ការស្ទង់មតិបង្ហាញថា ៣០% កម្មករជប៉ុនរំលងអាហារថ្ងៃត្រង់ដើម្បីសន្សំ​ប្រាក់

បុគ្គលិកស្រីម្នាក់មានអាយុប្រហែល ៣០ ឆ្នាំ កំពុងធ្វើការនៅហាងលក់ទំនិញនៅ Yokohama ទៅកាន់ហាងមួយកន្លែង​ដើម្បី​ទិញអាហារថ្ងៃត្រង់។ នាងក្រឡេកមើលប្រអប់ bento នៅលើធ្នើ ហើយឈោងដៃទៅយកប្រអប់បាយមាន់​បំពង​តម្លៃ ៧០០ យ៉េន ប៉ុន្តែនៅទីបំផុតបានដកដៃចេញ។

នាង​បាន​និយាយ​ថា​ “​ខ្ញុំ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ប្រាក់។ ខ្ញុំ​អាច​ស៊ូទ្រាំ​នឹង​ការ​ស្រេក​ឃ្លាន ហើយ​ញ៉ាំ​តែ​បន្តិច​​ពេល​​អាហារ​​ថ្ងៃត្រង់” ។​ បន្ទាប់​មក​នាង​​ជ្រើសរើសបាយពូតប្រភេទថោក​បំផុត​ក្នុងតម្លៃ ១០០ យ៉េន​។

លទ្ធផលការស្ទង់មតិបង្ហាញថាអត្រាកម្មកររំលងអាហារថ្ងៃត្រង់មានចំនួនប្រហែល ២៩,៥% អ្នកដែលបានស្ទង់​មតិ។ ក្នុង​ចំណោម​នោះ ៥៦,៦% ឆ្លើយថា “ខ្ញុំមិនទទួលទានអាហារថ្ងៃត្រង់ម្តងក្នុងមួយសប្តាហ៍ ឬតិចជាងនេះ” ២៨,២% ឆ្លើយថា “ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍” និង ១៥,៣% ដែល​នៅ​សល់​​បាន​ឆ្លើយ​​ថា “៤ ដង ឬច្រើនជាងមួយ​សប្តាហ៍”។

កម្មករបាននិយាយថា ការ​សន្សំ​ប្រាក់​ជា​មូលហេតុ​ចម្បង​ដែល​ពួក​គេ​មិនទទួលទានអាហារ​ថ្ងៃ​ត្រង់។ ប្រហែល ៦០% អ្នក​ចូល​រួម​ការ​ស្ទង់​មតិ​និយាយ​ថា​ពួកគេមិនជ្រើសយកម្ហូបខ្លួនចង់ហូបទេ ដោយគិតថាវាថ្លៃពេក។

ពេលទទួលបានសំណួរអាហារថ្ងៃត្រង់អន់បំផុតរបស់ពួកគេ មនុស្សម្នាក់បានឆ្លើយថា “ខ្ញុំគ្រាន់តែញ៉ាំពងត្រីប្រៃប៉ុណ្ណោះ” អ្នកដទៃនិយាយថា “ខ្ញុំ​គ្រាន់​តែ​ផឹក​ទឹក និងញ៉ាំអាហារសម្រន់”។

តំណាងក្រុមហ៊ុន Edenred Japan បាននិយាយថា “អាហារឡើងថ្លៃធ្វើ​ឱ្យ​ថវិកា​គ្រួសារ​ត្រូវរឹតត្បិត ដូច្នេះមនុស្សជាច្រើន​ចាប់​ផ្តើមរំលងអាហារថ្ងៃត្រង់ដើម្បីសន្សំប្រាក់”។

ដូចជាករណីបុគ្គលិកស្រីនៅ Yokohama នាងនិយាយថាខ្លួនតែងតែយក bento នឹងម្ហូបនៅសល់ពីយប់មុនតាមដើម្បី​សន្សំ​ប្រាក់។

ប៉ុន្តែប្រហែល ៥ ថ្ងៃក្នុងមួយខែ ពេលរវល់ពេក ឬគ្មានម្ហូបនៅសល់ នាងថែមទាំងបានរំលងអាហារថ្ងៃត្រង់ ឬគ្រាន់​តែ​ហូប​បាយ​ពូត​មួយដុំ។ ជាពិសេស នាងមានទំនោររំលងអាហារថ្ងៃត្រង់មុនថ្ងៃបើកប្រាក់ខែ។

ស្រ្តីម្នាក់នេះចាប់ផ្តើមសន្សំ​សំចៃ និងធ្វើម្ហូបអោយប្តីប្រពន្ធពួកគេទាំងពីរតាំងពី ៤​ ឆ្នាំ​មុន។ នាងព្យាយាមរក្សាការចំណាយលើអាហាររបស់ពួកគេចំនួន ៥០,០០០ យ៉េនក្នុងមួយខែ។

នៅឆ្នាំ ២០១៩ ក្រុមប្រឹក្សាទីភ្នាក់ងារសេវាហិរញ្ញវត្ថុបានប្រកាសរបាយការណ៍ដែលមានខ្លឹមសារ៖ “អ្នករាល់គ្នាត្រូវសន្សំ​ប្រាក់ ២០ លានយ៉េនថ្លៃចំណាយលើការរស់នៅបន្ទាប់ពីចូលនិវត្តន៍” ។

របាយការណ៍នេះបណ្តាលឱ្យមានភាពចម្រូងចម្រាសជាច្រើន ហើយនេះក៏ជាមូលហេតុ​ធ្វើឱ្យស្ត្រីជាច្រើនចាប់ផ្តើមសន្សំ​ប្រាក់។

បុគ្គលិក​ស្រី​រូប​នេះ​បាន​និយាយ​ថា “ជីវិតរបស់ខ្ញុំមិន​អាក្រក់​ដូចជា​អ្នកដែលកំពុង​នៅ​ក្បែរកម្រិតក្រីក្រ​នោះ​ទេ ប៉ុន្តែ​​ខ្ញុំ​​ត្រូវ​ត្រៀមសម្រាប់​អនាគត។ តម្លៃ​ម្ហូប​អាហារឡើងថ្លៃ ដូច្នេះប្រាក់ទិញអាហារ​ត្រូវ​កាត់​បន្ថយមុនគេ ទោះជាយ៉ាង​នេះ​ក្តី ខ្ញុំ​មិន​គិត​ថារឿងនេះមិនល្អចំពោះសុខភាពឡើយ”។

Masahiko Ariji សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអាហារនៅសាកលវិទ្យាល័យ Kindai បាននិយាយថា “អ្នករាល់គ្នាចាត់ទុក​ការ​រំលង​អាហារថ្ងៃត្រង់ ឬអាហារពេលព្រឹកជាជម្រើសដែលអាចធ្វើទៅបាន អោយតែសុខភាពរបស់ពួកគេមិនត្រូវ​ប៉ះ​ពាល់” ។

សាស្ត្រាចារ្យ Masahiko Ariji ក៏បានបន្ថែមថា នៅពេលតម្លៃអាហារឡើងថ្លៃ ដូច្នេះថវិកាគ្រួសារត្រូវរឹតត្បិត មនុស្ស​គ្រប់​គ្នាលែងមើលឃើញអត្ថប្រយោជន៍នៃការទទួលទានអាហារថ្ងៃត្រង់ពេលក្រឡេកមើលថវិកាបន្តិចបន្តួចរបស់​ខ្លួន។

កម្មករក៏មានអារម្មណ៍ថា មិនសមនឹងចំណាយប្រាក់ទទួលទានអាហារថ្ងៃត្រង់ ខណៈដែលពួកគេមិនអាចញ៉ាំអាហារ​​ជា​មួយ​អ្នកដទៃបានដោយសារជំងឺរាតត្បាត។

លោក Ariji និយាយថា ការទទួលទានអាហារជាមួយអ្នកដទៃបំពេញតម្រូវទំនាក់ទំនងសង្គមរបស់មនុស្សគ្រប់រូប ប៉ុន្តែក្រុមហ៊ុនបានស្នើឱ្យបុគ្គលិកបរិភោគដាច់ដោយឡែក។ អ្នកដែលតែងតែបរិភោគអាហារពេលល្ងាចជាមួយក្រុម​គ្រួសារមានទំនោរមិនចូលចិត្តញ៉ាំអាហារថ្ងៃត្រង់ម្នាក់ឯងទេ។

មូលហេតុ​ផ្សេងទៀតគឺថា បុគ្គលិកការិយាល័យតែងតែអង្គុយស្ងៀមមិនធ្វើចលនា អង្គុយនៅមួយកន្លែងរយៈពេល ៨ ម៉ោង ដូច្នេះប្រហែលជាទទួលទានអាហារថ្ងៃត្រង់មិនឆ្ងាញ់ទេ។

​ដោយសារ​តម្លៃ​វត្ថុធាតុដើម​នាំចូលឡើងថ្លៃតាំងពី​ឆ្នាំមុនដែល​បណ្តាលឱ្យ​តម្លៃ​កើនឡើង​។ ចាប់តាំងពីឆ្នាំនេះ ក្រុមហ៊ុនអាហារធំៗជាច្រើននៅក្នុងប្រទេស​ជប៉ុន​ក៏​បាន​ប្រកាស​ដំឡើងថ្លៃអាហារផងដែរ ដូចជា ទឹកស៊ីអុីវ អាហារក្លា​សេ ហាំ សាច់ក្រក ជាដើម។ នេះជាមូលហេតុ​ធ្វើឱ្យតម្លៃអាហារនៅភោជនីយដ្ឋានឡើងថ្លៃ។

ការស្ទង់មតិបង្ហាញថាប្រហែល ៤០% បាននិយាយថាពួកគេរំលងអាហារថ្ងៃត្រង់ព្រោះតែផលប៉ះពាល់អាហារនៅភោជនីយ​ដ្ឋាន និងហាងឡើងថ្លៃ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: