួនទៅកាន់ប្រធានក្រុមហ៊ុន និងទទួលបានការយល់ព្រម។
លោកស្រី Akiko Matsumoto បានសម្រេចជាង ១០ កិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងទៀត ហើយការងារប្រឹក្សាយោបល់របស់លោកស្រីបន្តរីកចម្រើនជាលំដាប់។ ប៉ុន្តែក្រោយពេលរៀបការ និងមានកូន គាត់បានលាឈប់ពីការងារ។ “តាមពិតទៅខ្ញុំចង់បន្តធ្វើការ នៅសម័យនោះភាគច្រើនគិតថា ស្ត្រីគួរតែធ្វើជាស្រ្តីមេផ្ទះបន្ទាប់ពីសម្រាលកូន” ។
ទោះជាយ៉ាងណា អាពាហ៍ពិពាហ៍របស់លោកស្រីត្រូវបានបញ្ចប់ដោយការលែងលះ។ ក្នុងអំឡុងពេលចិញ្ចឹមកូនតូច លោកស្រី Matsumoto ត្រូវធ្វើរហូតដល់ ៤ ការងារផ្សេងៗគ្នា រួមទាំងការរចនារ៉ូបចូលរួមកម្មវិធី និងបង្រៀននៅសាលាបច្ចេកទេស។
ការផ្លាស់ប្តូរដ៏ធំមួយបានកើតឡើងចំពោះលោកស្រី Matsumoto នៅពេលដែលគាត់រៀបចំគម្រោងពិព័រណ៍ពាណិជ្ជកម្មរ៉ូបអាពាហ៍ពិពាហ៍ក្នុងនាមជាអ្នករចនា។
សម័យកាលពពុះសេដ្ឋកិច្ចឡើងដល់កម្រិតកំពូលនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ ដូច្នេះគូស្វាមីភរិយាសុខចិត្តចំណាយប្រាក់ច្រើនដើម្បីរៀបចំពិធីមង្គលការធំ ហើយចំណាយប្រាក់ជាច្រើនលានយ៉េនលើរ៉ូបអាពាហ៍ពិពាហ៍។
ប៉ុន្តែនៅក្នុងកម្មវិធីតាំងពិព័រណ៍ គាត់ឮស្ត្រីសម្លឹងមើលរ៉ូបនិយាយថា “ស្អាតមែនតែថ្លៃពេក” ។ លោកស្រីយល់ឃើញថានារីមួយចំនួនប្រាថ្នាចង់ស្លៀកឈុតអាពាហ៍ពិពាហ៍ស្អាត ប៉ុន្តែមិនអាច ព្រោះតម្លៃខ្ពស់ពេក។
គាត់គិតថា “ប្រសិនបើខ្ញុំអាចនាំយករ៉ូបដែលមានតម្លៃទាប នោះខ្ញុំអាចធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត” ។
កាលពី ៣៥ ឆ្នាំមុន លោកស្រី Matsumoto បានបង្កើត Bridal Saloon Rouage ។ គាត់ទិញរ៉ូបជាច្រើន ហើយធ្វើទៅជាការរចនារបស់ខ្លួន ដោយបន្ថែមផ្កា និងបូ។
តម្លៃជួលរ៉ូបអាពាហ៍ពិពាហ៍នៅហាងរបស់លោកស្រីចាប់ពី ២ ម៉ឺនយ៉េនទៅ ៥ ម៉ឺនយ៉េន។ អ្នកស្រី Matsumoto រំលឹកថា “តម្លៃជួលរ៉ូបអាពាហ៍ពិពាហ៍លើទីផ្សារនៅសម័យនោះគឺ ៥០ ម៉ឺនយ៉េនទៅ ៨០ ម៉ឺនយ៉េន ដូច្នេះហាងរបស់ខ្ញុំតែងតែពេញការបញ្ជាទិញ” ។
លោកស្រីជួលបុគ្គលិកដល់ទៅ ១៥ នាក់ ហើយប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនជាង ១០ ម៉ឺនយ៉េន។
ចាប់ពីពេលដំណើរការអាជីវកម្មហាង Bridal Saloon Rouage លោកស្រី Matsumoto បានចាប់ផ្តើមផាត់មុខច្រើន និងស្លៀកសម្លៀកបំពាក់ឆើតឆាយ។
គាត់ក៏ធ្លាប់ចូលរួមការប្រកួតផាត់មុខដែលរៀបចំដោយស្ថានីយទូរទស្សន៍នៅ Osaka ហើយទទួលបានចំណាត់លេខ ២ រឿងនេះធ្វើឲ្យអ្នកស្រីមានទំនុកចិត្ត និងកម្លាំងចិត្ត។
អ្នកស្រីបានចែករំលែក “ក្លាយជាមនុស្សម្នាក់ដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាសជារឿងល្អបំផុតសម្រាប់អាជីវកម្ម ហើយខ្ញុំយល់ឃើញថា ការផាត់មុខក៏ធ្វើឲ្យខ្ញុំមានទំនុកចិត្តផងដែរ” ។
យូរៗទៅវិស័យរ៉ូបអាពាហ៍ពិពាហ៍ជប៉ុនបានផ្លាស់ប្តូរយ៉ាងខ្លាំង។ សព្វថ្ងៃកន្លែងរៀបអាពាហ៍ពិពាហ៍តែងតែគិតថ្លៃគូស្វាមីភរិយាថ្មី ប្រសិនបើពួកគេយកសម្លៀកបំពាក់ផ្ទាល់ខ្លួនមកស្លៀកក្នុងពិធីមង្គលការ ដូច្នេះអាជីវកម្មរបស់អ្នកស្រីបាត់បង់អត្ថប្រយោជន៍។
ជាងនេះទៅទៀត ពិធីរៀបមង្គលការសាមញ្ញបានក្លាយជាការនិយមនៅប្រទេសជប៉ុន រហូតដល់ថ្នាក់គូស្វាមភរិយាថ្មីកាន់តែច្រើនឡើងៗសម្រេចចិត្តមិនរៀបចំពិធីមង្គលការ។
ដោយសារមូលហេតុនេះ ចំនួនបុគ្គលិកហាង Bridal Saloon Rouage ត្រូវកាត់បន្ថយមកត្រឹម ៣ នាក់ប៉ុណ្ណោះ។ នៅពេលខ្លះអ្នកស្រី Matsumoto មានអារម្មណ៍ស្រពិចស្រពិលចំពោះអនាគត ប៉ុន្តែគាត់នៅតែបន្តទៅមុខដោយមិនផ្លាស់ប្តូរស្ទីលរបស់ខ្លួន។
ថ្មីៗនេះ លោកស្រី Matsumoto បង្ហាញខ្លួនកាន់តែច្រើនក្នុងកម្មវិធីទូរទស្សន៍ជប៉ុន និងកាន់តែសកម្មនៅលើបណ្តាញសង្គម។ ចំណុចនេះជួយទាក់ទាញអតិថិជនស្រីមកកាន់ហាង Bridal Saloon Rouage កាន់តែច្រើន។
លោកស្រី Matsumoto បាននិយាយថា “ស្រ្តីគួរតែធ្វើសកម្មភាពកាន់តែច្រើន និងមានភាពក្លាហាន។ កុំចាប់អារម្មណ៍ទៅលើអ្វីដែលអ្នកដទៃនិយាយខ្លាំងពេក។ ចូរធ្វើអ្វីដែលអ្នកចូលចិត្ត និងធ្វើរឿងដ៏អស្ចារ្យ” ។
នេះជាដំបូន្មានដែលគាត់ផ្តល់ឱ្យស្ត្រីផ្សេងទៀត ហើយក៏ជាវេទមន្តជួយអោយអ្នកស្រី Matsumoto បន្តចំណង់ចំណូលចិត្តរ៉ូបអាពាហ៍ពិពាហ៍អស់រយៈពេល ៣៥ ឆ្នាំមកហើយ។
Erika អាយុ ២៨ ឆ្នាំបានដាក់ពាក្យសុំធ្វើការនៅហាង Bridal Saloon Rouage បន្ទាប់ពីបានឃើញលោកស្រី Matsumoto នៅលើកញ្ចក់ទូរទស្សន៍ ហើយក៏គ្រោងនឹងរៀបការនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះដែរ។
Hana