រឿងរ៉ាវក្មេងស្រីជនជាតិអ៊ុយក្រែនជម្លៀសខ្លួននៅប្រទេសជប៉ុន
បីខែបានកន្លងផុតទៅចាប់តាំងពីការឈ្លានពានរបស់យោធារុស្ស៊ីមកលើអ៊ុយក្រែន។ ក្នុងអត្ថបទនេះ យើងមិននិយាយពីបញ្ហាគាំទ្រភាគីមួយណានោះទេ ប៉ុន្តែផ្តោតលើការលំបាករបស់ប្រជាជនអ៊ុយក្រែន។
តួអង្គសំខាន់ថ្ងៃនេះឈ្មោះ Eva ប្អូនស្រីអាយុ ១០ ឆ្នាំមកពីទីក្រុងភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបានមកជ្រកកោននៅ Gifu ប្រទេសជប៉ុន។
https://gunosy.com/articles/a5hEZ?s=s
Eva រស់នៅពឹងលើមីងរបស់ខ្លួននៅ Gifu គ្រួសារ ៤ នាក់ត្រូវជម្លៀសខ្លួនជាមួយគ្នា គ្មាននរណាម្នាក់ចេះនិយាយភាសាជប៉ុនទេ។
រយៈពេល ២ មកហើយតាំងពីពេលពួកគេរស់នៅពឹងលើប្រជាជនបរទេស។ ប្អូនស្រីរបស់ Eva ដែលមានអាយុទើបតែ ៣ ឆ្នាំចាប់ផ្តើមចូលមត្តេយ្យ ចំណែក Eva កំពុងព្យាយាមសម្របខ្លួនទៅនឹងជីវិតថ្មី។
ដំបូង ប្អូនចូលរួមថ្នាក់ភាសាជប៉ុនដែលទទួលខុសត្រូវដោយអ្នកស្ម័គ្រចិត្ត។
សិស្សជប៉ុនប្រើកាបូបទៅរៀនដោយឡែកហៅថា Randoseru ។ នេះជាអំណោយរបស់គ្រូសាលាភាសាជប៉ុនម្នាក់ជូន Eva ។ ប្អូនជ្រើសរើសកាបូបស្ពាយពណ៌ផ្កាឈូក ដែលជាពណ៌ដែលប្អូនចូលចិត្ត។
សាលានៅជប៉ុនហាមសិស្សមិនអោយចោះត្រចៀក ដូច្នេះដើម្បីគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា Eva ត្រូវដោះក្រវិលចេញ។
ថ្ងៃដំបូងទៅសាលា។
Eva ទៅរៀនជាមួយ Nicholas ក្មេងប្រុសម្នាក់កើត និងធំឡើងនៅប្រទេសជប៉ុន។
ជាមួយនឹងចំណេះដឹងភាសាជប៉ុនមូលដ្ឋានដែលបានរៀនពីមុនមក ប្អូនអាចណែនាំខ្លួនឯងបានយ៉ាងរលូន។
ហាក់បីដូចជាប្អូនស្គាល់សិស្សជប៉ុនផ្សេងទៀតយ៉ាងឆាប់រហ័ស ប្អូនៗរាំជាមួយគ្នា ហើយបើកចិត្តទៅវិញទៅមក។
ក្រៅពីរៀនជាមួយមិត្តរួមថ្នាក់ Eva នឹងរៀនភាសាជប៉ុនពីនាយកសាលា ហើយទន្ទឹមនឹងនោះក៏ស្វែងយល់បន្ថែមអំពីចំណេះដឹងចាំបាច់ ដើម្បីស៊ាំនឹងបរិយាកាសសាលាជប៉ុន។
Eva ចូលចិត្តគូរគំនូរ ហើយក៏ចូលចិត្តគណិតវិទ្យាផងដែរ។ ប្អូនកំពុងខិតខំប្រឹងប្រែងរៀនភាសាជប៉ុន។ នៅក្នុងប្រទេសបរទេស Eva ព្យាយាមតាមទាន់មិត្តរួមថ្នាក់ ហើយក៏ទទួលបានជំនួយយ៉ាងច្រើនផងដែរ។
សង្ឃឹមថាប្អូនអាចទម្លាប់នឹងជីវិតនៅប្រទេសជប៉ុនឆាប់ៗនេះ ចូលរួមជាមួយមនុស្សគ្រប់គ្នា និងរីករាយជាមួយជីវិតបច្ចុប្បន្ន។
សង្រ្គាមដែលកើតឡើងរវាងប្រទេស គឺជាសង្គ្រាមរបស់អ្នកកាន់អំណាច មនុស្សធំដែលទាក់ទងនឹងបញ្ហានយោបាយស្មុគស្មាញ និងជាប់ពាក់ព័ន្ធជាច្រើន មិនដឹងថាភាគីខាងណាត្រូវ ព្រោះជីវិតមិនមែនមានតែសខ្មៅនោះទេ។ ប៉ុន្តែមានរឿងមួយប្រាកដថា កុមារជាជនរងគ្រោះ។
តួនាទីរបស់មនុស្សធំគឺបង្កើតពិភពលោកមួយដែលកុមារមិនជាប់ក្នុងជម្លោះរបស់ពួកគេ។
Kengo Abe