ការតស៊ូរបស់លោក Konno Yoshito ក្នុងការរក្សាស្រុកកំណើត​នៅ​លើ​ផែនទី និងក្នុងការចងចាំ

លោក Konno Yoshito ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជន Fukushima រាប់ម៉ឺននាក់ត្រូវបង្ខំឱ្យភៀសខ្លួនចេញ​ពី​ផ្ទះ ខណៈដែលរ៉េអាក់ទ័រនៅ​រោង​ចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ជួបបញ្ហា។ រយៈពេល ១១ ឆ្នាំបានកន្លងផុតទៅ គាត់នៅតែមិនទាន់ត្រឡប់ទៅវិញ ប៉ុន្តែគាត់បានតាំងចិត្តមិនធ្វើឱ្យទិដ្ឋភាពស្រុកកំណើត​រលាយ​បាត់​ក្នុង​​ការ​​ចង​ចាំ​របស់​​ប្រជាជន​ឡើយ។

ស្ទើរតែរាល់ខែ លោក Konno បើកឡានចម្ងាយជាង ១០០ គីឡូម៉ែត្រពីកន្លែងជម្លៀសទៅកាន់ស្រុកកំណើតចាស់នៅខេត្ត Fukushima ។ បុរសអាយុ ៧៧ ឆ្នាំរូបនេះ​ជា​អ្នក​ដឹក​នាំ​សហគមន៍នៅ Akogi ជាតំបន់​មួយ​ក្នុង​ចំណោម​តំបន់​​ត្រូវបំពុលធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលហៅថាតំបន់ “ពិបាកនឹងត្រឡប់ទៅវិញ” ។

បុគ្គលនេះត្រូវសុំការអនុញ្ញាតពីមន្ត្រីរដ្ឋាភិបាលរាល់ពេលដែលគាត់ទៅលេង និងមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ​ពេល​យប់​ឡើយ។

លោក Konno បានបំពេញបេសកកម្ម​របស់ខ្លួនដោយជូនដំណឹងដល់អ្នកស្រុកដែលធ្លាប់ផ្លាស់ទីលំនៅចំពោះកម្រិត​វិទ្យុសកម្ម​ជុំវិញ​ផ្ទះ​របស់​ពួកគេ។ បុរសរូបនេះទៅសួរសុខទុក្ខគ្រួសារនីមួយក្នុងចំណោម ៨០ គ្រួសារ កាន់ក្នុងដៃម៉ាសុីន​វាស់កម្រិត និងលទ្ធផលម្ចាស់កម្មសិទ្ធិ។ តួលេខមានភាពខុសគ្នាយ៉ាងខ្លាំង ប៉ុន្តែភាគច្រើននៅតែខ្ពស់ដែលមិនអាចដកបទបញ្ជាជម្លៀស។

លោក Konno បាននិយាយថា “មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផ្ទះ​ចាស់។ ខ្ញុំដឹងថាសេចក្តីជូនដំណឹងចំពោះកម្រិត​វិទ្យុសកម្ម​មិនអាចធ្វើឱ្យពួកគេស្ងប់ចិត្តឡើយ ប៉ុន្តែខ្ញុំគិតថាពួកគេគួរតែដឹង” ។

កន្លែងទំនេរ

កន្លែងខ្លះក្នុងតំបន់ “ពិបាកនឹងត្រឡប់ទៅវិញ” ត្រូវបានប្រកាសថា “មូលដ្ឋានកសាងឡើងវិញ” ហើយផ្តោតសំខាន់​លើ​ការ​បន្សាប​ជាតិពុល។ រដ្ឋាភិបាល​គ្រោង​នឹង​ដក​បទបញ្ជា​ជម្លៀស​ចេញ​សម្រាប់​តំបន់​ទាំង​នេះ​ក្នុងឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ។ ទោះជាយ៉ាងណា នៅកន្លែងផ្សេងទៀត សកម្មភាពតិចតួចបំផុតត្រូវបានដឹកនាំ។ អ្នក​ស្រុក​ចំអក​ហៅ​តំបន់​ទាំង​នេះ​ថា “កន្លែងទំនេរ” ជាកន្លែងដែលលោក Konno ធ្លាប់​រស់នៅ។

កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​កំណត់​គោល​ដៅ​ថ្មីអនុញ្ញាត​ឱ្យ​ប្រជាជនវិល​ទៅ​រក “កន្លែងទំនេរ” នាចុង​ទសវត្សរ៍​នេះ។ ទោះ​កាល​កំណត់​មក​ដល់ មិន​មាន​ន័យ​ថា​ក្រុង ​និង​ភូមិ​ត្រូវបានស្តារឡើងវិញឡើយ។ អាជ្ញាធរ​មាន​គម្រោង​សម្អាត​​តំបន់​ដែល​អ្នក​ស្រុក​គ្រោង​នឹង​ត្រឡប់​ទៅ​វិញ ហើយ​អ្នក​ស្រុកដែលផ្លាស់ទីលំនៅមាន​ការ​ព្រួយ​បារម្ភ​​លទ្ធផលបន្សាប​ជាតិពុលមិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទៅរស់នៅជាថ្មី។

ដំណើរ “កំណត់ត្រាមាតុភូមិ” 

បន្ទាប់ពីឧបទ្ទវហេតុ​នុយក្លេអ៊ែរ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ទៅ​កាន់លោក Konno មួយមាត់ធ្វើអោយគាត់ចង​ចាំ​រហូត​មក​ដល់សព្វថ្ងៃ។

“ប្រសិនបើមិនអាចបំពេញភារកិច្ច ប្រហែលអ្នករាល់គ្នាមិន​អាច​ត្រឡប់ទៅវិញក្នុងរយៈពេលជាង ១០០ ឆ្នាំ” ។

លោក​ព្រួយបារម្ភ​ថារដ្ឋាភិបាល​នឹងចំណាយពេលយូរ ហើយស្រុកកំណើតរបស់គាត់នឹងបាត់ចេញពីផែនទី កាន់តែអាក្រក់ជាងនេះរលាយបាត់ពីការចងចាំរបស់ប្រជាជនដែលធ្លាប់រស់នៅទីនោះ។ ដូច្នេះកាលពីប្រាំបីឆ្នាំមុន គាត់បាន​ចាប់​ផ្ដើម “កត់ត្រាទឹកដីកំណើត” ជាប្រភពឯកសារម្រាប់ក្មេងៗដែលមានដើមកំណើត Fukushima កើតនៅសម័យ​ក្រោយ។

ដំបូង គាត់ប្រមូលទីបន្ទាល់របស់ប្រជាជនផ្លាស់ទីលំនៅ រួមទាំង​បទពិសោធន៍​របស់​ពួកគេ​បន្ទាប់ពី​ឧបទ្ទវហេតុ​នុយ​ក្លេអ៊ែរ។

“ខ្ញុំចង់អោយអ្នករាល់គ្នាមើលស្នាដៃរបស់ខ្ញុំពេលដែលបញ្ចប់” លោក Konno និយាយថា “គួរអោយស្តាយមួយចំនួនត្រូវបាត់” ។

គាត់បានបបួល​អ្នក​ស្រុក​ផ្សេង​ទៀតស្វែងយល់អំពីប្រវត្តិរបស់ Akogi ហើយរកឃើញចំណុចមួយ​ធ្វើ​ឱ្យ​គាត់​សញ្ជឹង​គិត។

តំបន់នេះជួបប្រទះនឹងគ្រោះទុរភិក្សមួយចំនួនដែលបណ្ដាលមកពីគ្រោះធម្មជាតិ ហើយជាតំបន់ជួបគ្រោះទុរភិក្សអាក្រក់បំផុតក្នុងសតវត្សទី ១៨ ។ ម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវជាមួយលោក Konno បាននិយាយថា “ប្រជាជននៅទីនេះរួចផុតពីគ្រោះទុរភិក្សនោះ ប៉ុន្តែគ្មាននរណាម្នាក់នៅ Akogi បន្ទាប់ពីគ្រោះថ្នាក់នុយក្លេអ៊ែរទេ។ ខ្ញុំមិនអាចទទួលយកគម្លាតរវាងលទ្ធផលទាំងពីរនេះទេ វា​គ្មាន​ន័យ​ទាល់តែ​សោះ” ។

ជាការផ្តាំផ្ញើសម្រាប់មនុស្សជំនាន់ក្រោយ

លោក Konno នឹងចេញផ្សាយការស្រាវជ្រាវរបស់ខ្លួនជាសៀវភៅនៅចុងឆ្នាំនេះ។ សៀវភៅនេះត្រូវគេរំពឹងថាជាង ៧០០ ទំព័រ​ទិន្នន័យអង្កេតវិទ្យុសកម្ម ទីបន្ទាល់អ្នកស្រុក និងប្រវត្តិតំបន់នេះ។

លោក​បាន​ដាក់​ចំណង​ជើង​សៀវភៅ​នេះ​ថា “ផ្ញើជូនមនុស្សជំនាន់ក្រោយរបស់ពួកយើង ១០០​ឆ្នាំចាប់​ពី​ឥឡូវ​នេះ” ។

“ជំនាន់របស់ខ្ញុំប្រហែល​ជា​មិន​អាច​ត្រឡប់​ទៅផ្ទះវិញទេ យើងចាស់ពេកហើយ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ជំនាន់កូន​ចៅ​របស់​យើង​ដែល​បាន​អាន​សៀវភៅ​របស់​ខ្ញុំ​នឹង​ត្រឡប់ទៅតំបន់​ដ៏​ស្រស់​ស្អាត​នេះ ហើយចាប់ផ្តើម​ភ្ជួរលើទឹកដីស្រុកកំណើត​ម្តង​ទៀត” ។

ដើមជម្ពូបង្ហាញថានិទាឃរដូវមកដល់។ លោក Konno សង្ឃឹមថាកាលប្បវត្តិរបស់គាត់នឹងបើកជំពូកថ្មីមួយនៅក្នុង​ប្រវត្តិ​សាស្រ្ត​របស់ Akogi ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: