សមាជិកក្រុមស្រាវជ្រាវការិយាល័យរដ្ឋាភិបាលជប៉ុនលើកទឹកចិត្តប្រជាជនចែចង់តាមបែប Manga Kabe-don
ក្នុងបទបង្ហាញកាលពីថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២២ Jun Kobayashi សមាជិកក្រុមស្រាវជ្រាវការិយាល័យខុទ្ទកាល័យចេញផ្សាយឯកសារដែលមានឈ្មោះថា “ឯកសារស្រាវជ្រាវស្តីពីស្នេហា” វិធីចែចង់បង្កចម្រូងចម្រាសហៅថា “kabe-don” ។ Kobayashi ស្នើឱ្យរដ្ឋាភិបាលជប៉ុនបញ្ចូលវិធីសាស្រ្តនេះក្នុងកម្មវិធីអប់រំ ជួយដល់អ្នកដែលមានភាពខ្មាស់អៀនសារភាពស្នេហា។
Kobayashi បញ្ជាក់ថាបុរស និងស្ត្រីដែលមានបទពិសោធន៍ច្រើនក្នុងទំនាក់ទំនងប្រុសស្រីអាចនឹងរៀបការ ក្លាយជាអ្នកមាន និងមានសុភមង្គលជាង។ ដូច្នេះរដ្ឋាភិបាល និងក្រុមផ្សេងទៀតគួរតែជួយសម្រេចគោលដៅនេះ។ ទោះជាយ៉ាងណា សំណើនេះរងមតិជំទាស់ជាច្រើន ខណៈដែលមនុស្សមួយចំនួនយល់ស្របថា សកម្មភាព Kabe-don រ៉ូមែនទិក អ្នកខ្លះទៀតបារម្ភថាត្រូវគេយល់ច្រឡំជាការគំរាមកំហែង។
ការរិះគន់ថ្មីៗនេះមកពីតារាសម្តែង តារាម៉ូដែល Suzu Yamanouchi នាងបានចង្អុលបង្ហាញពីគុណវិបត្តិនៃសកម្មភាព Kabe-don នេះ។
ជាពិសេសនាងបាននិយាយថា៖
“រឿងដូចជា Kabe-don មានតែនៅក្នុង Shojo Manga ប៉ុណ្ណោះ ជាការពិតណាស់ ឃើញតារាសម្តែងប្រុសសង្ហាធ្វើសកម្មភាពនេះក្នុងឈុតឆាក Live-action នឹងធ្វើឱ្យបេះដូងអ្នកទស្សនាលោតខុសចង្វាក់ ប៉ុន្តែប្រសិនបើនរណាម្នាក់សាកល្បងសកម្មភាព Kabe-don ក្នុងជីវិតពិត រឿងតែមួយគត់ដែលអ្នកគិតដល់គឺគួរអោយខ្លាច។ មនុស្សកាន់តែច្រើនឡើងយល់ច្រឡំថាស្ត្រីរីករាយនឹងអារម្មណ៍ទទួលបាន Kabe-don ពីបុរសណាម្នាក់។ នៅពេលដែលមានភាពខុសគ្នារវាងមនុស្សទាំងពីរ បើទោះបីជាម្នាក់នោះជាបុគ្គលដែលអ្នកចូលចិត្ត សកម្មភាព Kabe-don ជាស្ថានភាពដែលគួរឱ្យខ្លាច” ។
Yamanouchi បញ្ជាក់យ៉ាងជាក់លាក់ថា Kabe-don គួរតែមានក្នុងរឿងប្រឌិតប៉ុណ្ណោះ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២០ ខែមេសា គណបក្សប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរបស់ជប៉ុនបានសួរទៅកាន់ការិយាល័យសមភាពយេនឌ័ររបស់ការិយាល័យខុទ្ទកាល័យអំពីបញ្ហានេះ។ តំណាងការិយាល័យបានលើកឡើងថា មតិរបស់សាស្ត្រាចារ្យមិនមែនជាមតិផ្លូវការរបស់រដ្ឋាភិបាលទេ។ អ្នកតំណាងក៏បាននិយាយថា “ការិយាល័យនឹងយកចិត្តទុកដាក់ធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ងាយស្រួលពេលរៀបចំរបាយការណ៍” ។
Japo Cambodia