បញ្ហាក្លឹបវាយកូនហ្គោលក្នុងប្រទេសជប៉ុនរក្សាបទប្បញ្ញត្តិបដិសេធ​សមាជិក​ដែលមិនមែនជាជនជាតិជប៉ុន

ថ្វីត្បិតតែចូលសញ្ជាតិជប៉ុន បុរសដែលមានឪពុកម្តាយជនជាតិកូរ៉េម្នាក់ត្រូវបដិសេធ​ចូល​ជា​សមាជិកក្លឹប​វាយកូនហ្គោល​ផ្តាច់មុខនៅខេត្ត Gifu ជាមួយនឹងមូលហេតុ​កំណត់ចំនួនមិនមែនជាជនជាតិជប៉ុន។

បុរសម្នាក់អាយុប្រហែល ៤០ ឆ្នាំរស់នៅ Kuwana ខេត្ត Mie បច្ចុប្បន្នកំពុងដំណើរការក្រុមហ៊ុនសេវាកម្មសម្អាតបានចុះឈ្មោះជាសមាជិកក្លឹបវាយកូន​ហ្គោល Aigi Country ។

គាត់​បាន​ដាក់​ច្បាប់​ចម្លងសៀវភៅគ្រួសារតាម​បទប្បញ្ញត្តិ​របស់​ក្លឹប ក្នុងនោះបញ្ជាក់ថាមុន​ចូល​សញ្ជាតិ​ជប៉ុនក្នុងឆ្នាំ ២០១៨ គាត់​មាន​សញ្ជាតិ​កូរ៉េ។

បន្ទាប់ពីដាក់ពាក្យ ៣ ថ្ងៃ នៅថ្ងៃទី ២០ ខែកុម្ភៈ គាត់បានទទួលការហៅទូរស័ព្ទពី​ប្រធាន​ក្លឹប ​ដោយ​និយាយ​ថាគាត់​​មិន​​ត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​​ចូល​​រួម​​ឡើយ។

តំណាង Aigi Country បានពន្យល់ថា “ក្លឹបកំណត់ចំនួនសមាជិក ពោលគឺពលរដ្ឋបរទេស និងជនបរទេសដែលចូល​សញ្ជាតិ​ជប៉ុន ហើយកំណត់ចំនួន​សមាជិក​ថ្មី។ នៅពេលនេះយើងមិនមានកន្លែងទំនេរទេ” ។

ដោយភ្ញាក់ផ្អើលនឹងការសម្រេចចិត្តរបស់ក្លឹប កាលពីខែមីនា ឆ្នាំ ២០២២ តាមរយៈមេធាវីរបស់ខ្លួនបុរសម្នាក់នេះផ្ញើឯកសារទៅកាន់ក្លឹប ដោយ​ស្នើ​អោយ​សុំ​ទោស និងសំណងចំនួន ៣ លានយ៉េន ព្រោះគិតថានេះជាទង្វើ “រើសអើងដោយគ្មានមូលដ្ឋាន” ។ ជាមួយគ្នានេះ លោកក៏បានបញ្ជូនឯកសារទៅក្រុមប្រឹក្សាគណៈមេធាវីខេត្ត Mie ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សរបស់លោក។

ក្លឹបវាយកូនហ្គោល Aigi Country នៅ Kani ខេត្ត Gifu ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមក្លឹបផ្តាច់មុខខេត្ត ត្រូវបាន​បង្កើតឡើងនៅខែកក្កដា ឆ្នាំ ១៩៦៤ ។ Aigi Country ធ្លាប់រៀបចំការប្រកួតដែលឧបត្ថម្ភដោយសមាគមវាយកូនហ្គោលជប៉ុន ធ្លាប់ជាកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡា​វាយ​កូន​ហ្គោល​សម្រាប់​ស្ត្រី ក្នុងអំឡុង​ពេល​ប្រកួត​កីឡា​ជាតិ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត Gifu ក្នុង​ឆ្នាំ ២០១២ ។

នាយកប្រតិបត្តិក្លឹបលោក Masakatsu Ito បានចែករំលែកជាមួយនឹង The Asahi Shimbun ថា ក្លឹបមានសមាជិក​ប្រហែល ១,៥០០ នាក់។ ពួកគេមានបទប្បញ្ញត្តិកំណត់ចំនួនសមាជិកក្រោម ២០ នាក់សម្រាប់ពលរដ្ឋបរទេស និង​ជន​បរទេស​ដែលទទួលបានសញ្ជាតិជប៉ុន។

លោក Masakatsu Ito បាននិយាយថា ការទទួលយកសមាជិកថ្មីលុះត្រាតែមានកន្លែងទំនេរក្នុងបញ្ជី។

លោក Masakatsu Ito និយាយថា “បទប្បញ្ញត្តិបែបនេះក្នុងគោលបំណងបង្កើតក្លឹបវាយកូនហ្គោលឯកជន។ ជន​ជាតិ​​ជប៉ុន​ជាច្រើន​និយាយ​​ថា​​បរិយាកាស​​នឹង​​ប្រែ​ប្រួល​​តិច​ឬ​ច្រើន​ពេល​ជនបរទេសបង្ហាញខ្លួន។ បទប្បញ្ញត្តិនេះត្រូវ​​បាន​ដាក់​ចេញ​​ជា​យូរ​មក​ហើយ” ។

ពេលទទួលបានសំណួរ ហេតុអ្វី​បាន​ជា​ជនបរទេស​ដែល​បាន​សញ្ជាតិ​ជប៉ុន​ត្រូវ​ចាត់​ចូល​ជា​សមាជិក​មិន​មែន​ជា​ជនជាតិ​ជប៉ុន? លោក Masakatsu Ito និយាយថា “នោះជារបៀបដែលយើងបានដំណើរការពីមុនមក ជា​បទ​ប្បញ្ញត្តិ​​ធម្មតា ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំងអស់គ្នានឹងយល់” ។

បុគ្គលិកក្លឹបបានទទួលស្គាល់ថាបទប្បញ្ញត្តិទាំងនោះមិនត្រូវបានចងក្រងជាលាយលក្ខណ៍អក្សរច្បាស់លាស់ ប៉ុន្តែ​ត្រូវ​​​បាន​​អនុម័ត​​ជា​​បទ​ប្បញ្ញត្តិ​ដែល​​មិន​​បាន​​សរសេរ​របស់ Aigi Country ។

នេះមិនមែនជាករណីតែមួយទេ

សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េនៅប្រទេសជប៉ុនបានធ្វើការស្ទង់មតិលើសមាជិក ១,៧៩៤ នាក់នៃក្លឹបវាយកូន​ហ្គោល​នៅ​ទូទាំង​ប្រទេស ដើម្បីពិនិត្យមើលលក្ខខណ្ឌអនុម័តសមាជិកភាពកំណត់សញ្ជាតិឬអត់។

លទ្ធផលក្នុងចំណោមអ្នកចូលរួមការស្ទង់មតិចំនួន ៨២១ នាក់ ក្លឹបវាយកូនហ្គោលចំនួន ១៧០ កន្លែងបាននិយាយ​ថា ពួក​គេ​មាន​ការ​រឹត​បន្តឹង​មួយ​ចំនួន ដូចជា​ការ​រឹត​បន្តឹង​​ចូលរួមចំពោះពលរដ្ឋជប៉ុន។

មន្ត្រីរាជការនៅ KCCI បាននិយាយថា មិនមានទិន្នន័យលម្អិតស្តីពីការចុះឈ្មោះសមាជិកថ្មីនៃក្លឹបវាយកូន​ហ្គោល​បច្ចុប្បន្ន​នោះ​ទេ ព្រោះ​​ទិន្នន័យ​​មិន​បាន​ប្រមូល​តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ។

ការស្ទង់មតិព័ត៌មានអនឡាញស្តីពីសំណើចូលជាសមាជិកក្លឹបវាយកូនហ្គោលបង្ហាញថា ក្លឹបជាច្រើនបដិសេធបុគ្គល​ដែល​​មាន​​សញ្ជាតិ​​ជប៉ុន។

បុគ្គលិកក្លឹបវាយកូនហ្គោលនៅទីក្រុងតូក្យូបាននិយាយថា “ទីលានវាយកូនហ្គោលមួយចំនួននៅតែកំណត់​បទ​ប្បញ្ញត្តិស្តីពីសញ្ជាតិ កន្លែងខ្លះថែមទាំងដាក់កម្រិតសមាជិកភាពចំពោះ​ជន​បរទេស​ដែលបានចូលសញ្ជាតិជប៉ុន ពួក​គេ​នៅ​តែ​រក្សាបទប្បញ្ញត្តិនេះ” ។

សេចក្តីសម្រេចរបស់តុលាការមិនស្របគ្នា

នៅខែមីនា ឆ្នាំ ១៩៩៥ តុលាការតូក្យូធ្លាប់ចេញសេចក្តីសម្រេចបណ្តឹងទាក់ទងនឹងក្រុមហ៊ុនប្រតិបត្តិការក្លឹបវាយកូន​ហ្គោល​នៅទីក្រុងតូក្យូ ដោយបដិសេធសំណើរបស់ពលរដ្ឋកូរ៉េចំពោះការចុះឈ្មោះសមាជិកភាពដោយសារមូលហេតុ​​សញ្ជាតិ។

តុលាការ​បាន​សន្និដ្ឋាន​ថា ទង្វើ​នេះ​ផ្ទុយ​នឹង​ស្មារតី​នៃ​មាត្រា ១៤ ក្នុងរដ្ឋធម្មនុញ្ញ ក្នុងនោះចែងថា មនុស្ស​គ្រប់រូប​មាន​​ភាព​​ស្មើ​គ្នា​​​ចំពោះមុខ​ច្បាប់។

ចំពោះបណ្ដឹង​មួយផ្សេងទៀតនៅខែឧសភា ឆ្នាំ ​២០០១ តុលាការក្រុងតូក្យូបានច្រានចោលការ​ទាមទារ​របស់​ដើម​បណ្តឹងកូរ៉េ​ខាងជើង។ សាលក្រមបង្ហាញថា “មិនអាចនិយាយថាសិទ្ធិទទួលបានសមភាពត្រូវបំពានលើសដែនកំណត់​សង្គម​ទទួលយក ក្នុងនាមជាក្រុមហ៊ុន​ឯកជន ដាក់កម្រិតសមាជិកភាពដោយផ្អែកលើសញ្ជាតិ” ។

សេចក្តីសម្រេចនេះត្រូវបានតម្កល់ដោយតុលាការជាន់ខ្ពស់ទីក្រុងតូក្យូក្នុងឆ្នាំ ២០០២ ។

ប៉ុន្តែមនុស្សមួយចំនួនក្នុងវិស័យវាយកូនហ្គោលគិតថាបទប្បញ្ញត្តិកំណត់សមាជិកភាពកំពុងផ្លាស់ប្តូរ។

ច្បាប់ដែលត្រូវបានអនុម័តដើម្បីប្រឆាំងនឹងការនិយាយប្រមាថ ឬទង្វើញុះញង់ឱ្យមានការរើសអើងដែលសំដៅទៅ​លើ​ជន​ជាតិ​ភាគ​តិច ឬក្រុមផ្សេងទៀត។

អ្នកគ្រប់គ្រងក្លឹបវាយកូនហ្គោលក្នុងតំបន់ Tokai បាននិយាយថា “ក្លឹបវាយកូនហ្គោលកំពុងរងសម្ពាធក្នុងការ​ដោះ​ស្រាយ​បញ្ហាសិទ្ធិមនុស្ស មិន​ត្រឹម​តែសញ្ជាតិ​ប៉ុណ្ណោះ​ទេ” ។

លោកបានអោយដឹងថា ក្លឹបដែលគាត់ធ្វើការដំណើរការជាង ៤ ទសវត្សរ៍​មក​ហើយ បានបញ្ឈប់ការពិនិត្យមើលសមាជិក​ដោយ​ផ្អែកលើសញ្ជាតិកាលពីប៉ុន្មានឆ្នាំមុន។

លោកក៏បានលើកឧទាហរណ៍ក្លឹបវាយកូនហ្គោល Kasumigaseki នៅ Kawagoe ខេត្ត Saitama ជាកន្លែងប្រារព្ធការប្រកួត​កីឡា​​វាយ​​កូន​ហ្គោល​ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំមុន។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអំពាវនាវឱ្យក្លឹប Kasumigaseki Country ពិចារណាលើការបដិសេធសមាជិក​ភាព​ជា​ស្ត្រី ដែល IOC យល់ថាផ្ទុយនឹងលក្ខន្តិកៈអូឡាំពិក។

លោក Ryusuke Kin មកពីសមាគមគណៈមេធាវីទីក្រុងតូក្យូបាននិយាយថា “នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេង​ទៀត ក្លឹបវាយកូនហ្គោលមានការរើសអើងជាតិសាសន៍ និងភេទ ធ្វើឱ្យពួកគេបាត់បង់ឱកាសក្លាយជាម្ចាស់ផ្ទះ​ការ​ប្រកួត” ។

លោក Ryusuke Kin បានសរសេរអំពីបញ្ហារើសអើងសញ្ជាតិនៅក្លឹបវាយកូនហ្គោលជប៉ុនក្នុងសៀវភៅ “Ethnic Koreans in Japan as seen in lawsuits” ប្រែថា “ជនជាតិកូរ៉េខាងជើងនៅជប៉ុនតាមរយៈបណ្តឹង” និពន្ធ និង​កែ​សម្រួល​សមាគម​គណៈ​មេធាវី Zainichi Koreans ។

លោកបានចែករំលែកថា៖ “បញ្ហាលេចធ្លោនៅក្លឹបវាយកូនហ្គោលជាច្រើនក្នុងប្រទេសជប៉ុននៅតែមាន​បទប្បញ្ញត្តិ​បដិសេធ​សមាជិក​ដែល​មិន​មែន​ជា​ជន​ជាតិ​ជប៉ុន។ លើស​ពី​នេះ ការ​កំណត់​អត្តសញ្ញាណបុគ្គលមិន​មែន​ជា​ជនជាតិ​ជប៉ុន​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្សយ៉ាងច្បាស់។ ពិភពកីឡាវាយ​កូន​ហ្គោល​របស់​ជប៉ុនត្រូវកែតម្រូវបញ្ហានេះ” ។

yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: