ភាពយន្តជប៉ុនដំបូងគេដែលនិពន្ធដោយ AI ចូលរួមមហោស្រពភាពយន្តខ្លី
បញ្ញាសិប្បនិមិត្ត AI កាន់តែមានភាពឆ្លាតវៃ និងត្រូវបានប្រើកាន់តែច្រើនខាងផ្នែកច្នៃប្រឌិត ជាពិសេសគឺសរសេរស្គ្រីបភាពយន្ត។
ភាពយន្តជប៉ុនដំបូងដែលសរសេរដោយ AI ក្នុងគោលបំណងបង្ហាញពីអ្វីដែល AI អាចធ្វើបាន ត្រៀមចូលរួមមហោស្រពភាពយន្តខ្លីធំក្នុងឆ្នាំនេះ។
រឿងខ្លីមានរយៈពេល ២៦ នាទីក្រោមចំណងជើងថា “Boy Sprouted” ត្រូវបានសរសេរដោយ AI ដែលមានឈ្មោះថា Furukoto និងដឹកនាំដោយ Yuko Watanabe ។ ខ្សែភាពយន្តនេះនឹងត្រូវបានបញ្ចូលក្នុងបញ្ជីមហោស្រពភាពយន្តខ្លី មួយក្នុងចំណោម LHP ធំបំផុតនៅអាស៊ី ក្រោមប្រធានបទឆ្នាំ ២០២២ “Meta Cinema” ។
រឿងនេះនិយាយពីក្មេងប្រុសម្នាក់មិនចូលចិត្តប៉េងប៉ោះ និងការខិតខំប្រឹងប្រែងរបស់ម្តាយ ដើម្បីជួយកូនឱ្យញ៉ាំប៉េងប៉ោះកាន់តែច្រើន។ ប៉ុន្តែម្តាយរបស់ក្មេងប្រុសមិនដឹងពីមូលហេតុដែលកូនប្រុសមិនចូលចិត្តញ៉ាំប៉េងប៉ោះនោះទេ។ គំនិតនេះត្រូវបានបង្កើតឡើងដោយ AI Furukoto ។
បង្កើតឡើងដោយក្រុមហ៊ុន Ales របស់ជប៉ុន Furukoto សរសេរស្គ្រីបដោយផ្អែកលើរចនាសម្ព័ន្ធ “Ki-sho-ten-ketsu” ។ នេះជាគំរូប្លង់ធម្មតា តាមការណែនាំ អភិវឌ្ឍន៍ ចំណុចកំពូល និងការសន្និដ្ឋាន។
ឈ្មោះ Furukoto មកពីពាក្យជប៉ុនបុរាណដែលមានន័យថា “រឿង” ។ Furukoto បង្កើតស្គ្រីបដោយជ្រើសរើសប្រយោគសមស្របនឹងប្រយោគសក្តានុពលមួយចំនួនដោយប្រើបច្ចេកវិទ្យាកម្មសិទ្ធិ “PSL” បង្កើតឡើងដោយក្រុម Ales ។
បច្ចេកវិទ្យា “PSL” ជាអក្សរកាត់ខ្លឹមសាររឿង “ការវិភាគអារម្មណ៍” និង “Logline – សង្ខេបរឿង” ។
Furukoto សរសេរស្រ្គីបបន្ទាប់ពីវាយតម្លៃកត្តាទាំង ៣ ខាងលើដោយប្រើក្បួនដោះស្រាយស្មុគស្មាញជាច្រើន។ វាប្រើបណ្តាញណឺរ៉ូនដដែលៗហៅថា LSTM ដើម្បីបង្កើតប្រយោគគំរូ។
បច្ចុប្បន្ននេះ Furukoto អាចសរសេរស្រ្គីបប្រហែលមួយទំព័រក្រដាស A4 ពីការសង្ខេបខ្លីៗប្រហែល ៦០ តួអក្សរ ដែលស្មើនឹងខ្សែភាពយន្តខ្លីមានរយៈពេល ៣០ នាទី។
នេះបើយោងតាមអ្នកដឹកនាំរឿង Watanabe និងផលិតករ Hiroki Tawada អ្នកដឹកនាំគម្រោងអភិវឌ្ឍន៍ Furukoto ទោះបីជាប្រព័ន្ធ AI Furukoto នៅ Ales បានបង្កើនភាពច្នៃប្រឌិតពេលសរសេរស្គ្រីប “Boy Sprouted” ស្គ្រីបនៅតែមិនអាចប្រៀបនឹងកម្រិតលម្អិតដែលសរសេរដោយមនុស្ស។
ផលិតករ Ryohei Tsutsui បាននិយាយថា រឿង “Boy Sprouted” ក៏ជាគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពិនិត្យមើលថាតើប្រសិទ្ធភាពរឿងដែលសរសេរដោយ AI រស់រវើកយ៉ាងណា ដោយមានការកែប្រែបន្តិចបន្តួចពីអ្នកដឹកនាំរឿង។
Ryohei Tsutsui នាយកក្រុមហ៊ុនផលិតភាពយន្ត Trixta បាននិយាយថា “នោះជាបញ្ហាប្រឈមដ៏ធំមួយក្នុងការបំប្លែងស្គ្រីបដែលមិនទាន់ពេញលេញទៅជាភាពយន្ត។ អ្នកដឹកនាំរឿង និងក្រុមការងារមានការលំបាកដោយសារស្គ្រីបមិនលម្អិត” ។
ដើម្បីជៀសវាងស្គ្រីបដែលសរសេរដោយ AI មិនល្អិតល្អន់ Watanabe បានពិភាក្សាជាមួយក្រុមការងារ ដោយផ្អែកលើឈុតឆាកជាជាងស្គ្រីប។ នាងបាននិយាយថា គ្រាន់តែជ្រើសរើសការសន្ទនាមិនផ្លាស់ប្តូរខ្លឹមសារ និងបរិយាកាសរឿង។
ឈុតឆាកស្ងៀមស្ងាត់ក្នុងរឿង “Boy Sprouted” បង្កើតបរិយាកាសចម្លែកសមនឹងខ្សែភាពយន្តនេះ ដែលត្រូវបានអ្នកដឹកនាំរឿងចាត់ទុកជាប្រភេទរឿងភ័យរន្ធត់។
ទោះបីជាមានរឿងខ្លីមួយចំនួនផលិតចេញពីស្រ្គីបដែលសរសេរដោយ AI ប៉ុន្តែ Hiroki Tawada បាននិយាយថា “Boy Sprouted” គឺជាភាពយន្តជប៉ុនដំបូងដែលនិពន្ធដោយបញ្ញាសិប្បនិមិត្ត ជាមួយនឹងសាច់រឿងដ៏មានអត្ថន័យ។
គាត់ក៏បានបន្ថែមថា “ខ្សែភាពយន្តពីមុន សាច់រឿងមិនស៊ីសង្វាក់គ្នា ប៉ុន្តែជាក់ស្តែង AI ជាអ្នកបង្កើតទើបគួរអោយចាប់អារម្មណ៍” ។
ក្នុងឆ្នាំ ២០១៦ ខ្សែភាពយន្តខ្លីបែបវិទ្យាសាស្រ្តប្រឌិត “Sunspring” របស់អាមេរិកជាមួយនឹងស្គ្រីបដែលបង្កើតឡើងដោយ AI Benjamin ចេញផ្សាយមានរយៈពេល ៩ នាទី។
ខណៈដែលតារាសម្ដែងចូលតួប្រកបដោយភាពជឿជាក់ ហើយលទ្ធផលធ្វើអោយរំជើបរំជួលយ៉ាងខ្លាំង ចំណែកការសន្ទនាភាគច្រើនមានភាពមិនច្បាស់លាស់។
Hitoshi Matsubara អ្នកស្រាវជ្រាវ AI ឈានមុខគេ ដែលបង្កើត Ales ក្នុងឆ្នាំ ២០១៨ បានចែករំលែកថា AI Furukoto ផ្អែកលើគំរូផ្លាស់ប្តូរ AR នឹងចាប់ផ្តើមស្រ្គីបបន្ទាប់ពី “Boy Sprouted” ។
Hitoshi Matsubara ញញឹម ហើយនិយាយថា “ក្តីស្រមៃក្រុមហ៊ុនរបស់យើងគឺយកឈ្នះពានរង្វាន់ Oscar” ។
Furukoto នៅមិនទាន់សរសេរការសន្ទនា ប៉ុន្តែអ្នកអភិវឌ្ឍន៍កំពុងខិតខំប្រឹងប្រែងរចនាបន្ថែមមុខងារនេះ ក្រៅពីសរសេរស្រ្គីបវែងល្មមដើម្បីផលិតភាពយន្តពេញលេញមួយ។
ប៉ុន្តែ Matsubara ក៏គិតដែរថាថ្ងៃណាមួយ AI នឹងឈានដល់កម្រិតច្នៃប្រឌិតដូចមនុស្ស ទោះជាយ៉ាងណា នៅតែមានភាពខុសគ្នា។
“មនុស្សគ្រប់គ្នាតែងតែមានអ្វីមួយចង់បង្ហាញ ប៉ុន្តែ AI មិនមានអារម្មណ៍ទេ។ មនុស្សតែងតែរំជួលចិត្ត ហើយមានចំណង់ចំណូលចិត្តក្នុងនាមជាអ្នកបង្កើត ប៉ុន្តែចំណុចនេះបែរជាខ្វះក្នុងស្នាដៃរបស់ AI” ។
ទោះជាយ៉ាងណា “Boy Sprouted” គឺជាសក្ខីភាពមួយចំពោះអ្វីដែល Furukoto អាចសម្រេចបានក្នុងរយៈពេលប្រហែល ៤ ឆ្នាំអភិវឌ្ឍន៍ ហើយការប្រើប្រាស់ AI ក្នុងវិស័យកំសាន្តទើបតែចាប់ផ្តើមប៉ុណ្ណោះ។
Watanabe ចែករំលែកថា “តាមរយៈរឿងនេះ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាទទួលបានអារម្មណ៍ថាជម្រើសគ្មានដែនកំណត់ក្នុងជីវិត” ។
yuki