ម្តាយជនជាតិជប៉ុន និងមិត្តរួមបន្ទប់ត្រូវកាត់ទោសពីបទឃុំកូនប្រុសអាយុ ៥ ឆ្នាំក្នុងទ្រុងឆ្មារហូតដល់ស្លាប់

ការព្រមាន៖ អត្ថបទនេះនិយាយពីព័ត៌មានអំពើហិង្សា និងការបំពានលើកុមារ។

ប៉ូលីសជប៉ុនបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ពី​បទ​សង្ស័យប្រើហិង្សា ឃុំខ្លួនកុមារាអាយុ ៥ ម្នាក់ បន្ទាប់​ពី​សាក​សពរបស់ក្មេងប្រុសត្រូវបានគេរកឃើញក្នុងផ្ទះរបស់ពួកគេនៅ Saitama កាលពីខែមីនា។

ម្តាយរបស់ជនរងគ្រោះឈ្មោះ Chika Kakimoto អាយុ ៣០ ឆ្នាំ ជាមួយនឹងមិត្តរួមបន្ទប់ពីរនាក់ទៀតឈ្មោះ Hiroki Niwa អាយុ ៣៤ ឆ្នាំ និង Yoko Ishii អាយុ ៥៤ ឆ្នាំត្រូវចោទ​ប្រកាន់ថាធ្វើ​ទារុណកម្ម​កុមារ​រហូត​ដល់​ស្លាប់។

ក្នុងចំណោមហេតុ​ការណ៍មួយចំនួនដែលបានកើតឡើងកាល​ពី​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ​មុន ជន​ទាំង​បី​នាក់​នេះ​ត្រូវ​​គេ​​ចោទ​​ប្រកាន់​​ថា​បាន​យក​ក្មេង​ប្រុស​ទៅ​ដាក់​ក្នុង​ធុង​ទឹកភ្លៀង រួច​រុញអោយដួល។ អ្នកទាំងបីក៏ត្រូវគេសង្ស័យថាបាន​វាយ​ក្មេង​ប្រុស​នោះ រួចយកទៅព្យួរដាំក្បាលចុះក្រោម មុន​នឹងយកទៅឃុំក្នុងទ្រុង​ឆ្មា​រយៈពេល​ជាង​ពីរ​ម៉ោង​នៅ​ថ្ងៃ​ទី ២៩ ខែ​​ឧសភា ឆ្នាំ​ដដែល។

ម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែលជនសង្ស័យទាំង ៣ នាក់ និងក្មេងប្រុសតែងតែមកញឹកញាប់គិតថា ក្មេងប្រុស​រង​គ្រោះត្រូវម្តាយបង្កើតធ្វើបាប ទើបរាយការណ៍ប្រាប់មន្ត្រីមូលដ្ឋាន។ សាក្សីមួយចំនួនបាននិយាយថា ពួកគេបាន​ឃើញ Niwa ដាក់ទណ្ឌកម្មកុមារយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំក្មេងប្រុសលុតជង្គង់រយៈពេលជាងពីរម៉ោងមិនឱ្យបរិភោគ។ នៅ​ពេល​សាកសួរចំពោះរឿងនេះ ជន​សង្ស័យ​និយាយថា នេះគ្រាន់តែ​ជា​វិធី​អប់រំ​កូន​ប៉ុណ្ណោះ។

អាជ្ញាធរ​មូលដ្ឋាន​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មិនមានសញ្ញាបំពានលើកុមារនោះទេ បន្ទាប់ពីបានពិគ្រោះយោបល់​ជា​មួយ​មជ្ឈមណ្ឌលប្រឹក្សាកុមារក្នុងស្រុក និងសាលាមត្តេយ្យរបស់ក្មេងប្រុស។ ភាគី​ខាង​លើ​អះអាង​ថា ក្មេងប្រុសមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្តាយ ហើយ​មិន​មាន​ស្នាម​ជាំ​លើ​ខ្លួន​ទេ ។

សាកសពក្មេងប្រុសនេះត្រូវគេប្រទះឃើញខាងក្រោម​កម្រាល​ឥដ្ឋ​នៅ​ថ្ងៃ​ទី​ ៦ ខែ​មីនា ឆ្នាំ​នេះ។ បន្ទាប់ពីរយៈពេលពីរខែក្មេងប្រុសមិនបានទៅសាលារៀន ហើយក៏មិនបានផ្លាស់ទៅ Izumi ដូចដែលម្តាយរបស់ក្មេងប្រុសអះអាងកាល​ពី​ខែ​មករា​ដែរ។

ប៉ូលីសខេត្តបាន​កំណត់​ថា​មាន​ការ​វាយ​ដំ​ប្រចាំ​ថ្ងៃ និង​បន្ត​ស៊ើប​អង្កេត​ករណី​ដែល​ឈាន​ដល់​បទ​ល្មើស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: