ចំនួនសត្វក្អែកនៅទីក្រុងតូក្យូ និងការយល់ដឹងចំពោះបញ្ហាប្រមូលសំរាមរបស់ប្រជាជន

តាំងពីដើម សត្វក្អែកនាំមកនូវប្រផ្នូលមិនល្អ ជាពិសេសពួកវាបង្កការរំខាន (មិនត្រឹម​តែខាងព្រលឹងវិញ្ញាណ) ប៉ុណ្ណោះ​ទេ។ ពួកវាបង្ហាញខ្លួនច្រើននៅកណ្តាលទីក្រុងតូក្យូ ទោះជាយ៉ាងណាបញ្ហានេះកំពុងត្រូវបានដោះស្រាយបន្តិច​​ម្តងៗ។

ប្រហែល ២០ ឆ្នាំមកហើយដែលទីក្រុងតូក្យូអនុវត្តវិធានការបណ្តេញ “សត្វក្អែក” ហើយចំនួនសត្វក្អែកដែលប្រមូលផ្តុំនៅទីនេះកាត់បន្ថយមកត្រឹម ១/៣ ។ ទាំងនេះបង្ហាញថាការយល់ដឹងរបស់ប្រជាជនចំពោះបញ្ហាសំរាមក៏ផ្លាស់ប្តូរដែរ។

បុរសអាយុ ៦៤ ឆ្នាំម្នាក់ ម្ចាស់ហាងលក់​ទំនិញ​ទូទៅ​នៅ​តំបន់ Ginza បាន​រំឭកដល់ទីក្រុងនៅពាក់កណ្តាល​ទសវត្សរ៍​ ៩០ ថា “ជា​រៀង​រាល់​ព្រឹក ថង់​​សំរាម​​នៅ​​ខាង​ក្រោយ​​ហាងរហែក សំណល់អាហារនៅ​រាយប៉ាយ​គ្រប់កន្លែង រហូត​ដល់​ថ្នាក់​មិនអាចដើរបាន” ។ ឥឡូវនេះហាងនីមួយៗមានធុងសំរាមមានគម្រប សំរាម​ត្រូវ​បាន​ប្រមូល​តាំង​ពី​ម៉ោង​ ២​ ទៀប​​ភ្លឺ ហើយក៏មិនឃើញស្រមោលសត្វក្អែកទៀតដែរ។

ចំនួនសត្វក្អែកនៅកណ្តាលទីក្រុងកើនឡើងយ៉ាងខ្លាំងចាប់ពីទសវត្សរ៍ឆ្នាំ ១៩៨០ ច្រើនបំផុតប្រហែលនៅឆ្នាំ ២០២០ ។ ក្នុងឆ្នាំ ២០០១ រដ្ឋាភិបាលទីក្រុងតូក្យូទទួលបានសរុបចំនួន ៣៧៥៤ ពាក្យបណ្តឹងត្អូញត្អែរថង់សំរាមត្រូវក្អែកធ្វើអោយរហែក សម្លេងក្អែករំខាន អ្នកខ្លះថែមទាំងត្រូវក្អែកវាយប្រហារ។ ទាំងនេះបានជាក្លាយជាបញ្ហាសង្គមធ្ងន់​ធ្ងរ។

កាលពីខែកញ្ញា ឆ្នាំ ២០០១ ទីក្រុងតូក្យូបានបង្កើត “គម្រោងក្រុមប្រឆាំងសត្វក្អែក” ក្រោមការដឹកនាំរបស់អភិបាល​ខេត្ត Shintaro Ishihara ។ ក្រុមស៊ើបអង្កេតចំនួន ៤០ តំបន់ និងបញ្ជាក់ចំនួនសត្វក្អែកសរុប ៣៦,៤០០ ក្បាល។

ក្រៅពី​អំពាវនាវ​អាជ្ញាធរ​មូលដ្ឋានអោយប្រមូលសំរាមតាំងពី​ព្រឹក​ព្រលឹម ក្រុម​ក៏​បាន​ចាប់​ផ្តើម​កម្ចាត់​សត្វ​ក្អែក​ដោយ​ប្រើ​អន្ទាក់។ ស្រុក Suginami ស្នើ​លក់​ថង់​ពណ៌​លឿង​ដែលមិនឃើញខាងក្នុង ផ្ទុកសារធាតុហឹរដែលក្អែកមិនចូល​ចិត្ត។

“ក្រុមស្រាវជ្រាវបក្សីទីក្រុង” ត្រួតពិនិត្យចំនួនសត្វក្អែកជារៀងរាល់ ៥ ឆ្នាំម្តងនៅ Meiji Jingu (សង្កាត់ Shibuya) ទីបញ្ចុះសព Toshimagaoka (សង្កាត់ Bunkyo) និងវិទ្យាស្ថានស្រាវជ្រាវធម្មជាតិនៃសារមន្ទីរវិទ្យាសាស្ត្រជាតិ (សង្កាត់ Minato) ។ ការស៊ើបអង្កេតលើកដំបូងក្នុងឆ្នាំ ១៩៨៥ ចំនួនសត្វក្អែក ៦៧៣៧ ក្បាល រហូតដល់ឆ្នាំ ១៩៩០ កើនឡើង​ប្រហែល ១,៦ ដង (ចំនួន ១០៨៦៣ ក្បាល) មូលហេតុកើនឡើងទាក់ទងទៅនឹងចំនួនកាកសំណល់ច្រើន។ បើតាម “ប្រវត្តិ​សាស្ត្រ ១០០ ឆ្នាំ​នៃ​គម្រោង​សម្អាតទីក្រុងតូក្យូ” បរិមាណសំរាមដែលប្រមូលបានក្នុងឆ្នាំ ១៩៨៥ ទាំង ២៣ ស្រុក​ប្រហែល ៣,៩៧ លានតោន នៅឆ្នាំ ​១៩៩០ កើនឡើងប្រហែល ២០% (ប្រហែល ៤,៨ លានតោន) ។ Koichi Karasawa (អាយុ ៧៨ ឆ្នាំ) នៃក្រុមស្រាវជ្រាវបានវិភាគថា “កាកសំណល់អាហារមួយចំនួនធំនៅតាមដងផ្លូវកណ្តាល​ទីក្រុង​ដោយសារកំណើនសេដ្ឋកិច្ច។ ក្អែកបង្កើតកូនដោយសារ​បរិមាណអាហាររបស់វាច្រើន” ។

យោងទៅតាមអ្នកជំនាញមួយចំនួន សំរាម​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ទៅនឹង​មូលហេតុកាត់បន្ថយចំនួនសត្វ​ក្អែក។

បរិមាណកាកសំណល់ថយចុះជាលំដាប់ចាប់ពីឆ្នាំ ១៩៩០ ដោយសារតែផលប៉ះពាល់ថ្លៃប្រមូលសំរាមលើ​គ្រឹះស្ថាន​អាជីវកម្ម។ ឆ្នាំ ២០០១ ទីក្រុងប្រមូលបាន ៣,៥២ លានតោន ឆ្នាំ ២០០៨ សល់ត្រឹម​ ២,៥៥ លានតោន។

ប្រជាជនប្រើសំណាញ់រារាំងបក្សី និងធុងសំរាមមានគម្រប។ បរិមាណកាកសំណល់ដែលបក្សីសុីក៏កាត់បន្ថយផង​ដែរ។ នៅពេលអនាគត ប្រសិន​បើ​វិធានការត្រូវ​បានអនុវត្ត​កាន់​តែតឹងរ៉ឹងជាងនេះ ចំនួន​សត្វ​ក្អែក​ត្រូវគេ​រំពឹង​ថា​នឹង​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ទោះជាយ៉ាងណា វាសុីសាកសពសត្វ​តូចៗ ហើយពង្រាយគ្រាប់​ពូជ​​ដើម​ឈើដោយសុី និងបញ្ចេញ​ចោល ដូច្នេះបើកំណត់ចំនួនច្រើនពេកអាចបង្កបញ្ហាអនាម័យ ក៏ដូចជាប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផង​ដែរ។

លោក Hajime Matsubara សាស្រ្តាចារ្យរងដែលត្រូវបានតែងតាំងជាពិសេសនៅសារមន្ទីរសាកលវិទ្យាល័យតូក្យូ គាត់បានស្រាវជ្រាវសត្វក្អែក​អស់​រយៈ​ពេល​ជាង ២០ ឆ្នាំ ហើយចង្អុលបង្ហាញថា “ចំនួនសត្វក្អែកកើនឡើង ប្រសិន​បើ​អ្នក​បោះចោលសំរាមច្រើនក្នុងបរិស្ថាន ហើយកាត់​បន្ថយ​ប្រសិន​បើ​អ្នក​មាន​ការយល់ដឹងចំពោះការប្រមូលសំរាម។ អាច​និយាយ​បាន​ថា​បញ្ហា​សត្វ​ក្អែក​អាស្រ័យ​លើ​អាកប្បកិរិយា​របស់​មនុស្ស” ។

ភាគច្រើនប្រភេទក្អែករស់នៅក្នុងប្រទេសជប៉ុនជាក្អែកព្រៃ (Corvus macrorhynchos) និងក្អែក Carrion ។ ពួក​វា​សុី​ផ្លែ​ឈើ សត្វល្អិត និងសត្វតូចៗ ប៉ុន្តែ​ក៏​ចូល​ចិត្ត​សុីអាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ប្រេងដូច​ជា Mayonnaise និង​ដំឡូង​បារាំងបំពង។ ក្អែកចូលចិត្តងូតទឹករាល់ថ្ងៃ ហើយចូលចិត្តដុសខាត់ចំពុះនឹងមែកឈើ។ មួយ​ចំនួនរកចំណី​តាំង​​ពី​ព្រលឹម​រហូត​ដល់​ភ្លឺ តែងតែប្រមូលផ្តុំនៅ​លើ​ដំបូល ឧទ្យាន និង​ប្រាសាទ​នៅ​ពេល​យប់។ ក្អែក​ធ្វើ​សំបុក​ដោយ​ប្រើចំពុះ​ពត់​​មែក ពង​ពី​ខែ​មីនា និង​មេសា ប្រហែល​ពី ៤ ឬ ៥ ពង។ សូមប្រយ័ត្នក្អែកអាចនឹងវាយប្រហារ​ពេលអ្នក​ចូល​ទៅជិតសំបុករបស់​វា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: