វីដេអូផ្តោតលើកុមារបរទេស និងឪពុកម្តាយដែលទើបតែផ្លាស់ទៅនៅប្រទេសជប៉ុន

ដោយផ្តោតលើកុមារបរទេស និងឪពុកម្តាយដែលទើបតែផ្លាស់ទៅនៅប្រទេសជប៉ុន មិនទម្លាប់នឹងវប្បធម៌ ទំនៀម​​ទម្លាប់នៅកន្លែងនេះ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបង្កើតវីដេអូមានចំនួន ៧ ភាសា ដើម្បីណែនាំបរិយាកាសសាលារៀននៅជប៉ុន។

វីដេអូទាំងពីរតាមបែប Anime ពន្យល់អំពីទំនៀមទម្លាប់ និងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតែមួយគត់នៅប្រទេស​ជប៉ុន។

វីដេអូមានចំណងជើងថា 「おしえて!日本の小学校(約15分)」(ចូរប្រាប់ខ្ញុំអំពីសាលាបឋមសិក្សាជប៉ុន) មានរយៈពេលប្រហែល ១៥ នាទី ដោយណែនាំអំពីបរិយាកាសសាលាបឋមសិក្សាជប៉ុន និងព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងសាលារៀន។

វីដេអូទីពីរមានរយៈពេលប្រហែល ៨ នាទីមានចំណងជើងថា はじめまして!今日からともだち(約8分半)」 (រីករាយណាស់ដែលបានស្គាល់អ្នក ចូរយើងធ្វើមិត្តនឹងគ្នាចាប់ពីពេលនេះតទៅ) ណែនាំតួអង្គសំខាន់នៅបរទេស បទពិសោធន៍ទៅសាលាបរទេសលើកដំបូង។ វីដេអូនេះក៏ពន្យល់​បន្ថែម​អំពីបទពិសោធន៍នៅសាលាផងដែរ។

បច្ចុប្បន្នវីដេអូមានភាសាអង់គ្លេស ចិន វៀតណាម អេស្ប៉ាញ ព័រទុយហ្គាល់ និងហ្វីលីពីន។

នៅពេលអនាគតវីដេអូនឹងបន្ថែមជាភាសាកូរ៉េ ឥណ្ឌូនេស៊ី ថៃ ភូមា កម្ពុជា នេប៉ាល់ និងម៉ុងហ្គោលី។ 

យោងទៅតាមក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វីដេអូ Anime ខាងលើក្នុងគោលបំណងបង្កើត​លក្ខខណ្ឌអំណោយផលសម្រាប់សិស្សមកពីបរទេស មានចំនួនកាន់តែច្រើនក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លក្ខណៈ “ធម្មតា” ក្នុងប្រទេសជប៉ុនមិនប្រាកដថា “ធម្មតា” នៅបរទេសឡើយ

ព័ត៌មានលម្អិតត្រូវបានពន្យល់យ៉ាងយកចិត្តទុកដាក់ក្នុងវីដេអូ ឧទាហរណ៍ជនបរទេសនឹងភ្ញាក់ផ្អើលចំពោះរឿងធម្មតានៅក្នុងប្រទេសជប៉ុន ដូចជាអនុញ្ញាត​ឱ្យ​ក្មេងៗដើរទៅសាលារៀនដោយខ្លួនឯង ប្តូរស្បែកជើងដើរក្នុងសាលា ប្អូនៗត្រូវស្លៀកសម្លៀកបំពាក់ពណ៌សពេលចែកបាយអោយមិត្តភក្តិជាដើម។

ក្នុងវីដេអូដំបូងពន្យល់អំពីបទប្បញ្ញត្តិ និងទំនៀមទម្លាប់សាលាដូចជា “សរសេរឈ្មោះលើគ្រឿងសង្ហារឹម” “ហាម​​ពាក់​​គ្រឿងអលង្ការ ធ្វើក្រចក” “ក្នុងអំឡុងពេលសម្អាត សិស្សត្រូវសម្អាតដោយខ្លួនឯង” ។

ព័ត៌មានក្នុងវីដេអូត្រូវបានបង្ហាញក្រោមទម្រង់រូបភាព បង្ហោះជាទម្រង់ PDF ដើម្បីអ្នកអាចទាញយក បោះពុម្ព និងប្រើប្រាស់។

ក្រៅពីមើលវីដេអូលើ YouTube នៅផ្ទះ ចំណេះដឹងទាំងនេះក៏ត្រូវបានគេរំពឹងថានឹងប្រើក្នុងវគ្គផ្គត់ផ្គង់ព័ត៌មានសាលា​សម្រាប់​កុមារបរទេស សាលាមត្តេយ្យ និងអាជ្ញាធរមូលដ្ឋានផងដែរ។

យោងទៅតាមក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គិតត្រឹម​ឆ្នាំ ២០១៨ ចំនួនកុមារ និងសិស្សដែលមានបំណងចង់រៀនភាសាជប៉ុននៅសាលារដ្ឋជាង ៥០,០០០ នាក់ កើន ១,៥ ដងក្នុងរយៈពេល ១០ ឆ្នាំ។

ម៉្យាងវិញទៀត ប្រព័ន្ធ​ទទួល​សិស្ស​ខាងសាលាមិនទាន់កែ​លម្អ​នៅ​ឡើយ​ទេ ហើយបើតាមការស្ទង់មតិរបស់ក្រសួងអប់រំ ជិត ៩០% ក្រុមប្រឹក្សាអប់រំទីក្រុងបានឆ្លើយតបថា “ដំណើរការបណ្តុះបណ្តាល អប់រំរបស់កុមារ/សិស្សបរទេសមិន​ទាន់​ពេញ​លេញទេ” ។

មូលហេតុ​ដែលលើកឡើងគឺថា “ពិបាកបណ្តុះបណ្តាលជាប្រព័ន្ធ” “ពិបាកធានាអ្នកបណ្តុះបណ្តាល” និង “មិនដឹងថាត្រូវបណ្តុះបណ្តាលយ៉ាងណា” ។

ដោយសារតែមានបញ្ហាចំពោះការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀន ក្រសួងក៏បានដាក់ចេញវីដេអូចំនួន ៥ ដែលវីដេអូនីមួយៗមានរយៈពេលប្រហែល ២០ នាទី ដោយមានខ្លឹមសារណែនាំគ្រូដូចជា “ទទួលយកកុមារ និងសិស្សបរទេស” ឬ “វិធីសាស្រ្តបង្រៀនភាសាជប៉ុន” ។

ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានអោយដឹងថា “សំខាន់ត្រូវយល់អំពីការទទួលយកកុមារ និង​សិស្ស​បរទេស ផ្តល់ការណែនាំ និងជំនួយសមស្របក្នុងអំឡុងពេលបង្រៀន” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: