រឿងរ៉ាវស្នេហារវាងស្រីស្អាត Oiran និងឃាតករដែលបានសម្លាប់មនុស្ស ១៣០ នាក់

Edo ធ្លាប់ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ទីក្រុងតូក្យូដែលយើងស្គាល់នាពេលនេះគ្រាន់​តែ​ជាតំបន់ Shitamachi ដែលស្ថិតនៅក្នុង Edo ពីដើមប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក៏ប្រមូលផ្តុំទៅដោយនារីស្រស់ស្អាត​ជា​ច្រើន ក្នុងចំណោមស្រីស្អាត មនុស្សជាច្រើនជ្រើសធ្វើជា Oiran ។ Oiran ជាមនុស្សដែលធ្វើការខាងផ្លូវ​ភេទ ប៉ុន្តែមិន​ដូច “ស្រ្តីពេស្យា” ធម្មតានោះ​ទេ Oiran គឺជាស្រ្តីពេស្យាលំដាប់ខ្ពស់ មានឋានៈ។ ពួកគេទទួលបានការស្ញប់ស្ញែងពីប្រជាជន​​នៅ​ទីក្រុង Edo ។

តួអង្គដែលនឹងលើកឡើងក្នុងអត្តបទនេះជា Oiran ម្នាក់មានឈ្មោះថា Komurasaki ។

បុរសដែលនាងស្រលាញ់បំផុតឈ្មោះ Hirai Gonpachi តោះចូរស្វែងយល់អំពីរឿងរ៉ាវស្នេហារបស់ពួកគេ។

Komurasaki ជា​ស្ត្រី​ស្លូតបូត ឆ្លាតវៃ ពូកែកំណាព្យ Waka (Waka ជាកំណាព្យបែបជប៉ុន ជាមួយនឹងការកំណត់តួអក្សរតឹងរ៉ឹង តម្រូវឲ្យប្រើពាក្យពីរោះ និងសម្បូរបែប) ។ អ្នកដែលអាចតែងកំណាព្យ Waka មិនមែនជាមនុស្សមានទេពកោសល្យ​​ធម្មតា​ទេ តែបង្ហាញពីប្រាជ្ញាឈ្លាសវៃ។

ជាមួយនឹងភាពស្រស់ស្អាត និងទេពកោសល្យ Komurasaki បានក្លាយជាកំពូល Oiran លំដាប់ខ្ពស់នៅ Edo ហើយទាក់ទាញបុរសៗជាច្រើន។ ទោះជាយ៉ាងណា ស្រីស្អាតតែងតែត្រូវជាប់ឃុំ Komurasaki គ្មានសេរីភាពក្នុងរឿងសេ្នហា និងសេរីភាពដើរហើរឡើយ។

នាង និង Hirai Gonpachi ស្រលាញ់គ្នាយ៉ាងខ្លាំង។ Hirai Gonpachi ផ្តើមគំនិតសន្យាជួបគ្នានៅជាតិក្រោយ។ Hirai គ្រាន់តែជាសាមូរ៉ៃធម្មតាម្នាក់ គាត់មិនមានលទ្ធភាពជួប Komurasaki ញឹកញាប់ទេ។ ដើម្បីប្រាក់ បុគ្គលនេះ​បាន​ក្លាយជាឃាតករតាមផ្លូវ (បុគ្គលធ្វើការងារសម្លាប់អ្នកដំណើរឆ្លងកាត់ដើម្បីសាកល្បងដាវ) ហើយបាន​ឆក់​យក​ជីវិត​​មនុស្ស ១៣០ នាក់។

គេនិយាយថា “ដើរយប់គង់មានថ្ងៃឃើញខ្មោច” ឃាតករបែបនេះមិនយូរមិនឆាប់នឹងត្រូវចាប់ខ្លួន។ នៅទីបំផុត Gonpachi ត្រូវចាប់ខ្លួន និងប្រហារជីវិត។ ដោយឮដំណឹងអាក្រក់ Komurasaki បាត់បង់ស្មារតី។

ក្នុងពេលជាមួយគ្នានេះ បុគ្គលមានអំណាចម្នាក់មកពិភាក្សារឿងទិញ Komurasaki ។ ជាទូទៅ នេះជាក្តីស្រមៃរបស់ Oiran ទាំងអស់។ ទោះជាយ៉ាងណា ចំពោះ Komurasaki នេះជារឿងអាក្រក់ ដោយសារតែនាងបានសន្យាជាមួយ Gonpachi នៅ​ជាតិ​ក្រោយ។ នៅទីបំផុត Komurasaki សម្រេចចិត្តធ្វើអត្តឃាតដូចដែលបានសន្យានឹងគូស្នេហ៍។

អ្នកដែលរំភើបចំពោះរឿងរ៉ាវស្នេហារបស់ពួកគេបានបរិច្ចាគផ្នូរគូ។ ផ្នូរគូជាប្រភេទផ្នូរបុរាណ ប្រើសម្រាប់គូស្នេហ៍​ដែល​ស្រឡាញ់​គ្នា ហើយលទ្ធផលមិនអាចនៅជាមួយគ្នា។ ថ្វីត្បិតតែ មិនអាចនៅជាមួយគ្នា យ៉ាងហោចណាស់ពួកគេអាចនៅជាមួយគ្នាពេលស្លាប់ទៅ។

បច្ចុប្បន្ន ផ្នូរបុរាណស្ថិតនៅមុខមុខច្រកទ្វារ Meguro Fudoson នៅ Meguro-ku ទីក្រុងតូក្យូ។ រឿងស្នេហារបស់ពួក​គេ​កំពុង​ត្រូវបាននិយាយតៗគ្នាតាមទម្រង់ Kabuki, Kyogen (ល្ខោនរបាំ) និង Joururi (លេងអាយ៉ង) និងត្រូវបាន​គេ​ស្រលាញ់ចូលចិត្តរហូតមកដល់សព្វថ្ងៃនេះ។ ប្រសិនបើអ្នកមើលឃើញការសម្តែងដែលមានឈ្មោះថា Gonpachi Komurasaki-mono ចូរ​​ទស្សនា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: