បាតុភូត​ប្រជាជន​ជប៉ុនស្លាប់​គ្មាន​សាច់ញាតិ ត្រូវទុកចោលនៅកន្លែងធ្វើបុណ្យ មិនបានបូជាសព

មន្ត្រីអាជ្ញាធរមូលដ្ឋានទីក្រុង Nagoya ខេត្ត Aichi បានរក្សាទុកសាកសពរបស់អ្នកស្លាប់នៅកន្លែងធ្វើបុណ្យ​សព​ក្នុង​រយៈ​ពេល​យូរ​មកហើយ ព្រោះ​តែ​មិន​អាចរកឃើញសាច់ញាតិមក​ធ្វើ​ពិធី​បូជា​សព។

ក្នុងករណីខ្លះសាកសពត្រូវបានរក្សាទុករហូតដល់ ៣ ឆ្នាំ ៤ ខែ។

យោងទៅតាមច្បាប់បញ្ចុះសពនៅជប៉ុន អភិបាលក្រុងទទួលខុសត្រូវចំពោះការបូជាសព ឬបញ្ចុះសពប្រជាជនដែល​មិន​អាច​រកឃើញសាច់ញាតិរបស់ពួក​គេ។

នៅទីក្រុង Nagoya ទំនួលខុសត្រូវនោះស្ថិតនៅលើរដ្ឋាភិបាលថ្នាក់សង្កាត់។ ក្នុងករណីធម្មតា ការ​បូជា​សព​សម្រាប់​ករណី​​ពិសេស​​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើងក្នុង​រយៈ​ពេល ៦ ខែ។

ទោះជាយ៉ាងណា បើតាមទិន្នន័យត្រួតពិនិត្យដែលមានរយៈពេលជាង ៣ ឆ្នាំ ធ្វើឡើងដោយអាជ្ញាធរទីក្រុង Nagoya បង្ហាញថា ៥ ក្នុងចំណោម ១៦ សង្កាត់ មិនអាចបញ្ចប់ការបូជាសពអ្នកស្រុក ១៣ នាក់គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ ខណៈ​ពេល​បញ្ចប់ការត្រួតពិនិត្យ។

នៅទីបំផុតទាំងអស់ ១៣ សាកសពត្រូវបានបូជារួចរាល់ ប៉ុន្តែនីតិវិធីបូជាសពសម្រាប់សាកសព ៦ ក្នុងចំណោមនោះ​មិន​បាន​ធ្វើយ៉ាងហោចណាស់មួយឆ្នាំ។ ចំពោះករណីដែលនៅសល់ ការស្វែងរកសាច់ញាតិរបស់ពួកគេក៏ត្រូវបានបញ្ឈប់ផងដែរ។ មន្ត្រី ​៧ ​នាក់​ដែល​ទទួល​បន្ទុក​បូជា​សព​ត្រូវ​បាន​ថ្កោលទោស​ចំពោះ​ការ​យឺតយ៉ាវ។

តំណាងអាជ្ញាធរទីក្រុង Nagoya បាននិយាយថា៖ “មន្ត្រីទាំងនេះមមាញឹកនឹងការងារការិយាល័យផ្សេងទៀត ឬបញ្ហា​សំខាន់​ជាង​នេះ” ។

ប្រភពព័ត៌មានពីបុគ្គលិកក្រុមហ៊ុនបញ្ចុះសពនៅទីក្រុង Nagoya បាននិយាយថា ពួកគេធ្លាប់រក្សាទុកសាកសពជិត ៣ ឆ្នាំ។ “ជា​រឿង​មិន​ធម្មតា​ទេ​ដែល​សាកសព​ត្រូវ​បាន​រក្សា​ទុកក្នុងរយៈពេលប្រហែល ២ ឆ្នាំ” ។

ប្រជាជនជប៉ុនជាច្រើននាក់ស្លាប់ក្នុងភាពឯកោ

យោងទៅតាមមន្ត្រីទីក្រុង Nagoya មនុស្សកាន់តែច្រើនស្លាប់ម្នាក់ឯង គ្មានសាច់ញាតិធ្វើបុណ្យសព ក្នុងបរិបទ​ចំនួនប្រជាជនចំណាស់នៅក្នុងប្រទេសជប៉ុនកើន។

ក្នុងឆ្នាំសារពើពន្ធ ២០២០ សាកសពរបស់អ្នកស្រុកចំនួន ២៤៣ នាក់ក្នុងទីក្រុង Nagoya ត្រូវបានរក្សាទុកក្នុងរយៈពេល​យូរ ព្រោះ​គ្មាន​សាច់ញាតិ​មកធ្វើបុរណ្យសព។

អាជ្ញាធរសង្កាត់បានទទួលខុសត្រូវលើការបូជាសពចំនួន ១៦០ សាកសព ចំនួននេះកើនឡើងទ្វេដងបើធៀបនឹង ៨៤ ករណីក្នុងសារពើពន្ធឆ្នាំ ២០១៦ ។

តំណាងអាជ្ញាធរទីក្រុងបាននិយាយថា៖ “មន្ត្រីចង់ស្វែងរកសាច់ញាតិរបស់អ្នកស្លាប់មក​ទទួល​សព​ឱ្យ​បាន​ឆាប់​តាម​​ដែល​​អាច​​ធ្វើ​​ទៅ​បាន ប៉ុន្តែ​ចំនួន​សាក​សព​ថ្មី​នៅ​តែបន្តកើនឡើង” ។

មានករណីមួយ ពួកគេ​ត្រូវ​ពន្យារ​ពេល​បូជា​សព​ដែល​បាន​កំណត់​មុននោះ ព្រោះរវល់ស្វែង​រក​សាច់​ញាតិរបស់អ្នកស្លាប់​ម្នាក់​ទៀត។

សាកសពដែលមិនទាន់មានសាច់ញាតិមកទទួល ត្រូវបានរក្សាទុកក្នុងបន្ទប់ទឹកកករបស់ក្រុមហ៊ុនបញ្ចុះសព ខណៈ​​ដែល​មន្ត្រីមូលដ្ឋានរង់ចាំទទួលដំណឹង​ពី​សាច់ញាតិរបស់ពួកគេ។

ជួនកាល បន្ទាប់​ពី​មិន​ទទួល​បាន​ការ​ឆ្លើយ​តប ពួកគេបានផ្អាកការស្វែងរកសាច់ញាតិ។

មន្ត្រីជាន់ខ្ពស់ទីក្រុង Nagoya ម្នាក់បានសង្កត់ធ្ងន់ថា បុគ្គលិក​ទទួល​បន្ទុក​បូជា​សពគ្មានចេតនា​ធ្វេសប្រហែសចំពោះ​ភារកិច្ចរបស់ខ្លួនឡើយ។ “ពួកគេកំពុងព្យាយាមធ្វើការ” ហើយ “ពួកគេដឹងថាត្រូវបំពេញការងាររបស់ខ្លួន” ។

យោងទៅតាមមន្ត្រីទីក្រុង ក្រុមហ៊ុនរៀបចំបុណ្យសពទទួលថ្លៃរក្សាទុក និងបុណ្យសពតែម្តងប៉ុណ្ណោះ ដែលមាន​ន័យ​ថា​ពួក​គេ​មិន​ទទួល​បាន​ប្រាក់​បន្ថែម បើទោះបីជាសាកសពត្រូវបានរក្សាទុកក្នុងរយៈពេលយូរក៏ដោយ។

ការ​ប្រគល់​សព​ទៅអោយក្រុមហ៊ុន​រៀបចំបុណ្យសព ជួយកាត់បន្ថយ​សម្ពាធ​របស់អាជ្ញាធរសង្កាត់ក្នុងការដោះស្រាយ​បញ្ហា​បូជាសព។ មន្ត្រីក៏បានពន្យល់បន្ថែមថា ការងារដែលទាក់ទងនឹងជំងឺកូវីដ ១៩ មានអាទិភាពជាងបូជា​សព។

កន្លែងរៀបចំបុណ្យសពនៅ Nagoya បានអោយដឹងថា ពួកគេត្រូវលុបពិធីបុណ្យសពរបស់អតិថិជន បន្ទាប់ពីកន្លែងដាក់សាកសពដែលបញ្ជូនមកពីអជ្ញាធរសង្កាត់ពេញ។

ក្រុមហ៊ុនរៀបចំបុណ្យសពផ្សេងទៀតបានចែករំលែកថា ពួកគេត្រូវទុកសាកសពក្នុងមឈូសដែលពោរពេញដោយ​ទឹក​កក​ស្ងួត ព្រោះមិនមានកន្លែងនៅក្នុងបន្ទប់ទឹកកក។

ប៉ុន្តែក្រុមហ៊ុនទាំងនេះមិនអាចត្អូញត្អែរទៅកាន់ការិយាល័យសង្កាត់បានទេ ដោយសារពួកគេទទួលបានប្រភពចំណូល​​ថេរ​ពី​ទី​នោះ។

កន្លែងរៀបចំបុណ្យសពកាលពីមុនគេច​ពី​សំណើ​របស់​អាជ្ញាធរសង្កាត់។ ប៉ុន្តែសូម្បីតែក្រុមហ៊ុនធំក៏ព្រមទទួល​យក​សាក​សពដែរ ព្រោះ​អតិថិជន​ជា​ច្រើន​កំពុង​សន្សំលើថ្លៃបុណ្យសព ដោយរៀបចំសេវាកម្មខ្នាតតូច។

មន្ត្រីជាន់ខ្ពស់ទីក្រុងបាននិយាយថា៖ “ក្រុមហ៊ុនធ្វើបុណ្យសពមិនអាចពិចារណាយ៉ាងតឹងរ៉ឹងចំពោះការិយាល័យសង្កាត់​បាន​ទេ។ មន្ត្រីសង្កាត់​ត្រូវ​តែ​យល់​ថា​ពួកគេ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ឱកាស​អាជីវកម្ម” ។

ប្រឈមនឹងស្ថានភាពខាងលើ អាជ្ញាធរទីក្រុង Nagoya កំពុងរៀបចំឡើងវិញគោលការណ៍ណែនាំទាក់ទងនឹងពេលវេលា​អតិបរមា​ដែល​អាចទទួលយកបានចាប់ពីពេលទទួល និងបូជាសព។

មន្ត្រី​ក្រុងម្នាក់​បាន​និយាយ​ថា​៖ “ពិតជាពិបាកនិយាយថា​ពេល​ណា​ត្រូវ​បូជាសព ប៉ុន្តែ​យើង​ចង់​កំណត់​ពេលវេលា​ស្តង់​ដារ​” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: