ការស្ទង់មតិបង្ហាញថាជាង ៥០% ប្រជាជនជប៉ុនមានអារម្មណ៍ថាសុវត្ថិភាព​សាធារណៈ​នៅក្នុងប្រទេសជប៉ុនកាន់តែធ្លាក់ចុះ

លទ្ធផលស្ទង់មតិបង្ហាញពីការព្រួយបារម្ភរបស់ប្រជាជនក្នុងប្រទេសនេះ ដែលភាគច្រើនទាក់ទងនឹងបញ្ហាបោកប្រាស់​តាម​អុីនធឺណេត នេះបើតាមលទ្ធផលដែលចេញផ្សាយកាលពីខែមីនា។

ខណៈដែល ៨៥,១ % អ្នកឆ្លើយតបសំណួរបានអោយដឹងពួកគេយល់ថាប្រទេសជប៉ុនជាកន្លែងដែលមានសុវត្ថិភាព និងសន្តិភាពក្នុងការរស់នៅ ចំណែក ១០,១% បាននិយាយថាបញ្ហាសុវត្ថិភាពសាធារណៈ “កាន់តែអាក្រក់” ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ និងចំនួន ៤៤,៥% យល់ថាស្ថានភាព “អាក្រក់ជាងនេះ” បើ​យោង​ទៅ​តាមលទ្ធផលការស្ទង់មតិរបស់គណៈរដ្ឋមន្ត្រី។

ពេលទទួលបានសំណួរ តើកន្លែងដែលអ្នកចូលរួមស្ទង់មតិគិតថាពួកគេ ឬអ្នកដែលជិតស្និទ្ធនឹងពួកគេអាចក្លាយជាជនរងគ្រោះ ចម្លើយ “ប្រព័ន្ធអនឡាញ” នាំមុខគេជាមួយនឹងចំនួន ៥៣,៩% បន្ទាប់មកគឺ “តាមដងផ្លូវ” ចំនួន ៥០,៧% និង “តំបន់ទីប្រជុំជនក្រុង” ក្នុងកម្រិត ៤៧,៩% ។

ចំពោះសំណួរ តើឧក្រិដ្ឋកម្មប្រភេទណាដែលអ្នកឆ្លើយតបជាពិសេសចង់ឱ្យប៉ូលីសបោសសម្អាត មាន ៤១,៣% សំដៅ​ទៅ​លើ​ឧក្រិដ្ឋកម្មតាម​អុីនធឺណេត​ខុស​ច្បាប់ និងករណីបោកប្រាស់លើអុីនធឺណេត។

ការស្ទង់មតិតាមរយៈសំបុត្រត្រូវបានធ្វើឡើងចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែមករា ឆ្នាំ ២០២២ សំដៅលើមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានសញ្ជាតិជប៉ុន។ វាបានទាក់ទាញការឆ្លើយតបពីមនុស្ស ១,៧៩០ នាក់។

ក្នុងបរិបទជំងឺកូវីដ ១៩ រីករាលដាល និងការកើនឡើងនៃសេវាកម្មឌីជីថល មាន ៥២,៦% អ្នកឆ្លើយតបសំណួរបានចង្អុលបង្ហាញថា “ការក្លែងបន្លំ និងបោកប្រាស់” ចំពោះសំណួរប្រភេទឧក្រិដ្ឋកម្មដែលពួកគេមានការប្រុងប្រយ័ត្នបំផុត បន្ទាប់មកគឺ “”ឧក្រិដ្ឋកម្មតាមអុីនធឺណេត ដែលរួមមានការក្លែងបន្លំ និងចូលប្រើអុីនធឺណេតដោយគ្មានការអនុញ្ញាត” ក្នុងកម្រិត ៥២,៣% ។

យោងទៅតាម Gallup ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងការស្ទង់មតិឆ្នាំ ២០២០ ស្តីពីអារម្មណ៍សុវត្ថិភាព និង​ការ​ជឿទុកចិត្តរបស់ប្រជាជនលើការអនុវត្តច្បាប់មូលដ្ឋានក្នុងចំណោម ១១៥ ប្រទេស និងតំបន់។

ចំណុចនេះភ្ជាប់ប្រទេសជប៉ុនជាមួយប្រទេសដូចជាកាណាដា កូរ៉េ និងឥណ្ឌូនេស៊ី។ ប្រទេស​ន័រវែសនាំមុខគេ ខណៈ​ដែល​ចិន និង​​តៃវ៉ាន់​ជាប់ចំណាត់​ថ្នាក់​លេខ ២ និង ៤ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: